• 2018-07-10 08:45:39
  • សេដ្ឋកិច្ច

មជ្ឈមណ្ឌល "សូត្រខ្មែរ" ដំបូងបង្អស់ បង្ហាញខ្លួននៅសាកលវិទ្យាល័យ១នៅភ្នំពេញ

  • 2018-07-10 08:45:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ ​ដង្កូវនាង​ផលិត​សូត្រ​ខ្មែរ​ដំបូង​បង្អស់​នៅ​កម្ពុជា​ គ្រោង​នឹង​បញ្ចប់​ជា​ស្ថាពរ​ក្នុង​ពេល​ឆាប់​ៗ​នេះ​។ គម្រោង​នេះ ​បាន​សាងសង់​នៅ​ក្នុង​បរិវេណ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ក្រោម​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន​ប្រមាណ​ ៩ម៉ឺន​ដុល្លារ។

រូបគំរូ

លោក​បណ្ឌិត ​ម៉ី កល្យាណ ជាអ្នក​ដឹកនាំ​គម្រោង​ និង​​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ លើកឡើងថា​ ការ​បង្កើត​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​នេះ នឹង​ជួយ​លើ​ស្ទួយ​ជីវភាព​កសិករ ​ជាពិសេស​ស្ត្រី​ខ្មែរ​កំពុង​ប្រកប​របរ​ត្បាញ​សូត្រ​ ឲ្យ​ឆ្លើយ​​តប​នឹង​តម្រូវ​ការ​សូត្រ​ខ្មែរ​។

លោកបណ្ឌិត ​ម៉ី កល្យាណ

កត្តាម្យ៉ាង​ទៀត ដោយសារប្រទេស​ធំៗធ្លាប់ផលិតសូត្រ ដូចជា ជប៉ុន កូរ៉េ ចិន និង​ ថៃ​ ជាដើម​គេលែង​ធ្វើ​ហើយ​ ងាក​ទៅ​រក​ផលិតកម្មផ្សេង​ដែល​ចំណេញ​ច្រើន​ជាង​ព្រោះតម្លៃពលកម្ម​ខ្ពស់​។ វា​ជា​ឱកាស​សម្រាប់​ខ្មែរ​យើង ដែល​ត្រូវ​ធ្វើ​ឧស្សាហកម្ម​នេះ​ឲ្យ​បាន ព្រោះ​យើង​នៅ​មាន​ថ្លៃ​ផលិតកម្ម​ទាប​។ លោក​បណ្ឌិតបន្ថែម។

សំណង់សាងសង់នៅក្នុង​បរិវេណ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​

​លោក​បណ្ឌិត ​ថ្លែង​ប្រាប់​អ្នក​សារព័ត៌​មាន​​ថា គម្រោង​សាងសង់​បាន​ជំនួយ​ធំ​ពី​រដ្ឋាភិបាល​ជប៉ុន ប៉ុន្តែ​ក្នុង​នោះ​ក៏​មានការ​ចំណាយ​ពី​សាកល​វិទ្យាល័យ​ផង​ដែរ​។ យើង​រំពឹង​ថា មជ្ឈ​មណ្ឌល​នេះ នឹង​ចំណែក​ចូលរួម​អភិវឌ្ឍ​សហគមន៍​មូលដ្ឋាន​ ព្រោះ​យើង​មាន​ធនធាន​មនុស្ស​គ្រប់គ្រាន់​សម្រាប់​ការងារ​ក្នុង​ខ្សែ​ចង្វាក់​ផលិតកម្ម​សូត្រ​នេះ យើង​មាន​​ផ្ទៃដី​ដាំ​ដើម​មន​លើ​ ប្រមាណ​១១ ហិកតា​នៅ​ខេត្ត​កំពង់ស្ពឺ និង​មាន​រោង​សម្រាប់​ចិញ្ចឹម​ដង្កូវនាង​ដែល​ទើប​ចាប់​ផ្តើម​ដំណើរការ​។ តែ​អ្វី​ដែល​សំខាន់​ទៀត​នោះ​ គឺ​យើង​​ត្រូវការ​ចូល​រួម​ពី​សហគមន៍​មូលដ្ឋាន​ផង​ដែរ​។

ក្រៅពីនេះ និស្សិត​នៃ​ដេប៉ាតឺម៉ង់​ជីវវិទ្យា​ នៃ​សាកល​វិទ្យាល័យ​ភូមិន្ទភ្នំពេញ​ បាន​កំពុង​ស្រាវជ្រាវ​ និង​រក​ឃើញ​នូវ​វិធី​សាស្រ្ត​ចិញ្ចឹម​ដង្កូវនាង​ មាន​សុខភាព​ល្អ​ និង​ប្រកប​ដោយ​គុណភាព​ សម្រាប់​ផ្គត់ផ្គង់​ដល់​អ្នក​ប្រកប​អាជីវកម្ម​សូត្រ​ខ្មែរ​ទ្រង់ទ្រាយ​តូច​ៗ​នៅ​តាម​សហគមន៏​។​

សត្វដង្កូវនាង

​គួរបន្ថែមថា​ វិស័យ​សូត្រ​របស់​កម្ពុជា​ស្ទើរ​តែ​ផុត​ជីវិត​ទៅ​ហើយ ​ដោយសារ​តែ​វា​ត្រូវ​បាន​​គេ​ទុកចោល​មិន​អភិវឌ្ឍ ហើយ​មាន​តែ​កសិករ​តិចតួច​ប៉ុណ្ណោះ​ដែល​បន្ត​កិច្ចការ​ដាំដុះ​មក​សម្រាប់​សិប្បកម្ម​ជា​លក្ខណៈ​គ្រួសារ​។ ជា​មួយ​គ្នា​នោះ ​​កម្ពុជា​បាន​នាំ​ចូល​សូត្រ​យ៉ាង​ហោច​ណាស់​ ៤០០ ​តោន​ក្នុង​មួយ​ឆ្នាំ​ដែល​មាន​តម្លៃ​ ៣០ ​លាន​ដុល្លារ​៕

អត្ថបទ៖ ស៊ិន សាវ៉េត

រូបភាព៖ មជ្ឈមណ្ឌលសូត្រ-Silk Center RUPP

មតិយោបល់