• 2020-02-13 07:52:40
  • សេដ្ឋកិច្ច

ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា បើកសាខាថ្មី​នៅតាខ្មៅ

  • 2020-02-13 07:52:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធនាគារកើតមានកាន់តែច្រើន​ ឆ្លុះបញ្ចាំងពីសេដ្ឋកិច្ច​រីកចម្រើន។ ធនាគារ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ នៃកម្ពុជា​ បាន​បើកសាខាថ្មី​មួយ​ទៀត នៅ​ក្រុង​តាខ្មៅ ខេត្តកណ្ដាល​ ដោយបាន​ដាក់​ឲ្យ​ដំណើរ​ការ​កាល​ពី ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០២០​នេះ។

នៅក្នុងពិធីសម្ពោធសាខាថ្មី​នេះ​ ប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យ នៃធនាគារជាតិនៃកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា និង ឯកឧត្តម គីម រិទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំងមានវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានិតផងដែរ។

លោកឌិត សុចល ប្រធាននាយកប្រតិបត្តិ នៃធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា មានស្លាកសញ្ញាហៅកាត់ថា FTB បានមានប្រសាសន៍​ថា អស់រយៈពេល​ ៤០ឆ្នាំ ចាប់​តាំង​ពី​ឆ្នាំ ១៩៤៩​មក ធនាគារ​ FTB បាន​រីក​ចម្រើន​ឥតឈប់ឈរ​ ដោយ​ទទួល​ទំនុក​ចិត្ត​ខ្ពស់​ពី​អតិថិជន ទាំង​ក្នុង​ប្រទេស​ និង​លើ​ឆាក​អន្ដរជាតិ។

លោកបានបន្តលើកឡើងថា ការបើកសាខាថ្មីនាក្រុងតាខ្មៅ នឹងផ្តល់ជូនអតិថិជននូវជម្រើសថ្មីជាមួយនឹងសេវាកម្មធនាគារទំនើបដែលហៅថា សេវាកម្មធនាគារឌីជីធល ប្រកបដោយគុណភាព ដែលនឹងបន្តចូលរួមជួយលើកកម្ពស់បរិយាប័ណ្ណហិរញ្ញវត្ថុ សកម្មភាពវិនិយោគ ធុរកិច្ច សេដ្ឋកិច្ច និងទីផ្សារហិរញ្ញវត្ថុក្នុងស្រុក ជាពិសេសនោះគឺបានចូលរួមជួយលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្រុងតាខ្មៅ និងខេត្តកណ្តាលដោយផ្ទាល់។

ឯកឧត្តម គីម រិទ្ធី ក៏បានឡើងថ្លែងសន្ទរកថា ដោយលើកឡើងពីតម្លៃសន្តិភាព ដែលនាំឱ្យប្រទេសជាតិមានការអភិវឌ្ឍន៍ ស្ទើរគ្រប់វិស័យ។ ឯកឧត្តមក៏បាន កោតសរសើរ និងចូលរួមអបអរសាទរចំពោះសាខាថ្មី នៃធនាគារពាណិជ្ជកម្មក្រៅទេស នៃកម្ពុជា ដែលមានវត្តមាននៅក្នុងទឹកដីក្រុងតាខ្មៅដែលជាបេះដូង នៃខេត្តកណ្តាលនេះតែម្តង។

ឯកឧត្តមក៏បានលើកឡើងពីវិស័យធនាគារ បានចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកស្ទួយសេដ្ឋកិច្ចគ្រួសាររបស់ប្រជាជនខ្មែរយើងផងដែរ។ ឯកឧត្តម ក៏បានគូសបញ្ជាក់ថា បុគ្គលិកធនាគារ គឺជាបុគ្គលគំរូចំពោះយុវជនជំនាន់ក្រោយ ដោយបុគ្គលិកធនាគារទាំងនោះ មានវិជ្ជាជីវៈប្រកបដោយបទដ្ឋានខ្ពស់មួយ ជាមួយនឹងការទទួលខុសត្រូវខ្ពស់ ដែលជាគំរូមួយដល់យុវជនជំនាន់ក្រោយផងដែរ។ ជាចុងបញ្ចប់ឯកឧត្តមក៏បានជូនពរដល់ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា ដំណើរការទៅមុខប្រកបដោយជោគជ័យ ទទួលបានការគាំទ្រពីអតិថិជនទាំងក្នុង និងក្រៅប្រទេស។

ក្នុងនាមឯកឧត្តមអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ឯកឧត្តម រ័ត្ន សុវណ្ណនរៈ បានថ្លែងសន្ទរៈកថា គ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារជាកត្តាមួយដែលជួយជំរុញកំណើនសេដ្ឋកិច្ច និងបរិយាប័ន្ន ព្រមទាំងសុខុមាលភាពសង្គមផងដែរ។

ឯកឧត្តមក៏បានក្រើនរំឮកអំពីគុណតម្លៃនៃសន្តិភាព ដូចប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនថា៖ “អរគុណសន្តិភាព” មានសន្តិភាពទើបយើងអាចកសាង និងអភិវឌ្ឍប្រទេសយើងជឿនលឿន។ ឯកឧត្តមក៏បានគូសបញ្ជាក់ពីការបង្កើតសាខាថ្មីរបស់ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជានាពេលនេះ ថាបានបង្ហាញពីការយកចិត្តទុកដាក់របស់ធនាគារក្នុងការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធិភាព និងឆាប់រហ័ស ព្រមទាំងឆ្លុះបញ្ចាំងអំពីទំនុកចិត្តរបស់អតិថិជន និងវិនិយោគិន។ ឯកឧត្តមក៏បានប្រកាសសម្ពោធធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជាសាខាចាប់ពីពេលនេះតទៅ។

សូមបញ្ជាក់ថា ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៧៩ ជានាយកដ្ឋានមួយ របស់ធនាគារជាតិ នៃកម្ពុជា ដើម្បីដំណើរការដល់ការទូទាត់ហិរញ្ញវត្ថុក្រៅប្រទេស ។

ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា សូមថ្លែងអំណរគុណដល់អតិថិជន និងសារណជនទាំងអស់ដែលតែងគាំទ្រ និងផ្តល់ទំនុកចិត្តដល់សេវាកម្មយើងខ្ញុំ។

សម្រាប់ព័ត៌មានបន្ថែមស្តីពីសេវាកម្មនានារបស់ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទផ្នែកថែទាំអតិថិជន៖ ០២៣ ៨៦២ ១១១ ឬអាចចូលទៅកាន់គេហទំព័រ៖ www.ftbbank.com ឬក៏ចូលទៅទស្សនាទំព័រហ្វេសប៊ុក Foreign Trade Bank of Cambodia ៕

អត្ថបទ៖ វិបុត្រ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី