• 2019-04-10 03:32:04
  • ការអប់រំ

ចង់ឲ្យគ្រួសារមានសិរីសួស្ដីហូរហៀ គួរមានពិធីនេះនៅថ្ងៃចូល​ឆ្នាំថ្មី ៣ថ្ងៃ

  • 2019-04-10 03:32:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុណ្យ​ចូល​ឆ្នាំ​ថ្មី​​ប្រពៃណី​ខ្មែរ​ ប្រព្រឹត្ត​រយៈ​ពេល៣​ថ្ងៃ នៅ​ក្នុង​ខែ​ចេត្រ​ ដែល​មាន ថ្ងៃ​ទី​១ ហៅ​ថ្ងៃ​មហាសង្រ្កាន្ត​ជា​ថ្ងៃ​ចូល​ឆ្នាំ​ដំបូង​ ថ្ងៃ​ទី​២ ហៅ វ័នបត ជា​ថ្ងៃ​កណ្ដាល និង​ថ្ងៃ​ទី​៣ ហៅ​ថ្ងៃ​ឡើង​សក្តិ​ ជា​ថ្ងៃ​ចាប់​ផ្ដើម​​ចូល​សករាជ​ថ្មី។ ចំពោះ​​ថ្ងៃ​​ពិសេស​ទាំង​៣​នោះ គឺ​​បង​ប្អូន​ខ្មែរ​តែង​​មាន​ទម្លាប់​​​​ប្រតិបត្តិ​តាម​សកម្មភាព​សម្រាប់​ថ្ងៃ​នី​មួយ​ៗ តើ​ក្នុង​ថ្ងៃ​​ទី​១ ទី​២ និង​ទី​៣​​​នៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី គេ​ត្រូវ​ធ្វើ​ដូច​ម្តេច​ខ្លះ?

១. ថ្ងៃ​​​ចូល​ឆ្នាំ​ដំបូង ឬ​ថ្ងៃ​មហាសង្ក្រាន្ត​

នៅ​​តាម​គេហដ្ឋាន​នីមួយ​ៗ​ សមាជិក​គ្រួសារ​ម្នាក់​ៗ​ស្លៀក​ពាក់​ស្អាត​បាត​ មក​អង្គុយ​ជួប​ជុំ​គ្នា នៅ​មុខ​អាសនៈ​​​​មាន​រៀប​ពលីកា​​(ការ​តាំង​វត្ថុ​សម្រាប់​បួង​សួង ការ​បូជា) រង់​ចាំ​ស្ដាប់​សំឡេង​ស្គរ​ពី​វត្ត​ឯ​នាយ​ឲ្យ​សញ្ញា​ថា​ឆ្នាំ​ថ្មី​នឹង​មក​ដល់​​ឥលូវ​ហើយ​។ កាល​ដែល​​ឮ​សូរ​​សំឡេង​​ស្គរ​រោទ៍​រណ្ដំ​​ហើយ​ ពិធី​ក៏​ចាប់​ផ្ដើម​ប្រព្រឹត្ត​ទៅ ទៀន​​ និង​ធូប​​ត្រូវ​ដុត​ឡើង​។ សមាជិក​​នៃ​គ្រួសារ​ម្នាក់​ៗ​ក្រាប​ថ្វាយ​បង្គំ​​ព្រះ​ពុទ្ធ​បដិមាករ​ ៣​ដង និង​នាំ​គ្នា​​ចាប់​ផ្តើម​​ នមស្សការ​ថ្វាយ​បង្គំ​​ព្រះ​រតនត្រ័យ​ ព្រម​​ទាំង​នាំ​គ្នា​​សូម​ស្វាគមន៍​ចំពោះ​ទេវតា​ឆ្នាំ​ថ្មី​ ដែល​ជា​អ្នក​ទទួល​បន្ទុក​​ថែរក្សា​​សុខុមាលភាព​​​មនុស្ស​ជាតិ​ ក្នុង​​រយៈ​ពេល​​ ១​ឆ្នាំ​។ នៅ​ក្នុង​ឱកាស​​​នោះ​ម្នាក់​​ៗ​បន់​សុំ​​សេចក្ដី​សុខ ចម្រើន​គ្រប់​ប្រការ​​ អំពី​ទេវតា​ឆ្នាំ​ថ្មី​ ដោយ​យក​ទឹក​មង្គល​​មក​ស្រោច​ស្រព​លើ​ក្បាល និង​ខ្លួន​ប្រាណ​ តាម​ជំនឿ​របស់​ខ្លួន​។

