- 2019-12-21 07:59:08
- សេដ្ឋកិច្ច
តោះ! ជិះកាណូតទេសចរណ៍លេង នៅមុខវាំង?
- 2019-12-21 07:59:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តោះ! ជិះកាណូតទេសចរណ៍លេង នៅមុខវាំង?
ចន្លោះមិនឃើញ
នៅថ្ងៃសៅរ៍ សប្ដាហ៍នេះ Sabay សូមណែនាំតំបន់កម្សាន្តជិតបំផុតនៅក្នុងរាជធានីភ្នំពេញ នោះ គឺការជិះកាណូតកម្សាន្តនៅមុខវាំង ដែលអាចស្រូបយកខ្យល់អាកាសបរិសុទ្ធ ទស្សនាទិដ្ឋភាពស្រស់បំព្រងនៅភ្នំពេញ រួមមានអគារខ្ពស់ៗ និង ឃើញពីជីវិតរស់នៅប្រចាំថ្ងៃ នៃអ្នករករបរកាណូតទេសចរណ៍ផង អ្នកនេសាទផង។ នេះបើតាមការប្រាប់ឲ្យដឹងពី លោក ឯល កាដូ អ្នកបើកកាណូតទេសចរណ៍ធន់មធ្យមប្រាប់ Sabay កាលពីពេលថ្មីៗនេះ។
សូមទស្សនាវីដេអូ
“ឥឡូវភ្ញៀវបរទេសមិនសូវជិះកាណូតធន់មធ្យមយើងខ្ញុំទេ ភាគច្រើនជាភ្ញៀវខ្មែរ ហើយភ្ញៀវមកលេងជាក្រុមយុវវ័យខ្លះ ជាលក្ខណៈគ្រួសារខ្លះៗ។ មួយទៀតក្នុងរដូវភ្លៀងនេះ ភ្ញៀវក៏ចុះថយច្រើនដែរ ព្រោះខ្លះខ្លាចខ្យល់ ឬ រលកជាដើម"។ កាដូ និយាយ។
ចំពោះតម្លៃវិញ កាដូ បានបង្ហើបប្រាប់ថា កាណូត "សុខ ចំរើន" អាចផ្ទុកមនុស្សក្រោម ២០ នាក់ ដូច្នេះ ពួកគេអាចប៉ាវបាន គឺ ១ ម៉ោង ២០ ដុល្លារ ដែលផ្ទុកមនុស្សមិនឲ្យលើសចំនួនកំណត់ ហើយភ្ញៀវនឹងអាចទស្សនាពីកន្លែងចេញដំណើរនៅសួនច្បារ CDC បណ្ដែតចុះមកដល់មុខព្រះបរមរាជវាំងនៅអែបមាត់ច្រាំង រហូតដល់ទន្លេចតុមុខចំណុចប្រសព្វរវាង ទន្លេបាសាក់ ទន្លេសាប ទន្លេមេគង្គលើ និង ទន្លេមេគង្គក្រោម)។
"បើភ្ញៀវជួលទូកខ្ញុំច្រើនម៉ោង គឺពី ២-៣ ម៉ោង ខ្ញុំអាចនាំពួកគាត់ហួសហ្នឹងខ្ញុំអាចនាំពួកគាត់ទៅដល់កោះពេជ្រ ឆ្លងទៅដល់អរិយក្សត្រ មើលភូមបណ្ដែតទឹករបស់ជនជាតិវៀតណាម ឡើងទៅទន្លេមេគង្គក្រោមឧកញ៉ាតី ហើយពេលត្រលប់មកវិញ ខ្ញុំក៏អាចនាំភ្ញៀវទៅទស្សនាមាត់ទន្លេខាងជ្រោយចង្វារ និង ភូមិអ្នកនេសាទ ជនជាតិចាម រស់នៅលើទូក រួចវិលមកចូលចតវិញនៅសួនច្បារ CDC”។
អ្នកបើកកាណូតដែលមានអាយុជិត ៣០ ឆ្នាំ រូបនេះ បាននិយាយទៀតថា កាណូតរបស់លោកមានចង្ក្រានអាំងសាច់ ធុងទឹកកក និង ធុងបាស ដែលជួយសម្រួលដល់ភ្ញៀវមួយចំនួនមានបំណងចង់ធ្វើពិធីជប់លៀង ឬ ទិញម្ហូបអាហារញាំលើទូកបណ្ដើរ ទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាត លាយឡំ និង ខ្យល់បរិសុទ្ធ។
ចុះប្រិយមិត្តមានចំណាប់អារម្មណ៍បែបណាចំពោះការកម្សាន្ដជិះទូកលេងនៅមុខវាំង? ហើយប្រិយមិត្តធ្លាប់ជិះហើយមានយោបល់ដូចម្ដេចខ្លះ? កុំភ្លេចចូលរួមផ្ដល់យោបល់ទាំងអស់គ្នាណា៎!
រូបថត៖ ទូរសព្ទដៃ