• 2019-05-29 23:30:00
  • ការអប់រំ

ទម្លាប់​មិន​ល្អ​ ៤ បុគ្គលិក​មិន​អាច​រីក​ចម្រើន និង​ប្រឈម​អស់​ការងារ​ថែម​ទៀត

  • 2019-05-29 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចង់​ក្លាយ​ជា​បុគ្គល​ជោគជ័យ​មិនមែន​ជា​រឿង​លំបាក​ ហើយ​ក៏​មិនមែន​ជា​រឿង​ងាយ​ស្រួល​នោះ​ដែរ។ ដូច្នេះ​ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​ឯង​មាន​ការ​រីក​ចម្រើន​ទៅ​មុខ​លុះ​ត្រា​ មនុស្ស​គ្រប់​គ្នា​ហ៊ាន​ទទួល​ស្គាល់​នូវ​ការ​ពិត នៃ​ទម្លាប់​មិន​ល្អ​របស់​ខ្លួន​ ហើយ​ជម្រះ​នូវ​ទម្លាប់​មិន​ល្អ​ទាំង​នោះ​ចោល ចាប់​យក​ទម្លាប់​ល្អ​វិញ នោះ​នឹង​ធ្វើ​ឲ្យ​យើង​រីក​ចម្រើន​ទៅ​មុខ​មិន​ខាន។ ដូច្នេះ​ Sabay សូម​ណែនាំ​ទម្លាប់​មិន​ល្អ​ ៤ ដែល​នាំ​ឲ្យ​យើង​មិន​រីក​ចម្រើន​ ហើយ​ផ្ទុយ​ទៅ​វិញ​ប្រឈម​នឹង​ការ​បណ្ដេញ​ចេញ​ពី​ការងារ បើ​មិន​ព្រម​ផ្លាស់ប្ដូរ​ទម្លាប់​អាក្រក់​នេះ​ទេ។

តោះ​! ប្រិយមិត្ត​ប្រសិន​បើ​មិន​ចង់​អស់​ការងារ​ទេ សូម​ធ្វើ​ការ​ផ្លាស់ប្ដូរ​ភ្លាម ដោយ​មិន​ត្រូវ​ដើរ​តាម​ទម្លាប់​មិន​ល្អ​ខាង​ក្រោម​នេះ៖

១. ការប្រើប្រាស់​ពេល​វេលា​មិន​ត្រឹមត្រូវ៖

  • មក​ធ្វើ​ការ​យឺត​ម៉ោង៖ ការ​គោរព​ពេល​វេលា​គឺជា​កត្តា​សំខាន់​ ប្រសិន​បើ​យូរ​ៗម្ដង​យើង​មក​ធ្វើ​ការ​យឺត​នោះ​មិន​អី​ទេ ប៉ុន្តែ​ស្ទើរ​ជា​រៀង​រាល់​ថ្ងៃ​រមែង​មក​ធ្វើ​ការ​យឺត​ ដោយ​យក​លេស​ដដែល​ៗ​ ដូចជា ស្ទះ​ចរាចរណ៍, ជាប់​កិច្ចការ​ផ្ទះ, មើល​កូន, សុខភាព​មិន​ល្អ ដែល​ហេតុ​ផល​ដដែល​ៗ​នេះ នឹង​ធ្វើ​ឲ្យ​ពិន្ទុ​ការងារ​របស់​យើង​ធ្លាក់​ចុះ ព្រោះ​ទម្លាប់​មិន​ល្អ ដែល​ដឹង​ថា​ចំណុច​ទាំង​អស់​នេះ​នាំ​ឲ្យ​យឺត​មិន​ខិតខំ​ប្រឹងប្រែង​ងើប​ឲ្យ​បាន​ពី​ព្រឹក​ឬ​ចេញ​ដំណើរ​មក​ធ្វើ​ការ​ឲ្យ​បាន​មុន​ស្ទះ​ចរាចរណ៍​ជា​ដើម។

  • ឆ្លៀត​ធ្វើ​អ្វីៗ​ខុស​ពី​ការងារ៖ ទទួល​ស្គាល់​ថា គ្មាន​នរណា​ម្នាក់​ផ្ចង់​អារម្មណ៍​ធ្វើ​ការ​រហូត​ពេញ​៨ម៉ោង​នោះ​ទេ រមែង​រក​វិធី​សម្រាក​កាយ​ ចិត្ត ដើម្បី​ឲ្យ​ស្ថានភាព​ផ្លូវ​ចិត្ត​ប្រសើរ ប៉ុន្ដែ​ក៏មិនគួរ​យក​លេស​នេះ​ធ្វើ​ខុស​រឿង​ខ្លាំង​ដូចជា យក​ពេល​វេលា​ប្រើប្រាស់​ហ្វេសបុក​ផ្ទាល់​ខ្លួន​ច្រើន​ពេក ស្ដាប់​ចម្រៀង​ មើល​រឿង​តាម​ YouTube ឬ​ការ​ឆាត​ឆ្លង​ឆ្លើយ​តាម​សារ​អេឡិច​ត្រូនិក​ច្រើន​ហួសហេតុ​ដែល​ភាគ​ច្រើន​ជា​រឿង​ផ្ទាល់​ខ្លួន​មិន​មែន​កន្លែង​ការងារ។