គ្រួសារ​​នី​មួយ​ៗ​​នាំ​កូន​ចៅ​ និង​យក​ម្ហូប​​អាហារ​ដែល​បាន​​រៀប​ចំ​រួច​ហើយ​នោះ ទៅ​ប្រគេន​ព្រះ​សង្ឃ​​នៅ​ឯ​វត្ត​ ក្នុង​វេលា​មុន​ថ្ងៃ​ត្រង់​ និង​ស្ដាប់​ព្រះសង្ឃ​សូត្រ​​មន្ត បង្សុកូល។

ដោយ​ឡែក​គេ​អាច​ដឹង​​​នូវ ឈ្មោះ​ទេវតា​ គ្រឿង​អលង្ការ​ ក្រយា​ស្ងោយ​ វត្ថុ​ដែល​ព្រះ​អង្គ​កាន់ ព្រះ​រាជ​ទី​នាំង​ សេចក្ដី​សុខ​ទុក្ខ កាល​បរិច្ឆេទ​​​ដែល​ទេវតា​ឆ្នាំ​ថ្មី​​ចុះ​មក​ទទួល​​វេន​អំពី​​ទេវតា​ឆ្នាំ​ចាស់ ទៅ​តាម​ក្បួន​តម្រា​មហា​សង្ក្រាន្ត​​បែប​បុរាណ។

២. ក្នុង​ថ្ងៃ​ទី​២ ថ្ងៃ​វ័នបត

ថ្ងៃ​ទី​២ ម្នាក់​ៗ​ភ្ញាក់​ពី​ព្រលឹម​ ខុស​ពី​ធម្មតា។ កូន​​ចៅ​រៀប​​ចំ​វត្ថុ​​ជា​​ច្រើន​មុខ​ យ៉ាង​សមរម្យ​មាន​សំលៀក​បំពាក់​​ថ្មី​ និង​ចំណី​អាហារ​ជូន​​ដល់​មាតា​បិតា ​ជី​ដូន​ជីតា និង​គ្រូ​​បាធ្យាយ​។ ការ​ធ្វើ​បែប​​នេះ បង្ហាញ​​ឲ្យ​ឃើញ​​នូវ​ការ​គោរព​​ និង​ការ​ដឹង​គុណ​​របស់​​កូន​ចៅ​ចំពោះ​អ្នក​មាន​គុណ។ គ្រួសារ​បរិច្ចាគ​​​​លុយ​​កាក់​​ដាក់​ទាន ដល់​ជន​​ក្រី​ក្រ ដល់​អ្នក​បម្រើ និង​គ្រួសារ​​ទុគ៌ត​ទាំង​ឡាយ​ រួច​ហើយ​គេ​នាំ​គ្នា​​ទៅ​វត្ត​ដើម្បី​​ធ្វើ​​បុណ្យ​​​ឧទ្ទិស​​កុសល​​ដល់​បុព្វការី​ជន​។

