- 2020-01-13 02:21:31
- ចរាចរណ៍
ស្ពានថ្មថ្មីតម្លៃជាង ៥០ម៉ឺនដុល្លារកាត់ស្ទឹងសង្កែចាប់ផ្ដើមសាងសង់ហើយ
- 2020-01-13 02:21:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ពានថ្មថ្មីតម្លៃជាង ៥០ម៉ឺនដុល្លារកាត់ស្ទឹងសង្កែចាប់ផ្ដើមសាងសង់ហើយ
ចន្លោះមិនឃើញ
ស្ពានថ្មថ្មីឆ្លងកាត់ស្ទឹងសង្កែតម្លៃប្រមាណ ៥០ម៉ឺនដុល្លារអាមេរិក ត្រូវបានរដ្ឋបាលខេត្តបាត់ដំបងបញ្ចុះបឋមសិលាសាងសង់កាលពីថ្ងៃទី១២ ខែមករា ម្សិលមិញនេះ ក្រោមអធិបតីភាពលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង ខណៈស្ពាននេះស្ថិតនៅក្បែរស្ពានថ្មចាស់។
ស្ពានថ្មថ្មីត្រូវបានសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបាត់ដំបង បានកៀរគរសប្បុរសជន ដើម្បីចូលរួមសាងសង់ស្ពានបេតុងថ្មីនេះក្បែរស្ពានថ្មចាស់ ដែលការសាងសង់គឺចំណាយថវិកាពីការចូលរួមរបស់សប្បុរសជន និងមានប្រវែងបណ្ដោយ១០០ម៉ែត្រ និងទទឹង៨ម៉ែត្រ ជាប្រភេទបេតុង ដែលយកលំនាំដើមតាមស្ពានថ្មចាស់ និងសាងសង់នៅប៉ែកខាងត្បូង(ប៉ែកខាងលើ) គម្លាត៦ ម៉ែត្រ ពីស្ពានថ្មចាស់ ដែលមានទីតាំងស្ថិតនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុង និងខេត្តបាត់ដំបង។
ស្ពានថ្មចាស់កាត់ស្ទឹងសង្កែ ត្រូវអាជ្ញាធរខេត្តអភិរក្សជាស្ពានបុរាណឱ្យនៅគង់វង្ស បន្ទាប់ពីមានការសំណូមពីបងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកខេត្តបាត់ដំបង នៅតាមបណ្ដាញសង្គមឱ្យមានការជួសជុល ស្ពានថ្មចាស់ដែលមានអាយុជាង១០០ឆ្នាំមួយនេះ។
លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបងទទួលបន្ទុកសាងសង់ស្ពានខាងលើបានប្រាប់ Sabay ឱ្យដឹងថា ស្ពានថ្មថ្មីនឹងកាត់បន្ថយការកកស្ទះនៅក្នុងខេត្ត ពិសេសអំឡុងពិធីបុណ្យជាតិធំៗ ។ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបាត់ដំបង បានកៀរគរសប្បុរសជនសាងសង់ស្ពាននេះឡើង ខណៈរចនាបថគឺដូចគ្នានឹងស្ពានថ្មចាស់ ហើយគិតលើគុណភាពជាចម្បង។
ដោយមិនលំអិតពីរយៈពេលសាងសង់លោកអភិបាលរងខេត្តបានគូសបញ្ជាក់ថា ផ្នែកគ្រឹះក្រោមស្ពាននឹងអាចបញ្ចប់មុនទឹកឡើង ចូលស្ទឹងសង្កែនៅខែឧសភា ឬខែមិថុនា។ "ការសាងសង់យើងនឹងមិនអូសបន្លាយយូរទេ ព្រោះយើងត្រូវធ្វើដំណើរ និងបញ្ចៀសការកកស្ទះខ្លាំងនៅក្នុងខេត្តពិសេសបុណ្យជាតិធំ តែខ្ញុំក៏មិនទាន់អាចបញ្ជាក់បានដែរថា នឹងត្រូវចំណាយពេលមួយឆ្នាំ ឬរយៈពេលប៉ុន្មានខែ តែយ៉ាងណាស្ពានថ្មថ្មីនេះនឹងលេចចេញជារូបរាងឆាប់ៗ និងបញ្ចប់ផ្នែកគ្រឹះក្រោមឱ្យបានមុនទឹកឡើងចូលស្ទឹងអំឡុងខែ៥ ឬខែ”។
ប្រភពពីអ្នកជំនាញផ្នែកសាងសង់នៅពិធីបញ្ចុះបឋមសិលាកាលពីម្សិលមិញបានបង្ហើបប្រាប់ Sabay ថា ស្ពានថ្មនេះមានតម្លៃជាង៥០ម៉ឺនដុល្លារ ខណៈអភិបាលរងខេត្តបាត់ដំបងលោក សឿម ប៊ុនរិទ្ធិ សុំមិនធ្វើអត្ថាធិប្បាយរឿងតម្លៃទេ។
យោងតាមទំព័រហ្វេសបុករដ្ឋបាលខេត្តបាត់ដំបងបានសរសេរថា ការសាងសង់ស្ពានថ្មថ្មីនៅប៉ែកខាងត្បូង(ប៉ែកខាងលើ) ក្បែរស្ពានថ្មចាស់ គឺអាចជួយពាំងកម្លាំងទឹក ឬសំរាមផ្សេងៗក្នុងពេលមានជំនន់ស្ទឹងសង្កែហក់ឡើងខ្លាំង ដោយសារតែស្ពានថ្មចាស់ពិតជាមានសភាពទ្រុឌទ្រោមខ្លាំង ម៉្យាងវិញទៀត នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងជួយបញ្ចៀសការកកស្ទះចរាចរណ៍ក្នុងក្រុងនៅពេលមានពិធីបុណ្យផ្សេងៗ៕