• 2024-10-31 07:56:20
  • ការអប់រំ

សប្តាហ៍ថាមពលស្អាតឆ្នាំ២០២៤៖ ការបង្ហាញពីវឌ្ឍនភាព និងមហិច្ឆតាក្នុងសកម្មភាពរបស់កម្ពុជា

  • 2024-10-31 07:56:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃនេះ តំណាងរាជរដ្ឋាភិបាលកម្ពុជា ប្រទេសអូស្ត្រាលី និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានប្រារព្ធពិធីបើកសម្ពោធព្រឹត្តិការណ៍ថាមពលស្អាតដ៏ធំបំផុតរបស់កម្ពុជា គឺសប្តាហ៍ថាមពលស្អាត (CEW) ឆ្នាំ២០២៤ ។

ព្រឹត្តិការណ៍ដែលមានរយៈពេលមួយសប្តាហ៍ ក្រោមប្រធានបទ "វឌ្ឍភាព និងអនាគតនៃថាមពលស្អាតរបស់កម្ពុជា" នេះ រួមមានការពិភាក្សា និងការតាំងពិព័រណ៍ នឹងបង្ហាញពីភាពជាអ្នកដឹកនាំដែលកំពុងបន្ដកើនឡើងរបស់កម្ពុជា នៅក្នុងនវានុវត្តន៍ក្នុងវិស័យថាមពលស្អាត កំណើនសេដ្ឋកិច្ច និងការប្រែប្រួលអាកាសធាតុ។

កម្មវិធីសប្តាហ៍ថាមពលស្អាតឆ្នាំនេះ បាននឹងប្រព្រឹត្តិឡើងចំពេលដ៏សំខាន់មួយសម្រាប់កម្ពុជា ដោយសារថាមពលស្អាតបានក្លា យជាអាទិភាពជាតិ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧។ តាមរយៈគោលនយោបាយដែលមានចក្ខុវិស័យវែងឆ្ងាយ និងការវិនិយោគជាយុទ្ធសាស្ត្រ កម្ពុជាកំពុងកសាងគ្រឹះសម្រាប់អនាគត ដែលមានចីរភាព និងវិបុលភាព។

ថ្លែងអំពីសារៈសំខាន់នៃវឌ្ឍនភាពនេះ ឯកឧត្តម ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជាបានកត់សម្គាល់ថា៖ "អូស្ត្រាលីមានមោទនភាពក្នុងនាមជាដៃគូស្ថាបនិកនៃកម្មវិធីសប្តាហ៍ថាមពលស្អាត ដោយបានគាំទ្រព្រឹត្តិការណ៍នេះតាំងពីការចាប់ផ្តើមដំបូងក្នុងឆ្នាំ២០១៨ មកម្ល៉េះ។ ក្នុងពេលបច្ចុប្បន្ននេះ បញ្ហាប្រឈមក្នុងការទាញយកថាមពលស្អាតនាពេលអនាគតនៅអាស៊ីអាគ្នេយ៍មានទំហំធំណាស់។ ប៉ុន្តែសព្វថ្ងៃនេះ ថាមពលស្អាតមិនគ្រាន់តែជាប្រធានបទនៃការពិភាក្សាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសសរស្តម្ភសំខាន់នៃចក្ខុវិស័យរបស់កម្ពុជាសម្រាប់កំណើនសេដ្ឋកិច្ច សន្តិសុខថាមពល និងការថែរក្សា បរិស្ថាន។"

ថាមពលស្អាតកំពុងត្រូវបានសាងសង់នៅទូទាំងពិភពលោកក្នុងសន្ទុះដែលមិនធ្លាប់មានពីមុនមក។ នៅឆ្នាំ២០២៣ ពិភពលោកសម្រេចបានល្បឿនលឿនបំផុតក្នុងការដាក់ពង្រាយថាមពលកកើតឡើងវិញ ដោយបានបង្កើនសមត្ថភាពថាមពលកកើតឡើងវិញទ្វេដង ខណៈការលក់រថយន្តអគ្គិសនីទូទាំងពិភពលោកក៏បានកើនឡើង៣៥% ដល់ប្រមាណ១៤លានគ្រឿងផងដែរ។ កត្តានេះ គឺដោយសារតែការធ្លាក់ចុះយ៉ាងខ្លាំងនៃថ្លៃដើមនៃថាមពលខ្យល់ ថាមពលពន្លឺព្រះអាទិត្យ អាគុយ និងយានយន្តអគ្គិសនី ក្នុងអំឡុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។

កម្ពុជាបានត្រៀមលក្ខណៈល្អប្រសើរណាស់ក្នុងការទាញយកផលប្រយោជន៍ពីសន្ទុះនេះ ដោយមានសក្តានុពលថាមពលពន្លឺព្រះអាទិត្យយ៉ាងតិច ៦៥ជីហ្គាវ៉ាត់ និងសក្តានុពលថាមពលខ្យល់ ៥ជីហ្គាវ៉ាត់។ តាមរយៈគោលនយោបាយនានា ដូចជាការបង្កើនទ្វេដងនូវមហិច្ឆតាថាមពលពន្លឺព្រះអាទិត្យរបស់ជាតិ ការលុបចោលគម្រោងថាមពលធ្យូងថ្មនៅខេត្តកោះកុង និងការដាក់ចេញនូវផែនទីបង្ហាញផ្លូវយានយន្តអគ្គិសនីរបស់កម្ពុជា ប្រទេសយើងអាចដើរតួជាអ្នកដឹកនាំផ្នែកថាមពលស្អាតក្នុងតំបន់បាន។