ក្នុង​ថ្ងៃ​ទី​២​នេះ ពុទ្ធបរិស័ទ​​​និយម​ប្រារព្ធ​ពិធី​ពូន​ភ្នំ​ខ្សាច់​។​ គេ​ពូន​ភ្នំ​​ខ្សាច់​​ធំ​មួយ​​ចំ​កណ្ដាល​​ និង​ភ្នំ​​តូច​ៗ​​៤​សង​ខាង ធ្វើ​រាង​ព័ទ្ធ​ជុំ​វិញ មាន​ទ្វារ​ចេញ​ចូល​​បាន​ទាំង​៤​ទិស ដែល​ហៅ​ថា​​វាលុក​ចេតិយ​។ វាលុក​ចេតិយ​​គឺ​ជា​តំណាង​​​ចូឡាមណី​ចេតិយ​​ ជា​ទី​ដែល​ពួក​ទេព្ដា​សាង​បញ្ចុះ​ព្រះ​មោលី (ព្រះ​កេសធាតុ) និង​ព្រះទាឋាធាតុ​( ព្រះ​ចង្កូម​កែវ​) របស់​​ព្រះ​សមុទ្ធ​ជា​ម្ចាស់​ នៅ​ឯ​ឋាន​ត្រៃ​ត្រឹង្ស ដោយ​សម្គាល់​ថា បាន​ផលានិសង្ស​ច្រើន​ដង បាន​រួច​រំដោះ​អំពី​គ្រោះ​ចង្រៃ​ ក្នុង​ឆ្នាំ​ចាស់​​ចេញ​ស្រឡះ​ផង​ និង​ទទួល​បាន​​សិរីសួស្តី​​ក្នុង​ឆ្នាំ​ថ្មី ជា​រៀង​រហូត​ទៅ​ផង​។

៣. ក្នុង​ថ្ងៃ​ទី​៣ ថ្ងៃ​ឡើង​ស័ក្ដិ​

​ជា​​​​​​​​​កម្មវិធី​​​​បុណ្យ​មាន​សារៈសំខាន់​​ ជាង​ថ្ងៃ​​ដទៃ​ទៀត​​។ វេលា​ព្រឹក​​ ពុទ្ធបរិស័ទ​​និមន្ត​​ព្រះសង្ឃ​​បង្សុកូល​ ឆ្លង​ភ្នំ​ខ្សាច់​ វាលុកចេតិយ។ វេលា​រសៀល មាន​ការ​ស្រង់​ ព្រះ​ពុទ្ធបដិមា ព្រះ​សង្ឃ​​និង​មាតា​បិតា ឬ​ជីដូនជីតា។ ការ​ងូត​ទឹក​ជម្រះ​កាយ​ជូន​មាតា​បិតា ឬ​ជីដូន​ជីតា កូន​ចៅ​​បាន​ទទួល​​នូវ​ពរ​សព្វ​សាធុការ និង​ដំបូន្មាន​ល្អ​​ៗ​សម្រាប់​អប់​រំ​ខ្លួន ត​ទៅ​អនាគត​។ រី​ឯ​​ការ​ស្រង់​ព្រះ​ពុទ្ធ​​បដិមាករ​ ជា​និមិត្ត​រូប​ថា​ទឹក​គឺ​ជា​សេចក្ដី​​ត្រូវ​ការ​ចាំ​បាច់​ចំពោះ​រុក្ខជាតិ​ និង​ជីវិត​សព្វ​សត្វ​។

ចំពោះ​ការ​ស្រង់​​ទឹក​ព្រះ​សង្ឃ​​ មាតា​បិតា និង​គ្រូ​ឧបជ្ឈា បាន​ទទួល​អានិសង្ស​ច្រើន​ណាស់​។ លុះ​ដល់​អនាគត​ជាតិ​​ នឹង​បាន​ទៅ​កើត​ក្នុង​ទេវលោក​ឋាន​ និង​បាន​ជា​ស្ដេច​ចក្រពត្តិ​ មាន​បុណ្យ​​បារមី​ច្រើន មាន​រូប​សម្បត្តិ​ល្អ មាន​ទ្រព្យ​សម្បត្តិ​ច្រើន មាន​សេចក្ដី​​សុខ​​គ្រប់​បែប​យ៉ាង​។ល។​

