• 2019-05-29 04:37:00
  • ការអប់រំ

ស្វែង​យល់​ ៥ចំណុច ដើម្បី​កសាង​ឥទ្ធិពល​របស់​ខ្លួន​ នៅ​កន្លែង​ការងារ

  • 2019-05-29 04:37:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​មធ្យោបាយ​ជា​ច្រើន​ដើម្បី​ពង្រឹង និង​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​នៅ​កន្លែង​ការងារ ក៏​ដូចជា​ធ្វើ​ឲ្យ​ការងារ​របស់​យើង​មាន​ភាព​រីក​ចម្រើន។ ប៉ុន្ដែ​នៅ​ថ្ងៃ​នេះ Sabay ចែក​រំលែក​ ៥​វិធី​ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​ឯង​មាន​ឥទ្ធិពល​នៅ​កន្លែង​ធ្វើ​ការ ។ តើ​វិធី​សាស្ត្រ​ទាំង ៥នោះ​មាន​អ្វីខ្លះ សូម​អាន​ខាង​ក្រោម​នេះ៖

រូបតំណាង

១. គំនិត​ដ៏​អស្ចារ្យ

ត្រូវ​បង្ហាញ​គំនិត​ដ៏​អស្ចារ្យ​របស់​អ្នក ដោយ​មាន​គោល​គំនិត​របស់​ខ្លួន​ប្រកប​ដោយ​ភាព​ជឿជាក់។ ដូច្នេះ​ការ​ធ្វើ​ការងារ​ត្រូវ​ធ្វើ​អ្វី​ដែល​យើង​មាន​ជំនាញ​ និង​អាច​ធ្វើ​បាន​ល្អ​បំផុត​ដែល​អាច​ធ្វើ​បាន​ ហើយ​ក៏​ត្រូវ​មាន​ភាព​ច្នៃ​ប្រឌិត និង​ការ​មិន​បោះបង់ ដោយ​ត្រូវ​មាន​របៀប​ធ្វើ​ការ​ផ្ទាល់​ខ្លួន ប្រកប​ដោយ​ការ​ពេញ​ចិត្ត និង​ជឿជាក់ ផងដែរ។ មួយ​ទៀត​ដើម្បី​បាន​គំនិត​ដ៏​អស្ចារ្យ​នោះ ត្រូវ​ឧស្សាហ៍​អាន​សៀវភៅ និង​ស្ដាប់​ឲ្យ​បាន​ច្រើន​ផងដែរ។

២. ការ​រៀប​ចំ​ខ្លួន ធ្វើ​ឲ្យ​គ្រប់​គ្នា​ទទួល​ស្គាល់​យើង

ដើម្បី​ទទួល​បាន​ឥទ្ធិពល​នៅ​កន្លែង​ធ្វើ​ការ​ យើង​ត្រូវ​ធ្វើ​ឲ្យ​មនុស្ស​ជុំ​វិញ​ខ្លួន​របស់​យើង​មាន​អារម្មណ៍​និង​មើល​ឃើញ​យើង​អស្ចារ្យ និង​រឹងមាំ​គ្រប់គ្រាន់។ ហើយ​យើង​ក៏​ត្រូវ​ចេះ​ជួយ​មនុស្ស​នៅ​ជុំវិញ​ខ្លួន​ដែល​ទន់​ខ្សោយ​ជាង​យើង និង​មិន​ត្រូវ​ប្រកាន់​គំនិត​ច្រណែន​ និង​មិន​ត្រូវ​បង្ហាញ​​អ្នក​ដទៃ​ថា​យើង​ភ័យ​ខ្លាច​នៅ​ពេល​មាន​បញ្ហា។

