- 2019-10-17 06:10:47
- ចរាចរណ៍
រថយន្តដឹកអ្នកដំណើរឆាបឆេះក្រោយបុកគូទរថយន្តសណ្ដោងរ៉ឺម៉ក
- 2019-10-17 06:10:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រថយន្តដឹកអ្នកដំណើរឆាបឆេះក្រោយបុកគូទរថយន្តសណ្ដោងរ៉ឺម៉ក
ចន្លោះមិនឃើញ
សមត្ថកិច្ចខេត្តកំពង់ស្ពឺឲ្យដឹងថារថយន្តដឹកអ្នកដំណើរប្រភេទ១៨កៅអីមួយគ្រឿងត្រូវឆេះខូចខាតទាំងស្រុងក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងកាលពីយប់មិញនៅលើផ្លូវជាតិលេខ៤។
ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានសរសេរលើ ទំព័រហ្វេសប៊ុករបស់ខ្លួននារសៀលនេះថាកាលពីយប់មិញវេលាម៉ោង១១ និង៥៥នាទីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ រថយន្តដឹកអ្នកដំណើរប្រភេទ១៨កៅអីមួយគ្រឿងមានដឹកអ្នកដំណើរចំនួនប្រាំមួយនាក់ធ្វើដំណើរពីលិចទៅកើតបាន ជួបគ្រោះថ្នាក់នេះ។
ហេតុការណ៍នេះកើតឡើងនៅចន្លោះគីឡូម៉ែត្រលេខ៣៨ និង៣៩ ដោយរថយន្ដដឹកអ្នកដំណើរបុកគូទរថយន្តដណ្ដោងរ៉ឺម៉កកំពុងឈប់នៅខាងស្តាំដៃ។ សមត្ថកិច្ចថារថយន្តឈប់ចតនោះមានកង់ម្ខាងនៅលើផ្លូវកៅស៊ូ និងម្ខាងទៀតនៅលើផ្នែកគ្រួសក្រម។ ក្រោយហេតុការណ៍ប្រមាណ១៥នាទីរថយន្តដឹកអ្នកដំណើរក៏បានឆ្លងចរន្តអគ្គិសនីឆេះតែម្តង ស្របពេលអ្នកដំណើរត្រូវបានយកចេញពីរថយន្តរួចរាល់។
សមត្ថកិច្ចបញ្ជាក់ថាអ្នកដំណើរទាំងប្រាំមួយនាក់មានពីរនាក់របួសធ្ងន់ និងបួននាក់ទៀតរបួសស្រាល ចំណែកអ្នកបើកបររថយន្តដឹកអ្នកដំណើរមិនស្គាល់អត្តសញ្ញាណ៕