• 2019-05-21 04:17:16
  • ព័ត៌មាន

ខេត្ត​កំពង់​ស្ពឺ មាន​គម្រោង​៣ធំៗ បើ​ចេញ​ដូច​ការ​រំពឹងទុក​ ដឹង​តែ​មុខមាត់​ខេត្ត​កាន់តែ​ល្បីល្បាញ

  • 2019-05-21 04:17:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើ​គម្រោង​បី​ធំ​ៗ​របស់​ខេត្ត​កំពង់​ស្ពឺ​គឺជា​អ្វី? គម្រោង​ទាំង​បី​នោះ​រួមមាន៖ គម្រោង​ទី១ ត្រៀម​​ធ្វើ​សួន​បែប​ធម្មជាតិ​ដ៏​ធំ​ត្រៀម​ចំណាយ​ប្រមាណ​ជា​ ៥០០​លាន​ដុល្លារ, គម្រោង​ទី២ គឺ​ត្រៀម​សាងសង់​អគារ​ភ្លោះ​កប់​ពពក និង​គម្រោង​ទី៣ គឺ​ត្រៀម​សាងសង់​ស្ពាន​អាកាស​ថ្មើរ​ជើង​មាន​តម្លៃ​ប្រមាណ​ជា ៣០ម៉ឺន​ដុល្លារ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​នៅ​ក្នុង​ខេត្ត​កំពង់​ស្ពឺ។

១. គម្រោង​ធ្វើ​សួន​បែប​ធម្មជាតិ​

សូមចុចអាន៖ ពិតជា​ត្រជាក់​ភ្នែក! គម្រោង​កម្សាន្ត​បែប​ធម្មជាតិ​មួយ​គ្រោង​ចំណាយ​៥០០លាន​ដុល្លារ ត្រៀម​រំលេច​ឡើង​នៅ​ខេត្ត​កំពង់ស្ពឺ

គម្រោង​បែប​ធម្មជាតិ​មួយ​គ្រោង​ចំណាយ​ថវិកា​ប្រមាណ​ជា ៥០០លាន​ដុល្លារ លើ​ផ្ទៃ​ដី​ ២០៥​ហិកតា ត្រៀម​រំលេច​ខ្លួន​នៅ​ឃុំ​មហាសាំង​ ស្រុក​ភ្នំស្រួច និង​ឃុំ​កាហែង ស្រុក​សំរោង​ទង ខេត្ត​កំពង់​ស្ពឺ។

យោង​តាម​ការ​សរសេរ​លើ​បណ្ដាញ​សង្គម​របស់​រដ្ឋបាល​ស្រុក​ភ្នំ​ស្រួច ខេត្ត​កំពង់​ស្ពឺ បាន​ឲ្យ​ដឹង​ថា គម្រោង​វិនិយោគ​តំបន់​ទេសចរណ៍​ធម្មជាតិ​មួយ​នេះ មាន​មណ្ឌល​កម្សាន្ត សួន​កម្សាន្ត សួន​ទឹក សួន​កសិកម្ម​ទេសចរណ៍ សួន​កុមារ សួន​សត្វ រមណីយដ្ឋាន​ និង​សណ្ឋាគារ ត្រៀម​ធ្វើ​លើ​ផ្ទៃ​ដី​ជាង​ ២០០ហិកតា ត្រូវ​បាន​បើក​កិច្ចប្រជុំ​គាំទ្រ​គម្រោង​ ដោយ​ឯកឧត្ដម វ៉ី សំណាង អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​ខេត្ត​កំពង់ស្ពឺ​ កាល​ពី​ថ្ងៃ​ទី ៨ ឧសភា ឆ្នាំ២០១៩។ គម្រោង​វិនិយោគ​ដែល​គ្រោង​ចាយ​ប្រាក់​ប្រមាណ​ជា ៥០០លាន​ដុល្លារ ក្រោម​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ចូហ្គ្រេន​ អ៉ិនវេសម៉ិន​ ឯ.ក​ (JOE GRAND ECOINVESTMENT Co.LTD)។​

២. គម្រោង​សង់​អគារ​ខ្ពស់​កប់​ពពក

កាល​ពី​ពេល​ថ្មីៗ​នេះ ខេត្ត​កំពង់​ស្ពឺ​បាន​ធ្វើ​ឲ្យ​មហា​ជន​មាន​ការ​ភ្ញាក់​ផ្អើល​នឹង​គម្រោង​ដ៏​ធំ​មួយ​ទៀត​ នោះ​គឺ គម្រោង​វិនិយោគ​សាងសង់​អគារ​ភ្លោះ ខ្ពស់​កប់​ពពក​មួយ​ទៀត​ត្រៀម​រំលេច​ខ្លួន​ក្នុង​ខេត្ត​នា​ពេល​ខាង​មុខ​នេះ។

សូមចុចអាន៖ អស្ចារ្យ ! អគារ​ភ្លោះ​​ខ្ពស់​កប់​ពពក​នឹងរំលេច​ខ្លួន​​នៅ​ក្នុង​ទឹក​ដី​ខេត្ត​កំពង់​ស្ពឺ​

