• 2018-12-21 07:40:39
  • សេដ្ឋកិច្ច

កាន់តែងាយស្រួល! ក្រុមហ៊ុន វីសា បើក​ដំណើរ​ការ​ស្កេនQR កូដ ដើម្បី​បង់​ប្រាក់​តាម​រយៈ​វីសា​កាត​ នៅ​កម្ពុជា

  • 2018-12-21 07:40:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីសា គឺជា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ទូទាត់​សាច់​ប្រាក់​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច​អន្តរជាតិ​ដ៏​ធំ​បំផុត​មួយ​នៅ​ក្នុង​ពិភព​លោក កំពុង​សហការ​ជាមួយ​ធនាគារ​ជាច្រើន​ ដែល​ក្នុង​នោះ​មាន​ធនាគារ​ចំនួន 5 រួមមាន​ធនាគារ ABA ធនាគារ​អេស៊ីលីដា ធនាគារ​ឯកទេស​អ៊ីអេន ធនាគា​កាណា​ឌីយ៉ា និង​ធនាគារ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​ នៃ​កម្ពុជា (FTB) ដែល​បាន​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​អំពី​ការ​ទូទាត់​ប្រាក់​ឆាប់​រហ័ស (QR - Quick Responds) ​ដែល​អនុញ្ញាត​ឱ្យ​អតិថិជន​ប្រើប្រាស់​ទូរសព្ទ​ដៃ​របស់​ពួកគេ ស្កេន​ដើម្បី​បង់​ប្រាក់​តាម រយៈ​វីសា​កាត​នៅ​ក្នុង​ប្រទេស​កម្ពុជា។

  ការ​ទូទាត់​ប្រាក់​តាម​រយៈ QR កូដ នឹង​ផ្តល់​ជូន​អតិថិជន​នូវ​បទ​ពិសោធ​ទូទាត់​ប្រាក់​តាម​បែប​ថ្មី ដែល​ប្រកប​ដោយ​សុវត្ថិ​ភាព​ងាយ​ស្រួល និង​ឆាប់​រហ័ស។ អ្នក​ប្រើ​ប្រាស់​អាច​បង្កើត​ការ​ទូទាត់​ប្រាក់​តាម  រយៈ QRកូដ​យ៉ាង​ងាយ​ស្រួល​បំផុត ដោយ​គ្រាន់​តែ​ទាញ​យក​កម្មវិធី​ទូរសព្ទដៃ (App) របស់​ធនាគារ និង​ភ្ជាប់​បណ្ដាញ​សុវត្ថិភាព​ជាមួយ​នឹង​វីសា តាម​រយៈ​កាត​ឥណទាន (Credit Card) កាត​ឥណពន្ធ (Debit Card)  ឬ​កាត​បង់​ប្រាក់​ជា​មុន (Prepaid Card) ជា​ការ​ស្រេច។   នៅ​ពេល​កម្ម​វិធី​ទូរសព្ទ​ដៃ (App) ចាប់​ដំណើរ​ការ អ្នក​អាច​ប្រើ​ទូរសព្ទ​ដៃ​ក្នុង​ការ​ស្កេ QR​កូដ​ ដើម្បី​ធ្វើការ​ទូទាត់​ជាមួយ វីសា តាម​រយៈ​ការ​ផ្ទេរ​ប្រាក់​ពី​គណនី​របស់​អ្នក​ទៅ​កាន់​គណនី​របស់​អ្នក​លក់​ផ្ទាល់​តែ​ម្តង។