ដោយ​ឡែក រាជ​រដ្ឋាភិបាល​វិញ​ក៏​ប្រារព្ធ​​បុណ្យ​​ឡើង​ស័ក្ដិ​ ក្នុង​ថ្ងៃ​ទី​៣​នោះ​ដែរ ដើម្បី​​ដំឡើង​ឋានន្តរសក្ដិ​ ដល់​ជន​ស៊ីវិល​​​ និង​ទាហាន​ណា​ដែល​ខំ​ប្រឹង​ធ្វើ​ការ​បម្រើ​​​ប្រទេស​ជាតិ​ អស់​ពី​សមត្ថភាព​ ឲ្យ​ឡើង​​កាន់​ដំណែង ក្រសួង និង​​ឋានៈ​ខ្ពង់​ខ្ពស់​។ ចំណែក​ អ្នក​​មាន​ទោស​ទំាង​ឡាយ​ ក៏​ត្រូវ​បាន​បន្ថយ​ទោស​ ឬ​ដោះ​លែង​​ឲ្យ​រួច​ខ្លួន​ មាន​សិទ្ធិ​សេរីភាព​ឡើង​វិញ​ផង​ដែរ​។

សម្គាល់៖

ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ ទាំង​៣​ថ្ងៃ​ វេលា​ព្រឹក​​ ពុទ្ធ​បរិស័ទ​​នាំ​គ្នា​ទៅ​​កាន់​ទី​វត្ត ប្រគេន​ចង្ហាន់​​ដល់​ព្រះ​សង្ឃ សមាទាន​សីល​៥ ពូន​ភ្នំ​ខ្សាច់​ និង​និមន្ត​​ព្រះ​សង្ឃ​បង្សុកូល​ឆ្លង​ភ្នំ​ខ្សាច់​​នោះ​ ដើម្បី​​ឧទ្ទិស​​​វិញ្ញាណក្ខន្ធ ជូន​បុព្វការី​ជន។ វេលា​រសៀល​ មនុស្ស​ប្រុស​ស្រី​​ក្មេង​ចាស់​​ នាំ​គ្នា​លេង​​ល្បែង​ប្រជាប្រិយ​យ៉ាង​រីក​រាយ​ ដូច​ជា​​នាំ​គ្នា​បោះ​អង្គញ់ ចោល​ឈូង ទាញ​ព្រ័ត្រ​​។ គេ​ប្រជុំ​​គ្នា​ច្រៀង និង​ប្រឡែង​គ្នា​​លេង សំដែង​​របាំ​ប្រជាប្រិយ​​។ល។ មិត្តភ័ក្ដិ​សើច​សប្បាយ​ក្អាកក្អាយ​ សត្រូវ​ក្លាយ​ជា​​មិត្ត​ និង​បំភ្លេច​រឿង​អាស្រូវ​​ចាស់​ចោល​។

គេ​ធ្វើ​ដំណើរ​​​កាត់​ពី​ភូមិ​​មួយ​ទៅ​ភូមិ​មួយ ពី​វត្ត​មួយ​ទៅ​វត្ត​មួយ ដើម្បី​ជួប​​ជា​មួយ​មនុស្ស​ដទៃ​ ហើយ​លេង​ល្បែង​ប្រជាប្រិយ​កម្សាន្ត​ សប្បាយ​ទាំង​អស់​​គ្នា។ អ្នក​ខ្លះ​​នាំ​គ្នា​ទស្សនា​ប្រាង្គ​ប្រាសាទ​ ដែល​ជា​បូជនីយដ្ឋាន​ ព្រៃ​ភ្នំ​​ជ្រោះ​ជ្រលង​ដង​អូរ បឹង​បួរ ឬ​មាត់​សមុទ្រ​​​​ជា​ដើម​។ ដោយ​ឡែក​ការ​លេង​ល្បែង​ស៊ី​សង​​​មិន​មែន​ជា​ទំនៀម​ទម្លាប់ របស់​ខ្មែរ​យើង​ទេ ក៏​ប៉ុន្តែ​ ជា​អាវុធ​សម្រាប់​បំផ្លាញ​សុភមង្គល​​​គ្រួសារ និង​សង្គម​ទៅ​វិញ​៕ ​ ​​​​​​​​

ប្រភព៖ បុណ្យទំនៀមខ្មែរ ក្រាំងបុណ្យទាំង​១២ខែ

មតិយោបល់