លោក ណត្តារុណ ង៉ោ សឺន នាយកប្រចាំប្រទេសរបស់អង្គការអេននឺជីឡេប បានមានប្រសាសន៍ថា៖ "ការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការកសាងថាមពលពន្លឺព្រះអាទិត្យ ថាមពលខ្យល់ និងយានយន្តអគ្គិសនី បង្ហាញពីការប្តេជ្ញាចិត្តដ៏ច្បាស់លាស់ក្នុងការកាត់បន្ថយការពឹងផ្អែករបស់កម្ពុជាលើឥន្ធនៈហ្វូស៊ីល និងការដោះស្រាយការប្រែប្រួលអាកាសធាតុ។"

លោកបានបន្ដទៀតថា៖ "បញ្ហាប្រឈមបន្ទាប់ គឺត្រូវធានាថាយើងអាចទាញយកអត្ថប្រយោជន៍ជាអតិបរមាពីការផ្លាស់ប្តូរឆ្ពោះទៅរកថាមពលកកើតឡើងវិញសម្រាប់កម្ពុជា ដោយធ្វើឱ្យប្រាកដថាយើងអាចបង្កើតការងាររាប់ពាន់កន្លែង គាំទ្រអាជីវកម្មក្នុងស្រុក និងធានាថាសំឡេងរបស់ សហគមន៍ត្រូវបានស្តាប់ឮនៅពេលដែលគម្រោងត្រូវបានអភិវឌ្ឍ។"

សប្តាហ៍ថាមពលស្អាតឆ្នាំ២០២៤ នឹងជំរុញវឌ្ឍនភាពនេះ ដោយអនុញ្ញាតឱ្យភាគីពាក់ព័ន្ធចែករំលែកគំនិតថ្មីៗ ពិភាក្សាដំណោះស្រាយគោលនយោបាយ និងបង្កើតភាពជាដៃគូ។ កម្មវិធីមួយសប្តាហ៍នឹងផ្តោតលើបញ្ហាសំខាន់ៗ ក្នុងអន្តរកាលថាមពលស្អាតរបស់កម្ពុជា ដូចជាការជម្រុញឲ្យមានភាពប្រសើរឡើងនូវលទ្ធភាពទទួលបានអគ្គិសនីប្រើប្រាស់ ការជំរុញកំណើនសេដ្ឋកិច្ច និងការសម្រេចគោលដៅអាកាសធាតុថ្នាក់ជាតិជាដើម។

ចំណុចសំខាន់នៃកម្មវិធីនេះ គឺវេទិកាថាមពលស្អាត (ប្រព្រឹត្ដទៅចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ) ដែលនឹងប្រមូលផ្តុំអ្នកបង្កើតគោលនយោបាយ អ្នកដឹកនាំឧស្សាហកម្ម ស្ថាប័នហិរញ្ញវត្ថុ និងដៃគូអន្តរជាតិសម្រាប់ការពិភាក្សាជាយុទ្ធសាស្ត្រដែលនឹងកំណត់អនាគតថាមពលស្អាតរបស់កម្ពុជា។

លោកស្រី អាលីហ្សា ឆាកឃឺ អ្នកតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា (UNDP) បានលើកឡើងថា៖ “ការទទួលយកថាមពលស្អាតមិនមែនគ្រាន់តែជាគោលជំហរមនោគមវិជ្ជាប៉ុណ្ណោះទេ។ វាគឺជាកត្តាជំរុញសម្រាប់សន្តិសុខថាមពល ភាគលាភពាណិជ្ជកម្ម និងការបង្កើតការងារបៃតង ការទទួលបានហិរញ្ញប្បទានបៃតង និងការកាត់បន្ថយការបំពុល។ ដៃគូអភិវឌ្ឍន៍ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជម្រុញមហិច្ឆិតាថាមពលស្អាតរបស់កម្ពុជា ហើយនឹងការធ្វើឱ្យគោលដៅទាំងនោះក្លាយជាការពិត។ ស្របទៅតាមគោលបំណងមួយនេះហើយដែលកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជានឹងនៅបន្តគាំទ្រ កម្មវិធី​សប្តាហ៍​ថាមពល​ស្អាត ដូចដែលបានធ្វើ​ចាប់​តាំង​ពី​ការ​ចាប់​ផ្តើម​នៅ​ឆ្នាំ ២០១៨ ក្នុងនាមជា​ដៃគូ​ស្ថាបនិក។

ការប្រារព្ធឡើងនៃកម្មវិធីសប្តាហ៍ថាមពលស្អាតឆ្នាំ២០២៤​ នឹងបន្តដាក់កម្ពុជា ជាអ្នកដឹកនាំផ្នែកថាមពលស្អាត នៅថ្នាក់តំបន់។ ជាមួយការគាំទ្រគ្រប់ជ្រុងជ្រោយពីដៃគូអន្តរជាតិ ដូចជាប្រទេសអូស្ត្រាលី ដែលបានផ្តល់ទាំងជំនាញបច្ចេកទេស និងជំនួយហិរញ្ញវត្ថុ​ កម្ពុជាស្ថិតនៅក្នុងស្ថានភាពសមស្របក្នុងការកែប្រែទ្រង់ទ្រាយថាមពល របស់ខ្លួនក្នុងលក្ខណៈដែលផ្ដល់ផលប្រយោជន៍មិនមែនតែសម្រាប់ប្រទេសរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ទាំងតំបន់ផងដែរ៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទថ្មី