• 2018-02-20 02:45:47
  • ព័ត៌មាន

ហេតុ​ផលពី​រយ៉ាង​ ទំនងអាចធ្វើ​ឲ្យ​របរ​ចាក់​កងដៃនៅ​ខេត្ត​កែប​បាត់បង់​នៅ​ថ្ងៃ​មុខ

  • 2018-02-20 02:45:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របរ​ចាក់​កង​ដៃ​លក់​នៅ​តាម​ឆ្នេរ​កែប​របស់​អ្នក​ខេត្ត​កែប​មួយ​ចំនួន​អាច​បាត់​បង់​នៅថ្ងៃ​អនាគត ដោយ​ហេតុ​ផល​ថា​យុវជន​ជំនាន់​ក្រោយ​មិន​សូវចូល​ចិត្ត​របរ​នេះ និង​ម្យ៉ាង​ទៀត​វត្ថុធាតុ​ដើម​កាន់តែ​ខ្សត់​ពិបាក​រក។​

អ្នក​ទេស​ចរ​ទៅ​លេង​ខេត្ត​កែប​ ប្រាកដ​ជា​បាន​ឃើញ​អ្នក​លក់​មួយ​ចំនួន​បាន​ទូល ឬដាក់​លើ​រ៉ឺម៉ក​លក់​វត្ថុ​អនុស្សាវរីយ៍​ប្រភេទ​កង​ដៃ​ចាក់​នេះ។ កង​ដៃ​ប្រ​ភេទធ្វើ​ពី​វល្លិ និង​ស្មៅ​ជើង​ក្រាស។

(កងដៃ​ដែល​ទើប​ផលិត​បាន​ដោយ​អ្នកស្រី​ យ៉ែម ភា)

អ្នក​ស្រី​ យ៉ែម ភា រស់​នៅសង្កាត់​កែប ក្រុង​កែប ដែលបាន​បន្ត​ការងារ​នេះ​ពី​ម្តាយ​ក្មេង​រយៈ​បី​ឆ្នាំ មក​ហើយ​លើក​ឡើងថាក្រៅពី​ធ្វើ​ស្រែ​ចម្ការ អ្នកស្រី​ចាប់​យក​របរនេះ​ដើម្បី​រក​ចំណូល​បន្ថែម។ ក្នុង​មួយ​ថ្ងៃ​អ្នកស្រីថា​ អាច​ចាក់​កង​ដៃបាន​ចន្លោះពី​៥០​ទៅ​៧០​កង។ អ្នក​ស្រី​បាន​លក់​បោះ​ដុំ​ឲ្យ​ម៉ូយ​យកទៅ​លក់​បន្ត​ទៀត ដោយ​ថា​ក្នុង​មួយ​១០០​កង​បាន​តម្លៃចន្លោះពី​១២ ០០០ ទៅ​១៥ ០០០​រៀល តែ​ថា​នៅ​មុន​រដូវ​ចូល​ឆ្នាំចិន​ចូល​មក​ដល់ លក់​ឲ្យ​ឈ្មួញ​វៀតណាម​បាន​តម្លៃ​ចន្លោះពី​១៨ ០០០រៀល ទៅ​២ម៉ឺន​រៀល។

​កង​ដៃ​នេះ​អ្នកស្រីថា​ធ្វើពី​វល្លិពីរ​ប្រភេទ​ បូកជាមួយ​នឹង​ស្មៅជើងក្រាស ដែល​ថា​វល្លិ​ត្រូវពុះជាចម្រៀក និង​បិត​ឲ្យ​ស្តើង​មុន​នឹង​យកទៅ​រុំ​លើ​ឈើ​មូល​ រួចយក​ទៅ​រោល​ភ្លើង​ដើម្បី​ឲ្យ​វល្លិមាន​រាង​កោង​ ហើយ​មូល ទើប​យក​ចាក់​ចេញ​ជា​កងដៃ​បាន។​

( (វល្លិបិត​រួច​ត្រៀម​យក​ទៅរុំ​នឹង​ដុំឈើ​មូល​ដើម្បី​រោល​ភ្លើង និងយក​មក​ចាក់ជាកងដៃ)

