• 2018-09-27 08:04:00
  • ចរាចរណ៍

ក្រុម​គ្រួសារ​ គ្រូ​បង្វឹក​ឆ្កែ​របស់​កម្ពុជា​ល្បី​ពិភពលោក បុកពោះ​សារ​ថ្មី​ ក្រោយ​គ្រូពេទ្យ​ប្រាប់​ឲ្យ​វះកាត់​ឆ្អឹងខ្នង​ឡើងវិញ

  • 2018-09-27 08:04:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​គ្រួសារ​ លោក ហ៊ិន រតនា គ្រូ​បង្វឹក​ឆ្កែ​របស់​កម្ពុជា ល្បី​លំដាប់​ពិភពលោក បាន​សម្ដែង​ការ​ព្រួយបារម្ភ​ ក្រោយ​ពី​ក្រុម​គ្រូពេទ្យ​ថៃ ស្នើ​ឲ្យ​គ្រួសារ​ រតនា សម្រេច​ចិត្ត​វះកាត់​ឆ្អឹង​ខ្នង​សារ​ថ្មី ដែល​អាច​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ច្រើន​ដូចជា ខ្វិន ឬ​ពិការ ជាដើម។ ការ​វះកាត់​នេះ​នឹង​ចំណាយ​ប្រាក់​ខ្ទង់​ជិត ១ម៉ឺន​ដុល្លារ​ថែម​ទៀត ដោយ​មិន​រាប់​បញ្ចូល​ថ្លៃ​ការ​ព្យាបាល​ផ្សេងៗ​ឡើយ។

លោក​ ហ៊ិន រតនា បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃ​ទី ២៥ ខែ​សីហា ហើយ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ថៃ កាល​ពី​ថ្ងៃ​ទី ៣១ សីហា ២០១៨ កន្លង​ទៅ ដោយ​ស្ថានភាព​បាន​ដឹង​ខ្លួន​ឡើង​វិញ​ហើយ ប៉ុន្ដែ បញ្ហា​ទឹក​ដក់​នៅ​ក្នុង​ខួរ​ឆ្អឹង​នៅ​តែ​ជា​បញ្ហា​ប្រឈម​ ដូច្នេះ​ក្រុម​គ្រូពេទ្យ​ថៃ បាន​ស្នើ​វះកាត់​សារ​ជាថ្មី ដោយ​បាន​កំណត់​ថ្ងៃ​នៅ​សប្ដាហ៍​ក្រោយ​នេះ។

លោក ខ្លេង សុខហ៊ ត្រូវ​ជា​បង​ថ្លៃ​លោក​រតនា បាន​ប្រាប់​ Sabay នៅ​មុន​នេះ​ថា ក្រុម​គ្រួសារ​មាន​ការ​ព្រួយបារម្ភ​ចំពោះ​ស្ថានភាព​ រតនា ម្ដង​ទៀត ព្រោះ​ថា ការ​វះកាត់​សារ​ជាថ្មី​នេះ អាច​ប៉ះពាល់​ច្រើន​ដែរ ប្រសិន​បើ​មិន​ជោគជ័យ​អាច​គ្រោះ​ថ្នាក់​ដូចជា ខ្វិន ឬ ពិការ​ ព្រោះ​បញ្ហា​ឆ្អឹង​ខ្នង ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ប្រាសាទ។

លោកបន្ថែម​ថា ក្រោយ​ពីពិនិត្យ MRI ចុងក្រោយក្រុម​គ្រូពេទ្យ​ជំនាញផ្នែកខួរក្បាល និងខួរឆ្អឹងខ្នងបានបញ្ជាក់ថា រតនា​ត្រូវចាំបាច់វះឆ្អឹងខ្នងម្តងទៀត ដើម្បីកុំឲ្យមេរោគទៅដល់ខួរក្បាល។

ចុចអាន៖ មក​ដឹង​នីតិវិធី​ ចូលរួម​មូលនិធិ​ជួយ​ព្យាបាល​រតនា គ្រូ​បង្វឹក​ឆ្កែ​នៅខ្មែរ ល្បី​លំដាប់​អន្តរជាតិ

រូប​នៅ​ចំកណ្ដាល គឺ​លោក ខ្លេង សុខហ៊ ត្រូវ​ជា​បងថ្លៃ​ លោក​រតនា ក្នុង​សន្និសីទ​សារព័ត៌មាន ប្រកាស​បើក​​ទទួល​មូលនិធិ​ព្យាបាល​រតនា នៅ​ TLJ កាល​ពី​ថ្ងៃ​ទី ១៧ ខែកញ្ញា កន្លង​ទៅ​ថ្មីៗ​នេះ​

ការ​ប្រឈម​សេដ្ឋកិច្ច​ចេះ​តែ​មាន​ហើយ​ប្អូន តែ​គ្រួសារ​ក៏​រអៀស​ចិត្ត​គេ​ដែរ តែ​ថ្លៃ​ចំណាយ​វះកាត់​សប្ដាហ៍​ក្រោយ​នេះ​ខ្ទង់​ជិត​១ម៉ឺន​ដុល្លារ​ទៀត ហើយ​ការ​ព្យាបាល​នៅ​ប្រើ​រយៈពេល​យូរ​អង្វែង។ ឥលូវ​អាណិត​ក្មេង​ៗ គ្នា​នៅ​តូច​ឪពុក​ឈឺ អត់​មាន​អ្នក​ជំហរ​រក​ប្រាក់​ផ្គត់ផ្គង់​គ្រួសារ​ដូច​មុន​ទេ"។ លោក ខ្លេង សុខហ៊ និយាយ។