​​លោក​ វី សំណាង អភិបាលខេត្ត​កំពង់​ស្ពឺ ​បានថ្លែង​ថា ​អគារ​​ភ្លោះ​នឹង​ត្រូវ​សាងសង់​​នៅ​កណ្ដាល​​ក្រុង​ច្បារ​មន​ ខេត្ត​កំពង់​ស្ពឺ​ផ្ទាល់​តែ​ម្ដង​ដោយ​វិនិយោគិន​ខ្មែរ​ ​ ខណៈ​ការសិក្សា​​ពី​គម្រោង​ និង​ប្លង់​បាន​បញ្ចប់​​រួច​រាល់​ហើយ ដោយ​រង់ចាំ​តែ​ការ​សម្រេច ពី​ប្រមុខ​រាជ​រដ្ឋាភិបាល​ល​កម្ពុជា​តែ​ប៉ុណ្ណោះ។ ការ​​សាងសង់​​អគារ​​ភ្លោះ​ខ្ពស់​កប់​ពពក​នេះ រំពឹង​ថា នឹង​ទាក់ទាញ​​វិនិយោគិន​​​កាន់តែ​ច្រើន​​ឡើង​មក​បណ្ដាក់​ទុន​ក្នុង​ខេត្ត​កំពង់ស្ពឺ​ ខណៈ​ខេត្ត​មួយ​នេះ គឺជា​តំបន់​តភ្ជាប់​រវាង​ប៉ូល​សេដ្ឋកិច្ច​សំខាន់​ពីរ​​​របស់​កម្ពុជា ​គឺ​​រាជធានី​ភ្នំពេញ​ និង​​​ខេត្ត​ព្រះសីហនុ​។

ដោយ​មិន​បាន​បញ្ជាក់​ឈ្មោះ​ក្រុមហ៊ុន​បោះ​ទុន​វិនិយោគ និង​ទំហំ​ទឹក​ប្រាក់​ ​លោក​អភិបាល​ខេត្ត​បាន​ឱ្យ​ដឹង​ថា អគារ​​ភ្លោះ​ទី១​នេះ មាន​កម្ពស់ ៣២ ជាន់​ និង​ទី​២ មាន​​៦៤ ជាន់ ដោយ​មាន​ផ្សារ​ទំនើប អគារ​ការិយាល័យ និង​​កន្លែង​​កម្សាន្ត​ជាដើម​។

៣. ស្ពាន​អាកាស​ថ្មើរ​ជើង​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ ៤ ដែល​គ្រោង​ចំណាយ​៣០ម៉ឺន​ដុល្លារ

ស្ពាន​អាកាស​ថ្មើរ​ជើង​ កាត់​ផ្លូវ​ជាតិ​លេខ​៤​ ​ដំបូង​បង្អស់​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់​ស្ពឺ​ តម្លៃ​ជាង ៣០​ម៉ឺន​ដុល្លារ​អាម៉េរិក។ ស្ពាន​​នេះ​ត្រូវ​បាន​កសាង​​​​ឡើង​ ដើម្បី​សម្រួល​ការ​​ឆ្លងកាត់​​របស់​ប្រជាពលរដ្ឋ​ថ្មើរ​​ជើង​​​​ពី​​គ្រោះ​ថ្នាក់​ និង​ការ​កក​ស្ទះ​ចរាចរណ៍។

ឯក​ឧត្ដម វ៉ី សំណាង​ អភិបាល​ខេត្ត​កំពង់​ស្ពឺ​បាន​​ប្រាប់ Sabay ​​ឱ្យ​ដឹង​ថា ស្ពាន​​នេះ​នឹង​ត្រូវ​សាងសង់​​ត្រង់​ចំណុច​បេន​ឡាន​ផ្សារ​កំពង់​ស្ពឺ​ ដោយ​មាន​ប្រវែង​ ៣០​ម៉ែត្រ​ ​កម្ពស់​ ៥,២​ម៉ែត្រ​ ទទឹង​៣​ម៉ែត្រ​ ធ្វើ​ពី​បេតុង​អាមេ ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​លោក​ជំទាវ​បណ្ឌិត​ សៀង ចាន់​ហេង អគ្គនាយក​ក្រុម​ហ៊ុន​ ហេង អភិវឌ្ឍន៍ ក្នុង​តម្លៃ​សាង​សង់​ ៣៤​​ម៉ឺន​ដុល្លារ​អាមេរិក ហើយ​​ចំណាយ​ពេល​សាងសង់​​ជិត​មួយ​ឆ្នាំ។

សូមចុចអាន៖ ​កំពង់​ស្ពឺ​ទៀត​ហើយ​! ស្ពាន​អាកាស​ថ្មើរ​ជើង​កាត់​​ផ្លូវ​ជាតិ​លេខ៤​​តម្លៃ​ជាង ៣០​ម៉ឺន​​ដុល្លារ​​នឹង​​ត្រូវ​សាងសង់​ឆាប់​ៗ​នេះ​

ពេល​បច្ចុប្បន្ន​នេះ ខេត្ត​កំពង់ស្ពឺ បាន​និង​កំពុង​ពង្រីក​វិសាលភាព​ផ្នែក​សេដ្ឋកិច្ច កាន់តែ​ប្រសើរ​ជាង​មុន​ ខណៈ​​សិប្បកម្ម​ធន​តូ​ច​ និង​មធ្យម​នៅ​តាម​មូលដ្ឋាន​មាន​រហូត​រាប់​រយ​មូលដ្ឋាន ដែល​​អាច​ផ្ដល់​ការងារ​ដល់​កម្មករ​កម្មការិនី​រាប់​ម៉ឺន​នាក់។​ ការ​អភិវឌ្ឍ​​ខេត្ត​កំពង់ស្ពឺ​បច្ចុប្បន្ន​បាន​ត​ភ្ជាប់​គ្នា​ជាមួយ​រាជធានី​ភ្នំពេញ​រួចហើយ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ៤​។ រាជរដ្ឋាភិបាល​​នឹង​រៀបចំ តំបន់​តាម​ផ្លូវ​ជាតិ​លេខ៤ ពី​រាជធានី​ភ្នំពេញ ទៅកាន់​ខេត្ត​ព្រះសីហនុ ជា​តំបន់​ឧស្សាហកម្ម​នៅ​ឆ្នាំ​ ២០២៥ ខាងមុខនេះ៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់