• 2019-02-09 08:07:39
  • សេដ្ឋកិច្ច

កម្ពុជា​-​ឥណ្ឌូណេស៊ី នឹង​បើក​ការហោះហើរ​ត្រង់ ឆាប់ៗ​ខាងមុខ

  • 2019-02-09 08:07:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ពុជា​-​ឥណ្ឌូណេស៊ី បាន​និង​កំពុង​ជំរុញ​ឲ្យ​មាន​ការ​ហោះហើរ​ត្រង់​ឡើងវិញ បន្ទាប់​ពី​ខកខាន ​នៃ​ការហោះហើរ​ត្រង់​អស់​ជិត​កន្លះ​សតវត្ស ពោល​គឺ​ចាប់​ពីក្រោយ​ឆ្នាំ​១៩៧០មក ហើយ​បើ​តាម​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន ការហោះហើរ​ត្រង់​នេះ​នឹង​ចាប់ផ្ដើម​ឡើង​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ ក្នុង​ឆ្នាំ​២០១៩​នេះ​។ នេះ​បើ​យោង​តាម​វិបសាយ​ tourismcambodia ចុះ​ផ្សាយ​ថ្ងៃ​ទី ៨ កុម្ភៈ ម្សិលមិញ​នេះ។

ក្នុង​ជំនួប​រវាង​ឯកឧត្ដម​រដ្ឋមន្ត្រី ថោង ខុន ជាមួយ​ឯកឧត្ដម ស៊ូ​ឌី​ម៉ាន់ ហា​សេង ឯកអគ្គរដ្ឋទូត​ឥណ្ឌូណេស៊ី​ប្រចាំ​កម្ពុជា ដែល​បាន​ដឺ​ក​នាំ​ប្រតិភូ​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​ឥណ្ឌូណេស៊ី CITILINK នៅ​ទីស្ដីការ​ក្រសួង​ទេសចរណ៍ នា​ព្រឹក​ថ្ងៃទី​៧ ខែ​កុម្ភៈ​នេះ ភាគី​ឥណ្ឌូណេស៊ី​បាន​សម្រេច​ថា នឹង​បើក​ឲ្យ​មាន​ការ​ហោះហើរ​ឡើង​វិញ អាច​នៅ​ក្នុង​ឆមាស​ទី​២ ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខនេះ​។​

​ឯកឧត្ដម ថោង ខុន បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន មានតែ​ឥណ្ឌូណេស៊ី និង​ប្រ៊ុយណេ​ទេ ដែល​មិន ទាន់​មាន​ការហោះហើរ​ត្រង់​មក​កម្ពុជា តែ​ដោយសារ​ការ​ខិតខំ​ចរចា​រវាង​ភាគី​ទាំងពីរ ពិសេស ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​២ ទើប​នា ពេល​ខាង​មុខ នឹង​មាន​ការហោះហើរ​ត្រង់​ពី​ឥណ្ឌូណេស៊ី​មក​កាន់​កម្ពុជា​ឡើងវិញ បន្ទាប់​ពី​ខកខាន​អស់​ជិត​កន្លះ​សតវត្ស ហើយ​ការ​ហោះហើរ​នេះ​ គឺជា​ការ​រួម​ចំណែក​យ៉ាង​សំខាន់​ដល់​ការ​បង្កើន​ការ​តភ្ជាប់​ផ្ទែ​ក្នុង​អាស៊ាន​។

​ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​បន្ត​ថា នៅ​ពេល​ដែល​មាន​ការ ហោះហើរ​ត្រង់​ពី​ឥណ្ឌូណេស៊ី​មក​កាន់​កម្ពុជា​ឡើងវិញ កម្ពុជា​សង្ឃឹម​ថា​វា​នឹង​នាំ​មក​នូវ​ភ្ញៀវ​ទេសចរ​ច្រើន​ឡើង​បន្ថែម​ទៀត ជាពិសេស​ទេសចរ​ឥណ្ឌូណេស៊ី ខណៈ​ដែល​បច្ចុប្បន្ន​មាន​ត្រឹមតែ​ជាង ៥​ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំ​តែប៉ុណ្ណោះ​។​

​ឯកអគ្គរដ្ឋទូត​ឥណ្ឌូណេស៊ី​បាន​ឲ្យដឹង​ថា កម្ពុជា​-​ឥណ្ឌូណេស៊ី ចាំបាច់​ត្រូវ​មាន​កិច្ចសហការ​នៅ​លើ​គ្រប់​វិស័យ ក្នុង​នោះ​ក៏​មាន​វិស័យ​ទេសចរណ៍​ផង​ដែរ ដូច្នេះ​ការ​បើកឲ្យ​មាន​ការ​ហោះ​ហើរ​ត្រង់​ឡើងវិញ​រវាង​ប្រទេស​ទាំង​ពីរ គឺជា​រឿង​ចាំបាច់​។​

​ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​បន្ត​ថា កម្ពុជា​-​ឥណ្ឌូណេស៊ី នឹង​ប្រារព្ធ​ខួប​លើក​ទី​៦០ នៃ​ការ​ត​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយ​គ្នា ហើយ​ថា ការសម្រេច​ឲ្យ​មាន​ការហោះហើរ​ត្រង់ នា​ពេល​ខាងមុខ​នេះ គឺជា​ការអនុវត្ត​ជាក់ស្ដែង​នូវ​បំណង​ប្រាថ្នា​របស់​ឯកឧត្ដម​អនុ​ប្រធានាធិបតី​ឥណ្ឌូណេស៊ី និង​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ហ៊ុន​សែន ក្នុង​ជំនួប​កាលពី​ថ្ងៃ​ទី​១៦​ មករា ២០១៩ នៅ​ខេត្ត​សៀមរាប និង​គឺជា​ចំណងដៃ​ដ៏​មាន​សារសំខាន់​នៃ​ការ​ប្រារព្ធ​ខួប​មួយ​នេះ គួបផ្សំ​នឹង​ការរៀបចំ​នូវ​កម្មវិធី​មួយ​ចំនួន​ទៀត ដូចជា ការរៀបចំ​ពិព័រណ៍​រួមគ្នា ការរៀបចំ​ព្រឹត្តិការណ៍​កីឡា​ជា​លក្ខណៈ​មិត្តភាព រួម​នឹង​វេទិកា​ផ្សេងៗ​ទៀត ដើម្បី​លើកកម្ពស់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ក៏ដូចជា​ជំរុញ​ដល់​ការ​អភិវឌ្ឍ​នៅ​កម្ពុជា តាមរយៈ​វិស័យ​ទេសចរណ៍​ផង​ដែរ​៕​

រូបភាព​៖ tourismcambodia

ប្រភព៖ Tourismcambodia ប្រែ​សម្រួល៖ ប៊ិន ប៊ុណ្ណា

មតិយោបល់