និយាយ​ដល់​ចំណុច​នេះ អ្នកស្រី​​ទម្លាក់​សំឡេង​បន្តិច រួច​បន្ត​ថា​របរនេះទំនង​ជាមិន​ស្ថិតស្ថេរយូរទេ ដោយ​ថា​ក្មេង​ៗជំនាន់​ក្រោយចូលចិត្ត​ទៅធ្វើការ​រោងចក្រជាង​ធ្វើការ​ងារនេះ​។ មួយ​វិញ​ទៀត អ្នកស្រី​ថា​វល្លិ​ក៏​ពិបាក​រក​ដែរ​នៅពេលនេះ ដោយ​ថា​វល្លិ​មិន​សូវ​សំបូរ និង​ត្រូវ​ធ្វើ​ដំណើរ​ឆ្ងាយ​ពី​ផ្ទះ ដោយ​ត្រូវ​ជិះ​ទូក​មួយ​ម៉ោង​ទើប​ទៅ​ដល់។ ប្រ​ភេទ​វល្លិ​ទាំងនេះ​កាន់​តែ​ខ្សត់​ អ្នកស្រីថា​ដោយសារ​តែវល្លិនេះ​មិន​អាច​ដាំបាន​នៅ​តាម​ស្រុក​ភូមិ ហើយ​ចំនួន​អ្នក​រក​ក៏​មាន​ច្រើន និង​ម្យ៉ាងថា​កត្តា​ភ្លើង​ឆេះព្រៃក៏​រួមចំណែក​ធ្វើ​ឲ្យ​វល្លិ​ប្រ​ភេទនេះ​កាន់​តែខ្សត់ទៅផងដែរ។

អ្នកស្រី​បន្ថែមថាៈ « កាល​មុន​មាន​នៅ​ភ្នំក្បែរ​នេះ​ ឥឡូវ​ត្រូវទៅឆ្ងាយ​ ដល់​កោះ​ពោធិ៍​​​ ជួនទៅព្រឹក​​វិលល្ងាច ដេក​១យប់​២យប់​... ទៅគ្នី​គ្នា​ទៅ​ជា​មួយ​ជួន​២នាក់ ៣នាក់ ឬ ៦នាក់ បើអស់​ពីកោះពោធិ៍​នេះមាន​តែ​ទៅ​ឆ្ងាយៗ​ បើ​អស់​កន្លែង​ហ្នឹងរកកន្លែង​ផ្សេង​ បើ​ឆ្ងាយ​លែង​មាន​សមត្ថភាព​រក​ដល់​ យើង​មាន​តែ​ឈប់​ (ហើយ)រក​មុខរបរ​អ្វីផ្សេង​ជំនួស​......នារី​បច្ចុប្បន្ន​មាន​ទំនោរ​ធ្វើ​ការ​រោង​ចក្រ​មាន​លុយ​ដុំ ជាង​ប្រកប​ការ​ងារ​នេះ​ដែល​ជា​លុយរា​យ»។

ក៏មាន​ដែល​បញ្ហា​មួយ​ទៀត​គឺ​ការ​​មិនទុក​ចិត្ត​ពី​សំណាក់​ភ្ញៀវទេសចរ​ ថា​កង​ដៃ​ចាក់នេះ​មិន​មែន​ធ្វើ​ឡើង​ដោយ​អ្នក​ខេត្ត​កែប តែ​ថា​យកពី​ខេត្ត​សៀមរាប​មក​លក់ទៅ​វិញ។ នេះ​បើ​តមា​ការ​លើក​ឡើង​របស់​អ្នកស្រី ឡេង គន្ធា អ្នកឡើក​កង​ដៃ​លក់​បន្ត។

អ្នកស្រី​បន្តថាៈ «តាម​ពិត​កងដៃនេះ​ផលិត​ដោយ​អ្នកខេត្ត​កែប តែគេឃើញ​មាន​លក់​ច្រើន​នៅ​សៀម​រាប ភ្ញៀវមួយចំនួនថា​យើង​យកពី​សៀម​រាប»។

សម្រាប់​តម្លៃ​លក់​បន្ត អ្នកស្រី ឡេង គន្ធា ថា​ក្នុង​១០​កង​ ថ្លៃ ចន្លោះពី​៣ ០០០ ទៅ​៥ ០០០​រៀល៕ ​​​​

អត្ថបទដោយ៖ គីម សាយ

មតិយោបល់