  អ្នក​ស្រី ជុំ ម៉ូនីកា ​នាយិកា​គ្រប់គ្រង វីសា ប្រចាំ​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍ថា៖  "យើង​សូម​អបអរ​សាទរ​ចំពោះ​ធនាគារ ABA ធនាគារ​អេស៊ីលីដា ធនាគារ​ឯកទេស​អ៊ីអេន ធនាគារ​កាណា​ឌី​យ៉ា និង​ធនាគារ FTB ដែល​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​នូវ​ការ​ទូទាត់​សាច់​ប្រាក់​តាម​រយៈ​ការ ស្កេន QRកូដ ដែល​ជា​ដំណាក់​កាល​វិវត្តន៍​ដ៏​សំខាន់​ក្នុង​ការ​វិវត្តន៍​នៃ​ការ​ទូទាត់​តាម​រយៈ​ឌីជីថល​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ធ្វើ​ការ​ទូទាត់​តាម​រយៈ​ទូរសព្ទ​ដៃ​ជាមួយ​បច្ចេក​វិទ្យា QR កូដ​ អាច​ជួយ​កាត់​បន្ថយ​ចំណាយ​ដ៏​មាន​ប្រសិទ្ធិភាព​ដល់​អាជីវក ដែល​ទើប​ទទួល​យក​ការ​ទូទាត់​សាច់​ប្រាក់​តាម​រយៈប្រព័ន្ធ​អេទ្បិច​ត្រូនិក ហើយ​សម្រាប់​អតិថិជន​ដែល​ប្រើប្រាស់​សេវា​កម្ម​នេះ​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ទូទាត់​សាច់​ប្រាក់​យ៉ាងងាយ​ស្រួល​តាម​ប្រព័ន្ធ​ឌីជីថល​ជំនួស​ការ​ប្រើ​សាច់​ប្រាក់​សុទ្ធ។   ការ​ទូទាត់​ប្រាក់​តាម​រយៈ​ស្កេនQRកូដ អនុញ្ញាត​ឲ្យ​ម្ចាស់​វីសា​កាត​ងាក​មក​ប្រើប្រាស់​ទូរសព្ទ​ដៃ​របស់​ពួកគេ​ដើម្បី​ទិញ​ទំនិញ និង​ទូទាត់​វិក្កយបត្រ​ដោយ​មិន​ចាំ​បាច់​មាន​សាច់​ប្រាក់​សុទ្ធ​ក្នុង​ដៃ។ សម្រាប់​អាជីវក ទទួល​យក​វិធី​ទូទាត់​ប្រាក់​តាម​រយៈ​ការ​ស្កេនQRកូដ មាន​ន័យថា​ពួកគេ​អាច​ទទួល​បាន​នូវ​ជម្រើស​សេវាកម្ម ដែល​មាន​តម្លៃ​ទាប​ក្នុង​ការ​ទូទាត់​ប្រាក់​តាម​អេឡិច​ត្រូ​និច​ដោយ​ការ​ប្រើ QRកូដ ជាមួយ​ទូរសព្ទ​ដៃ​របស់​ពួកគេ។

  ក្នុង​ថ្ងៃ​នៃ​ការ​ដាក់​ឲ្យ​ដំណើរ​ការ ការ​ទូទាត់​ប្រាក់​តាម​រយៈ​ការ​ស្កេនQRកូដ​នេះ មាន​ហាង​សរុប​ជាង​៦០០​កន្លែង នឹង​ទទួល​យក​សេវា​កម្ម​ថ្មី​នេះ ដែល​ក្នុង​នោះ​មាន​ដូចជា ម៉ាស្ទ័រ​ស៊ុគីស៊ុប ក្រុមហ៊ុន EFG គ្រុប (The Pizza Company Bar BQ Plaza, Swenson’s, Dairy Queen  និង Krispy Kreme),  ក្រុមហ៊ុន Yummy Food Co. Ltd., U-Care Pharma, Kiwi Marts, Yinkok Food Corp (Tous Les Jours, Asia Kitchen, Lotteria Burger), Zando Fashion Shop, Park Café និង​ហាង​ជាច្រើន​ទៀត។

រាល់​ប្រតិបត្តិការQRកូដ​របស់​វីសា​កាត នឹង​ត្រូវ​បាន​ដំណើរ​ការ​ជា​សកល​តាម​រយៈ VisaNet ដោយ​អនុវត្ត​តាម​មាត្រដ្ឋាន សុវត្ថិភាព និង​មាន​ទំនុក​ចិត្ត​ខ្ពស់​របស់​ក្រុម​ហ៊ុន​វីសា ទៅ​លើ​ការ​ទូទាត់​ប្រាក់​តាម​រយៈ QRកូដ។ ការ​ទូទាត់​សាច់​ប្រាក់​តាម​រយៈ QR បាន​កំពុង​តែ​អនុវត្ត​នៅ​ប្រទេស​ឥណ្ឌូនេស៊ី វៀតណាម ថៃ និង ឥណ្ឌា ហើយ​ក្នុង​ពេល​ឆាប់ៗ​នេះ​នឹង​មក​ដល់​ទីផ្សារ​មួយ​ចំនួន​ទៀត​នៅ​អាស៊ី  អាគ្នេយ៍។   អ្នកស្រី ម៉ូនីកា បាន​បន្ថែម​ទៀត​ថា៖ “ យើង​មាន​ទំនុក​ចិត្ត​ថា ការ​ស្កេន​ដើម្បី​បង់​ប្រាក់​តាម​រយៈ​វីសាកាត នឹង​ពន្លឿន​ការ​ផ្លាស់​ប្តូរ​ពី​ការ​ទូទាត់​ជា​សាច់​ប្រាក់​សុទ្ធ​ទៅ​ជា​ការ​ទូទាត់​បែប​អេឡិច​ត្រូនិច ព្រមទាំង​ជួយ​ជំរុញ​ស្ថានភាព នៃ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​នៅ​ទូទាំង​ប្រទេស​ឲ្យ​កាន់តែ​ប្រសើរ​ទ្បើង" ។   សម្រាប់​ព័ត៌​មាន​បន្ថែម សូម​ចូល​ទៅ​កាន់ - https://www.visa.com.kh/km_KM/pay-with-visa/scantopay-consumers.html

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់