• 2019-12-09 02:14:19
  • សេដ្ឋកិច្ច

ផែន​ការ​មេ​ប្រព័ន្ធ​ដឹក​ជញ្ជូន​ពហុ​មធ្យោបាយ​នៅ​កម្ពុជា ​២០២១-២០៣០ នឹង​បញ្ចប់​នៅ​ពាក់​កណ្ដាល​ឆ្នាំ​ក្រោយ

  • 2019-12-09 02:14:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​កម្ពុជា​នឹង​បញ្ចប់​ការ​រៀប​ចំ​ផែន​ការ​មេ​សម្រាប់​ប្រព័ន្ធ​ដឹកជញ្ជូន​ពហុ​មធ្យោបាយ​​ឆ្នាំ​ ២០២១-២០៣០​នៅ​ពាក់​កណ្ដាល​ឆ្នាំ​​២០២០​ខាងមុខនេះ ។ កិច្ច​ប្រជុំ​អន្តរ​ក្រសួង​ដែល​ត្រូវ​បាន​​ចាប់​ផ្ដើម​​នៅ​ពាក់​កណ្ដាល​សប្ដាហ៍​មុន​​នៅ​ទី​ស្តី​ការ​ក្រសួង​សេដ្ឋកិច្ច​​ និង​ហិរញ្ញវត្ថុ ត្រូវ​បាន​រៀបចំ​ឡើង​ក្រោម​វត្តមាន​លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី ​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ​ និង​ជា​ប្រធាន​គណៈកម្មាធិការ​គោល​នយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ (គ.ស.ហ)​ លោក ស៊ុន ចាន់​ថុល រដ្ឋមន្រ្តី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ លោក សាយ សំអាល់ ​រដ្ឋមន្ត្រីក្រសួងបរិស្ថាន,​ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រី​ប្រតិភូអមនាយករដ្ឋមន្រ្តី​ ព្រមទាំង​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​ និង​មន្រ្តី​បច្ចេកទេស​របស់​ក្រសួង-ស្ថាប័ន​ពាក់​ព័ន្ធនានា​។ ។

​ក្រោម​ជំនួយ​ហិរញ្ញ​វត្ថុ​របស់ប្រទេសចិន​ “សេច​ក្តី​ព្រាង​ផែន​ការ​មេ”​ ​នេះ ត្រូវ​បាន​រៀប​ចំ​ដោយ​ក្រុមហ៊ុន ​China International Engineering Consulting Corporation (CIECC) ​ចាប់​តាំង​ពី​ពាក់​កណ្តាល​ឆ្នាំ​២០១៨​មក ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០២០​ខាងមុខ​។ មក​ទល់​​ពេល​នេះ ​ក្រុម​ការងារ​បាន​បញ្ចប់​សេចក្តី​ព្រាង ​និង​កំពុង​ដាក់​ស្នើ​សុំ​យោបល់ ​និង​អនុសាសន៍​បន្ថែម​ពី​ភាគី​ពាក់ព័ន្ធ ​សំដៅ​កែ​លម្អ​ឱ្យ​កាន់​តែ​សុក្រឹត​​ និង​គ្រប់​ជ្រុង​ជ្រោយ ​។​

“សេចក្តី​ព្រាង​ផែន​ការ​មេ”​ នេះ ​ត្រូវ​បាន​រៀប​ចំ​ឡើង​ ក្នុង​គោល​បំណង ​ដើម្បី​ជំរុញ​ការ​តភ្ជាប់​របស់​កម្ពុជា​ កាត់​បន្ថយ​ថ្លៃ​ដឹក​ជញ្ជូន ​និង​ឡូជីស្ទីក​ ​និង​ជំរុញ​សមាហរណកម្ម​កម្ពុជា​ទៅ​ក្នុង​តំបន់​ និង​ពិភពលោក, ​បង្កើន​ភាព​ប្រកួត​ប្រជែង ​និង​ពិពិធកម្ម ​សេដ្ឋកិច្ច​កម្ពុជា​ សំដៅ​ធានា​និរន្តភាព​នៃ​កំណើន​សេដ្ឋកិច្ច​ ក្នុង​កម្រិត​ឧត្តមានុពល​។

“សេចក្តី​ព្រាង​ផែន​ការមេ​” ​នេះ​ រួម​បញ្ចូល​ផែន​ការ​មេ​ចំនួន​៧ ដែល​ក្នុង​នោះ ​រួម​មាន​៖

  • ១​.​ ផែន​ការ​មេ​ប្រព័ន្ធ​ដឹក​ជញ្ជូន​ពហុ​មធ្យោបាយ ​(intermodal transport)​  
  • ២.​ ផែន​ការ​មេ​ដឹក​ជញ្ជូន​ផ្លូវ​គោក​
  • ៣. ផែន​ការ​មេ​ដឹក​ជញ្ជូន​ផ្លូវ​ដែក
  • ​៤. ​ផែន​ការ​មេ​ដឹក​ជញ្ជូន​ផ្លូវ​ទឹក​  
  • ៥. ផែន​ការ​មេ​ដឹក​ជញ្ជូន​ផ្លូវ​សមុទ្រ
  • ​៦​.​ ផែន​ការ​មេ​ដឹក​ជញ្ជូន​ផ្លូវ​អាកាស ​និង​
  • ៧. ​ផែន​ការ​មេ​សម្រាប់​ប្រព័ន្ធ​ឡូ​ជីស្ទីក​​។

ទន្ទឹម​នេះ​​ រាជរដ្ឋាភិបាល​កម្ពុជា ​ក៏​សម្លឹង​ឃើញ​នូវ​តួនាទី​ដ៏​សំខាន់​មួយ​ទៀត​របស់​ផែន​ការ​មេ​នេះ​ ដែល​ជា​ឯកសារ​ចង្អុល​ទិស​ក៏​ដូច​ជា​កំណត់​នូវ​ក្របខ័ណ្ឌ​រួម​ នៃ​ផែន​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនាសម្ព័ន្ធ​ដឹក​ជញ្ជូន​គ្រប់​មធ្យោបាយ ​រួម​ទាំង​ប្រព័ន្ធ​ឡូជីស្ទីក​ ដែល​នឹង​ជួយ​បង្កើន​ប្រសិទ្ធភាព​វិនិយោគ​សាធារណៈ​លើ​ហេដ្ឋារចនាសម្ពន្ធ​ដឹកជញ្ជូន​នៅ​កម្ពុជា​ផង​ដែរ​។

ឆ្លង​តាម​បទ​បង្ហាញ​របស់​ក្រុម​ការងារ​បច្ចេកទេស​ អង្គ​ប្រជុំ​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ “សេចក្តី​ព្រាង​ផែន​ការមេ”​ ដែល​មាន​លក្ខណៈ​គ្រប់​ជ្រុង​ជ្រោយ​ មាន​ភាព​ប្រទាក់​ក្រឡា​ និង​ស៊ី​សង្វាក់​រវាង​មធ្យោបាយ​ដឹក​ជញ្ជូន​ចាំ​បាច់​នានា ​ជា​ពិសេស​ឆ្លើយ​តប​ខ្ពស់​ទៅ​នឹង​បរិការណ៍​កម្ពុជា​នា​ពេល​បច្ចុប្បន្ន និង​អនាគត ។​

