- 2018-02-13 04:03:59
- សេដ្ឋកិច្ច
ទំនងប្លែក! ទិញក៏បាន ដូរក៏បាន
- 2018-02-13 04:03:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទំនងប្លែក! ទិញក៏បាន ដូរក៏បាន
ចន្លោះមិនឃើញ
«ឪឡឹក ពោត ស្ករស ប៊ីចេង លក់ក៏លក់ ដូរក៏ដូរ!» នេះគឺជាសំឡេងបន្លឺចេញពីឧគ្ឃោសនសព្ទភ្ជាប់នឹងរ៉ឺម៉កម៉ូតូមួយគ្រឿងផ្ទុកទៅដោយពោត ឪឡឹក ដែលខ្ចប់ដាក់ថង់រួចជាស្រេចរួមជាមួយនឹងបណ្ដាគ្រឿងទេសមួយចំនួនទៀត។
លោក ពេញ ស្រឿន អ្នករស់នៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ដឹកទំនិញទាំងនេះមកលក់ និងដូរស្រូវជាមួយប្រជាពលរដ្ឋតាមបណ្ដាភូមិឃុំនានា នៅស្រុកក្រឡាញ់ និងអង្គរជុំ ខេត្តសៀមរាបជារៀងរាល់ថ្ងៃ។
ទោះបីជារបៀបធ្វើជំនួញនេះមានលក្ខណៈប្លែកបន្ដិចក្ដី ក៏ប៉ុន្ដែលោក ពេញ ស្រឿន ឲ្យដឹងថា ធ្វើបែបនេះស្របទៅនឹងបែបផែនរស់នៅរបស់អ្នកស្រុកស្រែចម្ការឆ្ងាយពីទីប្រជុំជន។
លោកបញ្ជាក់ថា ប្រជាជនរស់នៅជនបទ មិនសូវមានប្រាក់សម្រាប់ទិញទំនិញនោះទេ ប៉ុន្តែមានស្រូវអង្ករក្នុងជង្រុក ហើយម្យ៉ាងនៅតំបន់នោះភាគច្រើនអ្នកភូមិដោះដូរជាស្រូវផង។
លោក ពេញ ស្រឿន ឲ្យដឹងបន្ថែមថាៈ «បើលក់យកតែលុយច្បាស់ជាគ្មានអ្នកទិញទេបងអើយ ដូច្នេះមានតែលៃលកដូរជាស្រូវ អង្ករពីពួកគាត់ដើម្បីយកទៅលក់នៅផ្សារដូរជាលុយវិញ ជាទូទៅឪឡឹកមួយថង់មានចំនួនចន្លោះពី៣ទៅ៥ផ្លែ ឯពោតក្នុងមួយថង់មានចំនួន១៧ផ្លែ ខ្ញុំលក់ក្នុងតម្លៃ ៥៥០០រៀលក្នុងមួយថង់ តែបើដូរជាស្រូវវិញមួយថង់ខ្ញុំដូរស្រូវមួយជាលមានទម្ងន់ប្រហែល ៦គីឡូក្រាម»។
ចំពោះស្រូវដែលលោក ពេញ ស្រឿន ទទួលបានពីការដោះដូរពោត ឪឡឹក និងគ្រឿងទេសផ្សេងៗនោះ លោកយកទៅលក់នៅផ្សារក្រឡាញ់ ដោយក្នុងមួយគីឡូក្រាមមានតម្លៃ ៩០០រៀល។
អ្នកទិញម្នាក់គឺអ្នកស្រី គួយ រឿន អ្នកស្រុកក្រឡាញ់ លើកឡើងថាការលក់ដូររបៀបនេះជួយសម្រួលដល់ប្រជាពលរដ្ឋដែលមិនសូវមានប្រាក់។ អ្នកស្រីបន្ថែមថាៈ «ពួកខ្ញុំចាស់ៗនៅក្នុងភូមិ ធ្វើតែស្រែ មិនមានប្រាក់ទេ មានតែស្រូវ បានដូរបែបនេះស្រួល»។
ក្នុងមួយថ្ងៃលោក ពេញ ស្រឿន ត្រូវធ្វើដំណើរលក់ទំនិញ ដូរស្រូវ ជាង ១០០គីឡូម៉ែត្រពីផ្ទះហើយបើទូទាត់ទៅក្នុងមួយខែលោកថាបានចំណេញចន្លោះពី៣០ម៉ឺនទៅ៤០ម៉ឺនរៀល។ ទោះបីជាចំណេញមិនសូវច្រើន តែលោកថាប្រសើរជាងទៅធ្វើការឲ្យគេឬចំណាកស្រុកទៅបរទេស៕
ចុចអាន៖