• 2020-01-13 07:07:08
  • សេដ្ឋកិច្ច

PiPay ចាប់ដៃ Smart វាយយកតំណែងសេវាទូទាត់លុយធំជាងគេ នៅស្រុកខ្មែរ

  • 2020-01-13 07:07:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Smart បានព្រមព្រៀងលើកិច្ចសន្យាជាមួយ ក្រុមហ៊ុន ​Pi Pay ក្នុងការរួមបញ្ចូលគ្នានូវក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ស្មាតលុយ ជាមួយនឹង ផាយផេ ពោលគឺរួមបញ្ចូលអាជីវកម្មនៃក្រុមហ៊ុនទាំងពីរ ព្រមជាមួយនិងការរំពឹងទុកដ៏វិជ្ជមានក្នុងការផ្លាស់ប្តូរប្រព័ន្ធអេកូស៊ី សម្រាប់ការទូរទាត់បង់ប្រាក់បែបឌីជីថលក្នុងព្រះរាណាចក្រកម្ពុជា។

ផាយផេ គឺជាក្រុមហ៊ុនចាប់ផ្ដើមដំបូងគេចំពោះសេវាកម្មទូរទាត់ប្រាក់បែបឌីជីថលដោយប្រើប្រាស់ប្រព័ន្ធកម្មវិធីទូស័ព្ទដៃ ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ ដៃគូអាជីវកម្មជាច្រើន ព្រមទាំងបានបង្ហាញពីសក្ដានុពលនាពេលអនាគតចំពោះសេវាកម្មតម្លៃបន្ថែមនានា ដែលនេះនឹងពង្រឹងដំណើរការនៃប្រតិបត្តិការអាជីវកម្មរបស់ខ្លួនកាន់តែរឹងមាំបំផុត ជាមួយបណ្ដាញភា្នក់ងារដ៏ខ្លាំងរបស់ស្មាតលុយ ព្រមជាមួយនិងចំនួនអតិថិជនដ៏ច្រើនលើសលុប និង សមត្ថភាពក្នុងការវិភាគទិន្នន័យដ៏មានប្រសិទ្ធិភាពខ្ពស់របស់ក្រុមហ៊ុន ស្មាត។

បន្ទាប់ពីមានការយល់ព្រមជាគោលការណ៍ពីសំណាក់ធនាគារជាតិនៃកម្ពុជា ក្រុមហ៊ុនទាំងពីរ បានសម្រេច ដោយស្ម័គ្រចិត្តក្នុងការផ្សព្វផ្សាយព័ត៌មាននេះ ដើម្បីផ្ដល់នូវតម្លាភាព ស្របពេលដែលកិច្ចការមួយចំនួនផ្សេងទៀត រួមទាំងកិច្ចការធ្វើសមាហរណកម្មនៃក្រុមហ៊ុនទាំងពីរ គឺកំពុងស្ថិតក្នុងដំណើរឆ្ពោះទៅកាន់ការបញ្ចប់ក្នុងពេលដ៏ឆាប់ខាងមុខ។

ព័ត៌មានលំអិតពីលទ្ធផលនៃការរួមបញ្ចូលគ្នា ដែលក្រុមហ៊ុន ស្មាត នឹងក្លាយជាម្ចាស់ភាគហ៊ុនតូចដ៏ខ្លាំងរបស់ក្រុមហ៊ុន ផាយផេ នឹងត្រូវប្រកាសជាសាធារណៈ នៅពេលបានទទួលគោលគារណ៍សម្រេចជាស្ថាពរទាំងឡាយ ពីសំណាក់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងនោះរួមមាន ធនាគារជាតិនៃកម្ពុជា។

ការអភិវឌ្ឍជាវិជ្ជមាននេះ គឺស្របតាមយុទ្ធសាស្រ្ដរបស់ក្រុមហ៊ុនទាំងពីរ ដើម្បីពង្រឹងអាជីវកម្មបែបឌីជីថលរបស់ខ្លួន ក៏ដូចជាការរៀបចំរចនាបទនៃទីផ្សារឲ្យកាន់តែមានភាពរីកចំរើនប្រកបដោយនិរន្ដរភាព។ ភាគីទាំងសងខាងជឿជាក់ថា ការធ្វើសមាហរណកម្មនៃក្រុមហ៊ុនទាំងពីរបញ្ជូលគ្នានេះ នឹងនាំឲ្យក្រុមហ៊ុន ផាយផេ កាន់តែមានឱកាសក្នុងការផ្តល់នូវសេវាកម្មថ្មីៗ ការកើនឡើងនៃប្រាក់ចំណូល តាមរយៈការប្រើប្រាស់ទិន្នន័យដ៏សម្បូរបែប និងការរួមបញ្ជូលទុនវិនិយោគកាន់តែធំ នៅក្នុងបរិបទទីផ្សាប្រកបដោយភាពប្រកួតប្រជែងខ្លាំង។

បន្ទាប់ពីការបព្ចាប់ជាស្ថាពរនៃការរួមបញ្ជូលគ្នានេះ ក្រុមហ៊ុន ផាយផេ ត្រូវបានព្យាករថា នឹងក្លាយជាក្រុមហ៊ុនដែលត្រូវបានគាំទ្រទៅដោយធនធានជាច្រើន និងកាន់តែមានប្រសិទ្ធភាពខ្ពស់ មានភាពឆ្នៃប្រឌិតជាងមុន និង មានសមត្ថភាពខ្លាំងគ្រប់គ្រាន់ ដើម្បីដោះស្រាយនូវរាល់បញ្ហាប្រឈមនានាក្នុងពេលបច្ចុប្បន្ន ក៏ដូចជាអនាគត ក្នុងវិស័យការទូរទាត់ប្រាក់។

របាយការណ៍ឆ្នាំ២០១៩ ចេញដោយ Mekong Strategic Parnters ដែលជាក្រុមហ៊ុនគ្រប់គ្រងវិនិយោគមានឯកទេសក្នុងប្រទេសមហាតំបន់មេគង្គ ដែលបានណែនាំអំពីការរួមបញ្ចូលគ្នានេះផងដែរ បានធ្វើការព្យាករថា ទីផ្សារនៃការទូរទាត់ប្រាក់ឌីជីថលសរុបក្នុងប្រទេសកម្ពុជា នឹងឈានដល់ទឹកប្រាក់ប្រមាណ ២.២១ ពាន់លានដុល្លារអាមេរិក ដែលកើនឡើងប្រមាណ ៣៨ភាគរយធៀបនិងឆ្នាំ២០១៨។ តួលេខនេះត្រូវបានរំពឹងថាកើនឡើងជិតទ្វេដងនៅឆ្នាំក្រោយ ដោយសារអ្នកប្រើប្រាស់ប្រតិ្ដបត្ដិការជាមួួយបច្ចេកវិទ្យាហិរញ្ញវត្ថុមានចំនួនកាន់តែច្រើនឡើង។

សម្រាប់ព័ត៌មានបន្ថែម និង បច្ចុប្បន្នភាពពីក្រុមហ៊ុន ស្មាត អាស្យាតា និង ក្រុមហ៊ុន ផាយផេ សូមចូលទៅកាន់ www.pipay.com និង www.smart.com.kh ។ ក្រុមហ៊ុន ស្មាត និង ក្រុមហ៊ុន ផាយផេ នឹងផ្ដល់ព័ត៌មានបន្ថែមនៅពេលដែលមានការផ្ដល់បន្ថែមនាពេលអនាគត៕

អត្ថបទ៖ សុខណា

មតិយោបល់