សេចក្ដី​ព្រាង​ផែន​ការ​មេ”​ នេះ ​បាន​ផ្ដល់​ជា​ជម្រើស​វិធាន​ការ​ថា ​ត្រឹម​ឆ្នាំ ​២០៣០ ការ​ដឹក​ជញ្ជូន​ផ្លូវ​គោក​នៅ​តែ​ជា​អាទិភាព​សម្រាប់​កម្ពុជា​ ប៉ុន្តែ​ត្រូវ​ផ្ដោត​លើ​គុណភាព​ឱ្យ​ច្រើន​ជាង​បរិមាណ ​ហើយ​ត្រូវបន្ត​អភិវឌ្ឍ​ការ​ដឹក​ជញ្ជូន​ផ្លូវ​អាកាស​ ការ​ដឹក​ជញ្ជូន​ផ្លូវ​សមុទ្រ​ ព្រម​ទាំង​ស្តារ​ និង​ពង្រឹង​ឡើង​វិញ​ទៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ ​និង​ការ​តភ្ជាប់​ការ​ដឹក​ជញ្ជូន​ផ្លូវ​ដែក ​និង​ផ្លូវ​ទឹក​។ “សេចក្តី​ព្រាង​ផែន​ការ​មេ”​ ក៏​បាន​កំណត់​នូវ​អភិក្រម ​៣.៣.៤.២​ ដែល​ជា​រូប​មន្ត​នៃ​ការ​តភ្ជាប់​របស់​កម្ពុជា​ក្នុង​កម្រិត​ប្រទេស ​និង​តំបន់ ​ដែល​សំដៅ​លើ​​ របៀង​ដឹក​ជញ្ជូន​ចម្បង​៣ ​(ភាគ​ពាយព្យ​ ឬ​ភ្នំពេញ​-ប៉ោយ​ប៉ែត, ​អាគ្នេយ៍ ​ឬ​ភ្នំពេញ-បាវិត, និរតី ឬ​ភ្នំពេញ-ក្រុងព្រះសីហនុ), ​របៀង​ដឹក​ជញ្ជូន​រង ​៣ (តំបន់​ឆ្នេរ​,​ តំបន់​ភាគ​ខាង​ជើង​ឈាង​ខាង​កើត ​និង​តំបន់​ខាង​ជើង), ​ប៉ូល​កំណើន ​៤ ​(ភ្នំពេញ, ខេត្ត​ព្រះសីហនុ, សៀមរាប និង​បាត់​ដំបង), និង ប៉ូល​ភ្ជាប់​កំណើន ២ (ស្វាយរៀង-បាវិត,​ សិរីសោភណ្ឌ-ប៉ោយប៉ែត) ។ អង្គប្រជុំ ​ក៏​បាន​ផ្តល់​នូវ​អនុសាសន៍ និង​ការ​ណែ​នាំ​សម្រាប់​ជា​ធាតុ​ចូល​បន្ថែម​ ក្នុង​ការ​កែ​លម្អ​ “​សេចក្តី​ព្រាង​ផែន​ការ​មេ”​ នេះ ដែល​ក្រុម​ការងារ​បច្ចេក​ទេស​នឹង​ធ្វើ​ការ​សិក្សា​បន្ត​បន្ថែម​ទៀត​។

មាន​ប្រសាសន៍​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ ​លោក​ អូន ព័ន្ធមុនីរ័ត្ន ​បាន​សម្តែង​នូវ​ការ​វាយ​តម្លៃ​ខ្ពស់​និង​អំណរ​គុណ​ចំពោះ​ក្រុម​ការងារ​បច្ចេកទេស​ចិន ​ដែល​ដឹក​នាំ ​ដោយ​លោក​ស្រី ​ស៊ឺ សាំងអ៊ីន (She Xiangyun)​ នាយក​គម្រោង ​សម្រាប់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ ក្នុង​ការ​រៀប​ចំ​ “សេចក្ដី​ព្រាង​ផែន​ការ​មេ​”​ គ្រប់​ជ្រុង​ជ្រោយ​នេះ ​ក៏​ដូច​ជា​​បាន​ថ្លែង​អំណរ​គុណ​ដល់​​មិត្ត​ចិន​ដែល​ជួយ​គាំទ្រ​ផ្នែក​ហិរញ្ញ​វត្ថុ​លើ​ការ​សិក្សា​នេះ​។

លោក​ក៏​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហការ​ និង​ការ​សម្រប​សម្រួល​ពី​គ្រប់​ភាគី​កម្ពុជា​ទាំង​អស់​ ជា​ពិសេស ​ក្រុម​ការងារ​នៃ​ឧត្ដម​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​ជាតិ ​និង​ក្រសួង-ស្ថាប័ន​ពាក់​ព័ន្ធ​នានា​ ក្នុង​ដំណើរ​ការ​នៃ​ការ​សិក្សា​ផែន​ការ​មេ​នេះ​​។ ​អង្គ​ប្រជុំ ​ក៏​បាន​សម្ដែង​នូវ​ការ​ប្ដេជ្ញា​ខ្ពស់​ ក្នុង​ការ​បន្ត​នូវ​កិច្ច​សហការ​ឱ្យ​កាន់​តែ​ខ្លាំង​ក្លា ​និង​ជិត​ស្និទ្ធ​ជា​មួយ​ក្រុម​ការងារ​បច្ចេកទេស ​ដើម្បី​បន្ត​ផ្ដល់​ធាតុ​ចូល​ក្នុង​ការ​កែ​លម្អ​ “សេចក្ដី​ព្រាង​ផែន​ការ​មេ”​ នេះ​ឱ្យ​កាន់​តែ​គ្រប់​ជ្រុង​ជ្រោយ ​និង​មាន​វិសាល​ភាព​អនុវត្ត​ទូ​លំ​ទូលាយ​៕

មតិយោបល់