លោក​ ហ៊ិន​ រតនា គឺជា​កូន​ខ្មែរ-អាមេរិក​កាំង​ ដែល​បាន​កើត​នៅ​ប្រទេស​កម្ពុជា បាន​ធំ​ឡើង​ហើយ​ទទួល​បាន​ការ​អប់រំ​ និង​ការ​បណ្ដុះបណ្ដាល​លើ​វិស័យ​បង្ហាត់​សត្វ​សុនខ (ឆ្កែ) នៅ​លើ​ទឹក​ដី​សហរដ្ឋអាមេរិក ហើយ​ជា​បន្តបន្ទាប់​ លោក​រតនា បាន​ចូល​កម្មវិធី​ពិសេសៗ​ជាច្រើន រហូត​ល្បីល្បាញ​ជា​លក្ខណៈ​អន្តរជាតិ​លើ​ការ​បង្ហាត់​សុនខ។ បច្ចុប្បន្ន​នេះ លោក​រតនា មាន​កូន​ពីរ​នាក់ គឺ​ប្រុស១​ និង​ស្រី១។ កូន​ប្រុស​របស់​គាត់​មាន​អាយុ ២ឆ្នាំ និង​កូន​ស្រី​មាន​អាយុ ១ឆ្នាំ។

ចុចអាន៖ គ្រោះថ្នាក់ចរាចរណ៍មួយ៖ ព្យាបាល​អស់​ប្រាក់​ជិត ៧ម៉ឺន​ដុល្លារ​ហើយ តែ​ស្ថានភាព​លោក​គ្រូ​បង្វឹក​ឆ្កែ​កម្ពុជា​​ល្បី​ពេញ​ពិភពលោក​ នៅតែ​ធ្ងន់

លោក ហ៊ិន រតនា, ភរិយា និង កូន ប្រុស-ស្រី

ប៉ុន្ដែ​ជា​អកុសល្យ កាលពី ថ្ងៃទី២៥ ខែ​សីហា ឆ្នាំ២០១៨ វេលា​ម៉ោង ២ និង ៣០នាទី រសៀល លោក រតនា​បាន​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ​តាម​បណ្ដោយ​ផ្លូវ សហព័ន្ធ​រុស្សី ទិសដៅ​ពី​លិច ទៅ​កើត ក៏​ត្រូវ​បាន​អ្នកបើកឡាន​ភីកអាប់ ម៉ាក នីសាន់ (NISSAN) មួយ​បាំង​កន្លះ ​ដោយ​ដំបូង​ឡើយ បុក​ពី​ក្រោយ​បន្តិចបន្តួច​ ប៉ុន្តែ​មិន​ដឹង​ថា​ដោយសារ​តែ​ចេតនា​មនុស្ស​ឃាត ឫ​ក៏​ចង់​រត់​គេច​វេស​ពី​កំហុស អ្នក​បើកបរ​នោះ ក៏​បើក​ទៅ​មុខ​រួច​ថយ​ក្រោយ​មក​កិន​ម្ដង​ទៀត​ពេញ​ទំហឹង។

រូបថត អំឡុង​ពេល​គ្រោះ​ថ្នាក់​ចរាចរណ៍

ភ្លាម​ៗ​នៃ​គ្រោះ​ថ្នាក់​ចរាចរណ៍​ខាង​លើ ត្រូវ​បាន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម ក៏ដូចជា​មិត្តភ័ក្ដិ បាន​ចូលរួម​បង្កើត​មូលនិធិ​ព្យាបាល​រតនា ក្នុង​នោះ ក្រុម​ហ៊ុន Sabay ក៏​បាន​ផ្ដួច​ផ្ដើម​បង្កើត​មូលនិធិ​ព្យាបាល​រតនា ដោយ​មាន​ការ​គាំទ្រ​ ពី​ធនាគារ​ព្រីនស៍ ដែល​យុទ្ធនាការ​នេះ ផ្ដោត​ជា​សំខាន់​លើ​មហាជន​ចូលរួម​បរិចាគ​ផងដែរ។ មានន័យ​ថា មហាជន​ទូទៅ​ចូល​រួម ១ដុល្លារ Sabay ចូល​១ដុល្លារ និង​ធនាគារ​ព្រីនស៍​ ១ដុល្លារ ដោយ​យុទ្ធនាការ​រៃ​អង្គាស​ប្រាក់​ជួយ​ព្យាបាល​រតនា ឲ្យ​បាន​គ្រប់ ១ម៉ឺន ៥ពាន់​ដុល្លារ៕

សូមចូលរួម​បរិច្ចាគ​ជួយព្យាបាល​ លោករតនា តាម​គណនី​ វីង​ខាង​ក្រោម​នេះ

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់