- 2018-08-09 02:05:09
- សេដ្ឋកិច្ច
វិស័យឧស្សាហកម្ម ផ្ដល់ប្រាក់ចំណូលប៉ុន្មាន ដល់អ្នកខេត្តស្វាយរៀង?
- 2018-08-09 02:05:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិស័យឧស្សាហកម្ម ផ្ដល់ប្រាក់ចំណូលប៉ុន្មាន ដល់អ្នកខេត្តស្វាយរៀង?
ចន្លោះមិនឃើញ
ថ្វីបើសណ្ឋានដីមិនសូវអំណោយផលចំពោះវិស័យកសិកម្មបន្តិចមែន ប៉ុន្តែបើក្រឡេកមើលការវិនិយោគនៅក្នុងខេត្ត ពិសេសវិស័យកាត់ដេរ និងដេរស្បែកជើងនៅខេត្តស្វាយរៀងបានផ្ដល់ប្រាក់ចំណូលយ៉ាងច្រើនដល់ប្រជាពលរដ្ឋក្នុងមួយខែៗ។
ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងបានថ្លែងឱ្យដឹងកាលពីពេលថ្មីៗនេះថា វិស័យឧស្សាហកម្មកាត់ដេរ និង ដេរស្បែកជើងនៅក្នុងខេត្តស្វាយរៀងបានផ្ដល់ប្រាក់ចំណូលប្រមាណ ១២លានដុល្លារអាមេរិកក្នុងខែ និងផ្ដល់ការងារដល់កម្មករ-កម្មការិនីជាង៦ម៉ឺននាក់ ខណៈខេត្តមានតំបន់សេដ្ឋកិច្ចចំនួន១១ កន្លែង ៨កន្លែងកំពុងដំណើរការ និងរោងចក្រសហគ្រាសចំនួន ១៧៥កន្លែង។
“កាលពីឆ្នាំ២០១៣ ស្វាយរៀងមានតំបន់សេដ្ឋកិច្ចត្រឹមតែ៣កន្លែងប៉ុណ្ណោះ រោងចក្រ សហគ្រាសឯកជនមាន៨៤កន្លែង និងមានកម្មករ-កម្មការិនីបម្រើការងារត្រឹម ៣ម៉ឺននាក់ប៉ុណ្ណោះ បច្ចុប្បន្នគឺបានកើនឡើងដល់៦ម៉ឺននាក់ គឺមានការកើនឡើងលើសពី៥០% ដែលនេះគឺជាជោគជ័យមួយក្នុងអាណត្តិទី៥នេះ”។
ខេត្តស្វាយរៀងកំពុងពង្រីកវិសាលភាពផ្នែកសេដ្ឋកិច្ចរបស់ខ្លួន ខណៈខេត្តនេះមានប៉ូលសេដ្ឋកិច្ចធំចំនួនពីរកន្លែងគឺក្រុងស្វាយរៀង និងក្រុងបាវិត ដែលជាច្រកចេញចូលយ៉ាងសំខាន់សម្រាប់ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងទាក់ទាញការវិនិយោគតំបន់សេដ្ឋកិច្ចពិសេស។ នេះបើតាមការលើកឡើងរបស់ឯកឧត្ដម ម៉ែន វិបុល។
តំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិតក៏បានទាក់ទាញប្រភេទឧស្សាហកម្មធន់ធ្ងន់ដូចជាការ ដំឡើងសម្ភារៈអេឡិចត្រូនិក គ្រឿងដង្គុំអគ្គិសនី គ្រឿងបន្លាសរថយន្ត ពិសេសរោងចក្រឡើងរថយន្តរបស់ក្រុមហ៊ុនកូរ៉េ ដែលបានផ្ដល់ការងារដល់ប្រជាពលរដ្ឋខ្ទង់ម៉ឺននាក់។
ក្រៅពីតំបន់សេដ្ឋកិច្ចពិសេស ខេត្តមានសណ្ឋាគារ និងភោជនីយដ្ឋានចំនួន២៥ កាស៊ីណូ២៣ គ្រឹះស្ថានធនាគារ និង មីក្រូហិរញ្ញវត្ថុ៥៥ ក្រុមហ៊ុនអចលនទ្រព្យ៣ ក្រុមហ៊ុនសំណង់៤ ក្រុមហ៊ុនសន្តិសុខ៤ ក្រុមហ៊ុនដឹកជញ្ជូន៣ និងសិប្បកម្មផ្ទះសំណាក់ផ្សេងៗសរុប៤៥។ ឯកឧត្ដម ម៉ែន វិបុល ឱ្យដឹងទៀតថា ទាំងអស់នេះហើយ បានធ្វើឲ្យប្រជាពលរដ្ឋខេត្តស្វាយរៀង កំពុងទទួលបានផលប្រយោជន៍ដោយផ្ទាល់ និងប្រយោលយ៉ាងច្រើនពីការវិនិយោគទាំងនេះ៕