- 2017-09-04 06:49:01
- ការអប់រំ
ផ្លូវមរណៈទាំង ១២លើលោក អាចឆក់យកជីវិតមួយរំពេច បើប្រហែសតែបន្តិច
- 2017-09-04 06:49:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្លូវមរណៈទាំង ១២លើលោក អាចឆក់យកជីវិតមួយរំពេច បើប្រហែសតែបន្តិច
ចន្លោះមិនឃើញ
អ្នកបើកបរ ឬអ្នកជិះ តែងតែសប្បាយរីករាយនៅពេលឃើញផ្លូវធ្វើដំណើរមានភាពធំទូលាយ រាបស្មើល្អ ចាក់កៅស៊ូយ៉ាងរឹងមាំ និងមានគំនូសសញ្ញា របាំងផ្លូវត្រឹមត្រូវ ប៉ុន្តែបើផ្លូវនោះខ្ពស់ ចោត និងមិនមានរបាំងផ្លូវវិញ អ្នកបើកបរប្រាកដជាព្រលឹងចុងសក់មិនខាន។ ឥឡូវមកស្គាល់ផ្លូវគ្រោះថ្នាក់បំផុតទាំង ១២នៅជុំវិញពិភពលោក ដូចខាងក្រោម៖
១. ផ្លូវហាយវ៉េ Dalton ក្នុងរដ្ឋអាឡាស្កា សហរដ្ឋអាមេរិក
ផ្លូវនេះមានប្រវែងប្រមាណ ៣៨៦គីឡូម៉ែត្រ នៅក្នុងព្រៃ កាត់ភ្នំចុះឡើង គ្មានបង្គោលប្រាប់ទិស គ្មានរបារចំណាំផ្លូវ ពេលព្រិលធ្លាក់ម្ដងៗបាំងផ្លូវជិត បើកបរទាំងប្រថុយប្រថាន។ ផ្លូវរហោឋានដ៏វែងនេះ មិនមានស្ថានីយចាក់ប្រេង ភោជនីយដ្ឋាន សណ្ឋាគារ ឬសេវាជួសជុលអ្វីឡើយ។
២. ផ្លូវ Atlantic ទីក្រុង Averoey ប្រទេសន័រវែស
ផ្លូវនេះត្រង់ចំណុចឆ្លងសមុទ្រចោត និងកោងខ្លាំងណាស់។ ពេលព្យុះ ឬមេឃភ្លៀងម្ដងៗ មានរលកធំៗបោកបក់ផ្ទប់ជាមួយផ្លូវ។
៣. ផ្លូវ North Yungas ប្រទេសបូលីវី
ផ្លូវហាយវ៉េនេះ កោងខ្លាំងតាមចង្កេះភ្នំខ្ពស់ បើកជ្រុលបន្តិចអាចធ្លាក់ជ្រោះដ៏ខ្ពស់។ ក្នុងមួយឆ្នាំៗ អ្នកបើករថយន្ត និងអ្នកជិះកង់ប្រមាណ ៣០០នាក់ធ្លាក់ផ្លូវចុះពីភ្នំកម្ពស់ប្រមាណ ៣គីឡូម៉ែត្រចូលទៅក្នុងព្រៃ។
៤. ផ្លូវ Stelvio Pass ប្រទេសអ៊ីតាលី
ផ្លូវនេះកាច់កុងដូចពស់វេនចំនួន ៤៨ដងលើភ្នំកម្ពស់ ២,៧គីឡូម៉ែត្រ។
៥. ផ្លូវ Guoliang Tunnel ប្រទេសចិន
ផ្លូវនេះកើតចេញពីការលុងកាត់ជាយៗភ្នំ Taihang របស់អ្នកភូមិកាលពីជាង ៤០ឆ្នាំមុន ដោយពួកគេបានចំណាយពេលជាង ៥ឆ្នាំ ដើម្បីបញ្ចប់ផ្លូវរូងប្រវែង ១,២គីឡូម៉ែត្រ។
៦. ផ្លូវ Skipper's Canyon នៅនូវែលហ្សេឡង់
ផ្លូវនេះគ្រោះថ្នាក់បំផុតសម្រាប់អ្នកជិះម៉ូតូ និងត្រូវមានការអនុញ្ញាតជាមុនពេលឆ្លងកាត់។ ផ្លូវនេះកាច់កុងដោយសារអ្នកជីករ៉ែកាលពីចុងសតវត្សទី ១៩។
៧. ផ្លូវ Zoji Pass ប្រទេសឥណ្ឌា
ផ្លូវនេះស្ថិតនៅតាមជួរភ្នំហិម៉ាឡៃ ស្ថិតនៅកម្ពស់ ៣,៣គីឡូម៉ែត្រពីកម្រិតទឹកសមុទ្រ គ្មានបង្កាន់ដៃផ្លូវ និងគ្មានគំនូសពុះទ្រូងផ្លូវ។ ការបាក់ដីតែងតែកើតមានជាញឹកញាប់។
៨. ផ្លូវ Karakoram នៅតាមព្រំដែនចិន និងប៉ាគីស្ថាន
ផ្លូវនេះជាប់ចំណាត់ថ្នាក់ជាផ្លូវរថយន្តខ្ពស់បំផុតក្នុងលោកគឺ ៤,៨គីឡូម៉ែត្រ។ នៅពេលសាងសង់ផ្លូវនេះ កម្មករជាង ៩០០នាក់បានបាត់បង់ជីវិតដោយសារការបំផ្ទុះថ្ម និងធ្លាក់ថ្មលើ។
៩. ផ្លូវ Highway 1 នៅរដ្ឋផ្លរីដា សហរដ្ឋអាមេរិក
ផ្លូវនេះជាប់ជាផ្លូវគ្រោះថ្នាក់បំផុតនៅអាមេរិក ព្រោះវាមានអត្រាអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ខ្ពស់បំផុត គឺ ១ ០៧៩នាក់ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ។
១០. ផ្លូវ Million Dollar នៅរដ្ឋខូឡូរ៉ាដូ សហរដ្ឋអាមេរិក
ផ្លូវនេះស្ថិតនៅតាមចង្កេះភ្នំ និងចំណុចខ្លះខ្ពស់រហូតដល់ ៣គីឡូម៉ែត្រផ្លូវកោងកាច់កុង មិនមានរនាំងបាំងផ្លូវ។
១១. ផ្លូវតាមឆ្នេរនៅប្រទេសក្រូអាត
ផ្លូវតាមឆ្នេរ Adriatic ជាផ្លូវតូចចង្អៀត នៅតាមជម្រាលខ្ពស់ៗ និងមិនមានរបាំងផ្លូវឡើយ។
១២. ផ្លូវ Jalalabad នៅអាហ្វហ្គានីស្ថាន
ផ្លូវនេះរត់កាត់ទីក្រុង Kabul Gorge មានភាពតូចចង្អៀត និងមានអ្នកស្លាប់ជារៀងរាល់ថ្ងៃ៕