• 2019-10-18 08:00:26
  • សេដ្ឋកិច្ច

ប្រាសាក់ ក្លាយជាសមាជិកថ្មីរបស់ប្រព័ន្ធទូទាត់បាគង

  • 2019-10-18 08:00:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីពេលថ្មីៗនេះ ប្រាសាក់ ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា បានក្លាយជាសមាជិកថ្មី នៃប្រព័ន្ធបាគង ដែលជាកម្មវិធីទូទាត់នៅលើទូរសព្ទដៃ ដែលអនុញ្ញាតឱ្យអតិថិជនអាចធ្វើប្រតិបត្តិការអន្តរធនាគារ និងទូទាត់វិក្កយបត្របានយ៉ាងងាយស្រួលនៅកម្ពុជា។

ផ្ដួចផ្ដើមឡើង និងចាត់ចែងដោយធនាគារជាតិនៃកម្ពុជា គម្រោងប្រព័ន្ធបាគងនេះ មានគោលបំណងជំរុញប្រព័ន្ធទូទាត់ឱ្យកាន់តែមានប្រសិទ្ធភាព និងលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជា។

លោក សាយ សូនី នាយកប្រតិបត្តិរបស់ប្រាសាក់ បានមានប្រសាសន៍ថា «ប្រាសាក់ពិតជាមានកិត្តិយសនិងសប្បាយរីករាយដែលបានក្លាយជាចំណែកដ៏សំខាន់មួយនៃគម្រោងបាគងរបស់ធនាគារជាតិនៃកម្ពុជា។ នេះជាកម្មវិធីទូទាត់នៅលើទូរស័ព្ទដៃដោយប្រើប្រាស់បច្ចេកវិទ្យា Blockchain ដែលនឹងពាំនាំរាល់គ្រឹះស្ថាន ដែលផ្ដល់សេវាទូទាត់និងគ្រឹះស្ថានហិរញ្ញវត្ថុឱ្យស្ថិតនៅប្រព័ន្ធតែមួយ ក្នុងគោលបំណងបង្កលក្ខណៈងាយស្រួលដល់អ្នកប្រើប្រាស់ព្រមទាំងសម្រួលដល់ការចាត់ចែងសាច់ប្រាក់ប្រចាំថ្ងៃផងដែរ»

លោកបន្ថែមថា «បាគង ជាសេវាទូទាត់ដែលអនុញ្ញាតឱ្យអតិថិជនអាចធ្វើប្រតិបត្តិការអន្តរធនាគារ និងទូទាត់វិក្កយបត្របានយ៉ាងងាយស្រួល លឿនរហ័ស ប្រកបដោយសុវត្ថិភាព និងមិនអស់កម្រៃសេវា។ ហេតុនេះអតិថិជនអាចរីករាយប្រើប្រាស់សេវានេះក្នុងការផ្ទេរប្រាក់ ទូទាត់ ដាក់ប្រាក់ និងទទួលប្រាក់ដោយងាយស្រួល»

លោកក៏បានលើកឡើងផងដែរថា បាគង គឺជាកម្មវិធីទូរស័ព្ទតែមួយគត់ ដែលរួមបញ្ចូលគ្នានូវសេវាកាបូបលុយអេឡិចត្រូនិក ការទូទាត់តាមទូរស័ព្ទចល័ត ការធ្វើសេវាធនាគារតាមអនឡាញ និងសេវាកម្មហិរញ្ញវត្ថុផ្សេងទៀត ដែលមានមុខងារងាយស្រួលប្រើជាងគេ ដំបូងគេ និងមានធនាគារជាដៃគូច្រើនជាងគេបង្អស់នៅកម្ពុជា។

លោក សាយ សូនី ក៏បានគូសបញ្ជាក់ផងដែរថា កម្មវិធីទូទាត់ដ៏អស្ចារ្យនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនប្រកបដោយបរិយាប័ន្ន និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងជាយានក្នុងការអូសទាញកំណើនយ៉ាងរឹងមាំនៅក្នុងយុគសម័យ ឌីជីថលនេះ។

លោកក៏បានបញ្ជាក់ទៀតថា គម្រោងបាគងនេះ គឺជាគម្រោងមួយក្នុងចំណោមគម្រោងនានាដែលប្រាសាក់បានសហការជាមួយធនាគារជាតិនៃកម្ពុជាក្នុងការធ្វើឱ្យការទូទាត់កាន់តែមានប្រសិទ្ធភាព ដូចជាសេវាទូទាត់រហ័ស និងខេមបូឌាន ស៊ែរ ស្វ៊ីច ជាដើម។

សូមដោនឡូដយកកម្មវិធី បាគង ឥឡូវនេះពីក្នុង

- App Store: https://apps.apple.com/us/app/bakong/id1440829141

- Play Store: https://play.google.com/store/apps/details?id=jp.co.soramitsu.bakong

និងរីករាយជាមួយមធ្យោបាយថ្មីនៃការទូទាត់ និងផ្ទេរប្រាក់ នៃយុគសម័យថ្មីដោយភាពងាយស្រួល និងសុវត្ថិភាព។

អត្ថបទ៖ វិបុត្រ

មតិយោបល់