  • ស្អែក​ចាំ​បង្ហើយ៖ ជាទូទៅ​មនុស្ស​រមែង​ល្វើយ​នៅ​ចុង​ម៉ោង​នៅ​ពេល​គៀក​ចេញ​ពី​ធ្វើ​ការងារ​ដើម្បី​ទៅ​ផ្ទះ ដូច្នេះ​ពួកគេ​រីក​រាយ​នឹង​បាន​សម្រាក។ ប៉ុន្តែ​បើ​ទោះ​ជា​បែប​នេះ​ក្ដី ប្រសិន​បើ​ការងារ​ចាំ​បាច់​ យើង​គួរ​តែ​បង្ហើយ​វា​ឲ្យ​រួច​បើ​ទោះ​ចុង​ម៉ោង​ក៏ដោយ កុំ​ទុក​វា​នៅ​ស្អែក​ នៅ​ពេល​ទម្លាប់​​ស្អែក​ចាំ​បង្ហើយ អាច​នឹង​ធ្វើ​ឲ្យ​ធ្លាប់​ខ្លួន ឬ​កិច្ចការ​មួយ​ចំនួន​រមែង​មិន​ទាន់​តាម​កាល​កំណត់​របស់​ថ្នាក់​លើ ឬ​កៀក​បាន​ធ្វើ​ ធ្វើ​ឲ្យ​ការងារ​មិន​សូវ​បាន​ល្អ។

២. ការ​រអ៊ូរទាំ៖ ការងារ​មាន​ស្រាល​មាន​ធ្ងន់ ហើយ​គ្រប់​មនុស្ស​រមែង​បញ្ហា​ផ្ទាល់​ខ្លួន​ផងដែរ។ ទោះ​យ៉ាង​ណា​យើង​ក៏​មិន​ត្រូវ​រអ៊ូរទាំ​រឿង​ផ្ទាល់​ខ្លួន​ច្រើន​ពេក ឬ​ត្អូញត្អែរ​អំពី​ភាព​ហត់​នឿយ​ច្រើន​ហួស​ហេតុ​ទៅ​កាន់​មនុស្ស​គ្រប់​គ្នា​នៅ​កន្លែង​ធ្វើ​ការ ដែល​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​មិន​ពេញ​ចិត្ត​នឹង​យើង ឬ​ធ្វើ​ឲ្យ​កម្សោយ​នៃ​ការងារ។ ប្រសិន​បើ​ការងារ​នោះ​ធ្ងន់​ពិបាក​រែក​ពន់​ យើង​អាច​ប្រកាស​រក​ជំនួយ​ពី​ក្រុម​ការងារ ឬ​ពី​ប្រធាន​ផ្នែក ហើយ​ប្រសិន​បើ​មាន​បញ្ហា​គ្រួសារ​ខ្លាំង​អាច​សុំ​ច្បាប់​សំរាក ដើម្បី​កាត់​ទម្លាប់​មិន​ល្អ ដែល​រអ៊ូរទាំ​ច្រើន​នៅ​កន្លែង​ធ្វើ​ការ។

៣. ទម្លាប់​មិន​ហ៊ាន​ទទួល​ការងារ​ធំ៖ មនុស្ស​មួយ​ចំនួន​មិន​ហ៊ាន​ផ្លាស់​ប្ដូរ​អ្វី​ដែល​ថ្មី ចូលចិត្ត​ធ្វើ​អ្វី​ធម្មតា​ៗ និង​ធ្លាប់​ធ្វើ​ ដូច្នេះ​ពួកគេ​នឹង​មាន​ទម្លាប់​មួយ​នៅ​ពេល​មេ​ដាក់​ការងារ​ឲ្យ​រមែង​ប្រកែកញ៉ាញ​ថា "ខ្ញុំ​ធ្វើ​មិន​កើត" ។ ដូច្នេះ​ដើម្បី​ផ្លាស់​ប្ដូរ​ទម្លាប់​មិន​ល្អ​នេះ​ចេញ ដោយ​ងាក​មក​បង្កើត​នូវ​ជំនឿ​លើ​ខ្លួន​ឯង​ ដោយ​ជំនួស​មក​វិញ​នូវ​ពាក្យ​ថា "ខ្ញុំ​អាច​ធ្វើ​បាន" ហើយ​ផ្ដោត​លើ​គោល​ដៅ របស់​ខ្លួន​ និង​រៀប​ចំ​គម្រោង​រួច​ជា​ស្រេច​ដើម្បី​សម្រេច​វា។ ដូច្នេះ​អ្នក​គួរ​បង្កើត​រូបភាព​ជោគជ័យ​សម្រាប់​ជីវិត​ខ្លួន​ឯង ហើយ​ជឿ​ថា​អ្នក​អាច​សម្រេច​បាន​នូវ​រឿង​គ្រប់​យ៉ាង​មក​វិញ។

៤. ទម្លាប់​ធ្វើ​ការ​មិន​ដាក់​វិន័យ​សម្រាប់​ខ្លួន​ឯង៖ គ្មាន​បុគ្គល​ជោគជ័យ​ណា​មួយ​ដែល​មិន​បាន​បង្កើត​វិន័យ​ខ្លួន​ឯង​នោះ​ទេ វិន័យ​គឺជា​កត្តា​សំខាន់​នាំ​ឲ្យ​យើង​សម្រេច​បាន​នូវ​គោល​ដៅ​របស់​ខ្លួន។ ដូច្នេះ​ត្រូវ​ចាប់​ផ្ដើម​ធ្វើ​ការ​ដាក់​វិន័យ​ខ្លួន​ឯង ហើយ​ព្យាយាម​ធ្វើ​កិច្ចការ​ទៅ​តាម​ផែន​ការ​របស់​ខ្លួន​ដែល​បាន​ដាក់​ចេញ​តាម​កាល​វិភាគ​ប្រចាំ​ថ្ងៃ ប្រចាំ​សប្ដាហ៍ ប្រចាំ​ខែ និង​ឆ្នាំ​ជាដើម។

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់