• 2019-08-27 10:40:00
  • ចរាចរណ៍

ដើរ​លេង​ទៅ​កន្លែង​ដែល​អ្នក​មិន​ចេះភាសា ​គួរ​ធ្វើ​យ៉ាងណា?

  • 2019-08-27 10:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចូលចិត្ត​ដើរលេង​នៅ​ប្រទេស​ក្រៅ​មែន​ទេ? ពិបាក​ក្នុង​ការ​ ទំនាក់ទំនង​ជាមួយ​ជនជាតិ​គេ​មែន​ទេ? ទាំង​នេះ​លែង​ជា​ការ​បារម្ភ​ទៀត​ហើយ​ បើ​អ្នក​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​មុន​នឹង​ទៅ​កន្លែង​ណា​មួយ ឬ​បាន​ស្រាវជ្រាវ​ថា​កន្លែង​នោះ​និយាយ​ភាសា​អ្វី នោះ​ការ​ធ្វើ​ដំណើរ​របស់​អ្នក​នឹង​កាន់​តែ​​មាន​ភាព​ងាយ​ស្រួល ព្រម​ទាំង​សប្បាយ​រីករាយ​ជាក់​ជា​មិន​ខាន។

ទាំង​នេះ ​ជា​ជំនួយ​មួយ​ចំនួន​ដែល​​អ្នក​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ក្រៅ​អាច​ត្រៀម​ទុក​៖

១.រៀន​ឃ្លា​ពីរបី​មុន​ពេល​ទៅ

មុន​ពេល​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ក្រៅ​ គួរ​រៀន​ពាក្យ​មួយ​ចំនួន​ដើម្បី​ងាយ​ស្រួល​ទំនាក់​ទំនង​ទៅ​អ្នក​ដ៏​ទៃ។ អ្នក​ដែល​មិន​ចេះ​ភាសា​គួរ​រៀន​មូលដ្ឋាន​គ្រឹះ​មួយ​ចំនួន​ដូចជា ពាក្យ "សួស្ដី អគុណ សុំទោស និង​ សូមអត់ទោស" ទាំង​នេះ​គ្រាន់​តែ​ជា​ពាក្យ​ និង​ឃ្លា​ងាយ​ៗ​ក្នុង​ការ​ទំនាក់​ទំនង​ទៅ​ជន​ជាតិ​គេ។

២. ទូរសព្ទ​ស្មាតហ្វូន

ពិត​ណាស់​ទូរសព្ទ​ស្មាត​ហ្វូន ជា​មិត្ត​សំខាន់​សម្រាប់​មនុស្ស​គ្រប់​គ្នា​ នា​សម័យ​បច្ចុប្បន្ន​នេះ ហើយ​ទូរសព្ទ ក៏​ជា​ជំនួយ​យ៉ាង​ពិសេស​ពេល​អ្នក​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ក្រៅ​ផង​ដែរ។ អ្នក​អាច ដោត​ឡួត App ភាសា​ដែល​អ្នក​នឹង​ទៅ​លេង ព្រោះ​ថា​សម័យ​ជឿន​លឿន​នេះ បើ​ទោះ​បី​ជា​អ្នក​មិន​ចេះ​ភាសា​ក៏​អាច​ទំនាក់ទំនង​ទៅ​គេ​បាន​យ៉ាង​ងាយ​ស្រួល ដោយ​គ្រាន់​តែ​ប្រើ​ប្រាស់​ទូរសព្ទ​ស្មាតហ្វូន​ប៉ុណ្ណោះ។

៣. សៀវភៅ​ទេសចរណ៍

បើ​ទោះ​បី​ជា​បច្ចុប្បន្ន​ ស្មាតហ្វូន ងាយ​ស្រួល​ក៏​ដោយ​តែ​យ៉ាង​ណា​គួរ​ត្រៀម​សៀវភៅ​សន្ទនា​ទុក​មួយ​ ព្រោះ​ពេល​ខ្លះ​ ស្មាតហ្វូន​របស់​អ្នក​អាច​នឹង​អស់​ថ្ម ហើយ​បើ​សិន​ជា​អ្នក​ទិញ​សៀវភៅ ក៏​អាច​អោយ​អ្នក​អាច​រៀន​ភាសា​គេ​បាន​ពេល​ធ្វើ​ដំណើរ ទាំង​នេះ​គឺ​ចំណេញ​បាន​ទាំង​សង​ខាង។

៤. រៀប​ផែន​ការ​ទុក​ជា​មុន

នៅ​ពេល​អ្នក​រៀប​ចំ​ទុក​ជា​មុន​ថា​កន្លែង​ណា​ដែល​អ្នក​នឹង​ទៅ​លេង ហើយ​កន្លែង​ណា​ដែល​អ្នក​នឹង​ស្នាក់​នៅ វា​នឹង​ធ្វើ​ឲ្យ​ការ​ធ្វើ​ដំណើរ​អ្នក​កាន់​តែ​សប្បាយ​រីករាយ​។ បន្ទាប់​ពី​រៀបចំ​ផែន​ការ​រួច​អ្នក​គួរ ព្រីន​ក្រដាស​ផែន​ការ​ទុក​ក្នុង​កាបូប​ដៃ​ដើម្បី​ងាយ​ស្រួល​ចង្អុល​​ប្រាប់​អ្នក​បើកបរ​ ជូន​ទៅ​អោយ​ដល់​គោល​ដៅ​​ បើ​ទោះ​បី​ជា​អ្នក​មិន​ចេះ​ភាសា​ក៏​ដោយ។

៥.ភាសា​កាយ​វិការ

កុំ​មើល​ស្រាល​ភាសា​កាយវិការ​។ មិន​ថា​អ្នក​ចង្អុល​ម្រាមដៃ ឬ គ្រវីក្បាល​ អ្នក​ដ៏​ទៃ​អាច​នឹង​យល់​ថា​អ្នក​នឹង​ចង់​បាន​អ្វី។ ដូច​នេះ​បើ​អ្នក​មិន​ដឹង​ថា​និយាយ​ពាក្យ​យ៉ាងម៉េច អ្នក​គ្រាន់​តែ​ញញឹម​ហើយ​ចង្អុល​ប្រាប់​ពី​ទិសដៅ ឬ​របស់​អ្វី​មួយ​ដែល​អ្នក​ចង់​បាន៕

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់