- 2019-12-16 02:55:26
- ចរាចរណ៍
គម្រោងស្ពានអាកាសនិងផ្លូវក្រោមដីចោមចៅសាងសង់សម្រេចបាន ៣៧% ហើយ
- 2019-12-16 02:55:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គម្រោងស្ពានអាកាសនិងផ្លូវក្រោមដីចោមចៅសាងសង់សម្រេចបាន ៣៧% ហើយ
ចន្លោះមិនឃើញ
គម្រោងសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីនៅចំណុចរង្វង់មូលចោមចៅសម្រេចបាន ៣៧% ហើយ។ នេះបើតាមប្រសាសន៍លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានប្រាប់ sabay ។
គម្រោងសាងសង់ស្ពាន ដែលចំណាយថវិកាប្រមាណ ២២លានដុល្លារអាមេរិកបានបើកការដ្ឋានសាងសង់កាលពីអំឡុងខែមិថុនា ឆ្នាំ២០១៨ កន្លងមក និងចំណាយពេលសាងសង់ ៣០ខែ។ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញកាលពីថ្ងៃទី១៥ ខែធ្នូ នេះ បានបង្ហាញរូបភាពពីលើអាកាសនៃការដ្ឋានសាងសង់ស្ពាន និងផ្លូវខាងលើកំពុងត្រូវបានសាងសង់ ខណៈលោក សាំ ពិសិដ្ឋ មិនបានអធិប្បាយលំអិតឡើយ ដោយគ្រាន់តែប្រាប់ sabay ថា បច្ចុប្បន្នសម្រេចបាន ៣៧%។ ស្ពាន និងផ្លូវនេះបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០១៨ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
សម្តេចបានមានប្រសាសន៍ថា «នៅមិនយូរប៉ុន្មានទេ គឺយើងនឹងបានស្ពានអាកាសថ្មីទី៦ ព្រមទាំងផ្លូវក្រោមដីដើម្បីសម្រួលដល់ចរាចរណ៍ទូទៅកុំឱ្យកកស្ទះនៅម្តុំរង្វង់មូលចោមចៅតទៅទៀត ព្រោះនៅម្តុំនេះគឺចរាចរណ៍កកស្ទះស្ទើររាល់ថ្ងៃ»។
នៅអំឡុងពេលសាងសង់ ដើម្បីបញ្ចៀសបញ្ហាកកស្ទះចរាចរណ៍ រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំប្រជាពលរដ្ឋម្ចាស់រថយន្តដឹកទំនិញគ្រប់ប្រភេទ និងម្ចាស់រថយន្តដឹកអ្នកដំណើរដែលត្រូវធ្វើចរាចរណ៍ចេញ-ចូលរាជធានីភ្នំពេញ ឆ្លងកាត់ទីតាំងខាងលើត្រូវពង្វាងចរាចរណ៍ដូចខាងក្រោមនេះ៖
១. ចំពោះរថយន្តធ្វើចរាចរណ៍ពីទិសខាងលិច តាមបណ្ដោយផ្លូវជាតិលេខ៤ ចូលរាជធានី ត្រូវធ្វើដំណើរតាមផ្លូវពង្វាងទៅតាមផ្លូវបែកចាន បត់ស្ដាំទៅទិសខាងត្បូង ឬផ្លូវកប់ស្រូវបត់ឆ្វេងទៅទិសខាងជើង។
២. ចំពោះរថយន្តធ្វើចរាចរណ៍មកពីផ្លូវជាតិលេខ៣ ចូលរាជធានីត្រូវធ្វើដំណើរតាមផ្លូវពង្វាង បត់ស្ដាំទៅតាមផ្លូវព្រៃស មុខវត្តស្លែង ឬទៅតាមផ្លូវទួលពង្រ បត់ស្ដាំតាមផ្លូវ ៣០ម៉ែត្រឆ្ពោះទៅផ្លូវចោមចៅ។
៣. ចំពោះរថយន្តធ្វើចរាចរណ៍តាមផ្លូវចោមចៅ ចេញក្រៅរាជធានីទៅផ្លូវជាតិលេខ៣ ត្រូវធ្វើដំណើរតាមផ្លូវទួលពង្រ បត់ឆ្វេងត្រង់ចំណុចស្តុប។
៤. ចំពោះចរាចរណ៍ពីផ្លូវចោមចៅឆ្ពោះទៅផ្លូវជាតិលេខ៤ ត្រូវបានអនុញ្ញាតឲ្យធ្វើចរាចរណ៍ជាធម្មតា។