៣. ក្លាហាន និង​មិន​ចុះ​ចាញ់

ក្រោយ​ជួប​បញ្ហា​តូច​ធំ យើង​មិន​ត្រូវ​ឆ្លេឆ្លា​នោះ​ទេ ផ្ទុយ​ទៅ​វិញ​ត្រូវ​ធ្វើ​ឲ្យ​ធម្មតា ហើយ​ព្យាយាម​រក​មូល​ហេតុ​នៃ​បញ្ហា តម្រៀប​បញ្ហា​ វិភាគ​បញ្ហា និង​ធ្វើ​ការ​ដោះស្រាយ។ បើ​ពុំ​ដូច្នេះ​ទេ នៅ​ពេល​មាន​​បញ្ហា​បែរ​យើង​ឆ្លេឆ្លា​ គឺ​បង្ហាញ​ពី​ភាព​ភ័យ​ខ្លាច និង​កម្សោយ​របស់​យើង ដែល​ធ្វើ​ឲ្យ​មនុស្ស​ជុំវិញ​ខ្លួន​របស់​យើង​បាត់បង់​ នូវ​ការ​ជឿជាក់ ឬ​យើង​មិន​អាច​ក្លាយ​ជា​បង្គោល​សម្រាប់​ពួកគេ​​ នោះ​ឡើយ។

៤. ការ​ស្វែង​រក​ការ​គាំទ្រ

ត្រូវ​បង្កើត​ទំនាក់ទំនង​ល្អ​បំផុត​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន​ជាពិសេស​មនុស្ស​ ដែល​លំបាក​បំផុត និង​បុគ្គលិក​មួយ​ចំនួន​ ដែល​មិន​ចូល​ចិត្ត​យើង​ឲ្យ​ក្លាយ​ទៅ​ជា​ការ​គាំទ្រ​វិញ។ មួយ​ទៀត​ត្រូវ​បង្កើត​ទំនាក់ទំនង​ល្អ​រវាង​ថ្នាក់​លើ និង​ថ្នាក់​ក្រោម ដើម្បី​គាំទ្រ​រាល់​គំនិត​ និង​គម្រោង​របស់​យើង​ផង​ដែរ។

រូបតំណាង

៥. ការ​ប្រកួតប្រជែង​​នៅ​ក្នុង​ឱកាស​ការងារ

មនុស្ស​ដែល​មាន​សមត្ថភាព​ និង​មាន​ភាព​ច្បាស់​លាស់​រមែង​មិន​ខ្លាច មិន​ចុះ​ចាញ់ គ្រប់​ស្ថានភាព​ហើយ​ពួកគេ​រមែង​ធ្វើ​ការ​ផ្លាស់ប្ដូរ​នៅ​អ្វី​ដែល​ថ្មី​នៅ​ចំពោះ​មុខ រួម​ទាំង​ការ​អភិវឌ្ឍ​ខ្លួន ​ដើម្បី​ឡើង​តំណែង​ ផង​ដែរ។ ដូច្នេះ​នៅ​ក្នុង​ការ​ផ្លាស់ប្ដូរ​អ្វី​មួយ​រមែង​មាន​សម្ពាធ​ពី​បរិស្ថាន​ជុំវិញ​ខ្លួន​ និង​មនុស្ស​ពូកែ​ៗ​ជា​ច្រើន​ទៀត​ ប៉ុន្តែ​រាល់​ការ​ប្រកួត​ប្រជែង​ដោយ​ច្បាម​យក​ឱកាស​ណាមួយ​ មិន​ត្រូវ​ជាន់​ពន្លិច​អ្នក​ដទៃ ឬធ្វើ​ឲ្យ​គេ​រង​ការ​ឈឺចាប់​ ​នោះ​ឡើយ​ ព្រោះ​នឹង​ធ្វើ​ឲ្យ​យើង​កាន់​តំណែង​មិន​បាន​យូរ ផ្ទុយ​ទៅ​វិញ​ត្រូវ​បង្ហាញ​សមត្ថភាព​ខាង​ក្នុង​ខ្លួន​របស់​យើង​ឲ្យ​ខ្លាំង និង​ការ​ជ្រោមជ្រែង​មនុស្ស​ជុំវិញ​ខ្លួន​ប្រកប​ដោយ​ភាព​វិជ្ជមាន៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់