• 2020-03-10 01:34:11
  • សេដ្ឋកិច្ច

ញាក់សាច់! ប្រេងធ្លាក់ថ្លៃមិនធ្លាប់មានជិត ៣០ឆ្នាំ ក្រោយកូរ៉ូណាវីរុសវាយប្រហារជុំវិញពិភពលោក

  • 2020-03-10 01:34:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ថ្លៃ​ប្រេង​កាលពី​ថ្ងៃអាទិត្យ​បាន​ដាំ​ក្បាល​ចុះ​ខ្លាំង​បំផុត​ចាប់តាំងពី​សង្គ្រាម​ឈូង​សមុទ្រ​ឆ្នាំ​១៩៩១ ​ចំ​ពេល​មាន​ការមិនចុះសម្រុង​គ្នា​ក្នុងចំណោម​សម្ពន្ធភាព​នៃ​ក្រុម​​ប្រទេស​ផលិត​ប្រេង​នៅក្នុង​ការកាត់បន្ថយ​ការផ្គត់ផ្គង់​ប្រេង​ហួស​សេចក្តីត្រូវការ​។​

​ប្រេង​ឆៅ​Brent​បាន​ធ្លាក់ចុះ​៩,៥៥​ដុល្លារ ឬ​២១,១% មក​នៅត្រឹមតែ​៣៥,៧២​ដុល្លារ​ក្នុង​មួយ​បារ៉ែល គិត​ត្រឹម​ម៉ោង​៧​យប់​ថ្ងៃ​០៨​មីនា​។​ចំណេ​ក​ប្រេង​Benchmark​អាម៉េរិក​ចុះ​៨,៦​ដុល្លារ មក​នៅ​៣២,៦៨​ដុល្លារ​ក្នុង​មួយ​បារ៉ែល​។​ នៅព្រឹកថ្ងៃចន្ទ ប្រេងBrent ធ្លាក់ចុះដល់៣១ដុល្លារក្នុងមួយបារ៉ែល។ ​ការធ្លាក់ចុះ​​​នេះ កើត​ឡើង​បន្ទាប់ពី​ការធ្លាក់​ចុះ​យ៉ាងគំហុក​ដល់​ទៅ​១០,១%​កាលពី​ថ្ងៃ​សុក្រ ដែល​ជា​ការធ្លាក់​ថ្លៃ​ច្រើន​បំផុត​ក្នុងពេល​មួយថ្ងៃ​​ក្នុង​រយៈពេល​ជាង​៥​ឆ្នាំ​មកនេះ​។​ ​ថ្លៃ​ប្រេង​ធ្លាក់​ជា​បន្តបន្ទាប់​ចំពេល​មាន​ការព្រួយបារម្ភ​ថា បណ្តា​ក្រុម​ប្រទេស​ផលិត​និង​នាំចេញ​ប្រេង​នឹងមិន​កាត់បន្ថយ​ការផលិត​ប្រេង​ឲ្យបាន​ច្រើន​សម​​ល្មម​នឹង​ការធ្លាក់ចុះ​នៃ​សេចក្តីត្រូវការ​។​ ​ការផ្ទុះ​កូរ៉ូណា​វីរុស​បាននិងកំពុង​វាយប្រហា​រសេវា​ធ្វើដំណើរ និង​ផលិតកម្ម​ដែល​វា​គំរាម​ទាញ​ទម្លាក់​កំណើន​សេដ្ឋកិច្ច​សកល​។​

​ឥឡូវ​គិត​មក​ត្រឹម​ថ្ងៃ​ចន្ទ​ទី​០៩​មីនា​នេះ ប្រទេស​និង​តំបន់​ជាង​១០០​ហើយ​បាន​ប្រកាស​រកឃើញ​អ្នក​ឆ្លង​កូរ៉ូណា​វីរុសឬ​ជំងឺ​COVID-19 ខណៈ​ចំនួន​អ្នក​ឆ្លង​នៅ​​ទូទាំង​ពិភពលោក​ឡើងដល់​១០៥.៥៨០​នាក់​។​ ​អង្គការ​សុខភាព​ពិភពលោក​បាន​រាយការណ៍​កាលពី​ថ្ងៃអាទិត្យ​ថា ប្រទេស​និង​តំបន់​ថ្មី​ចំនួន​៨​បាន​រាយការណ៍​អំពី​ការ​រក​ឃើញ​អ្នក​ផ្ទុក​វីរុស​នេះ រួមមាន ប៊ុល​ហ្ការី​ កូ​ស្តារី​កា កោះ​ហ្វា​រ៉ូ ទឹកដី​ហ្គី​ណេ​បារាំង ប្រទេស​ដែន​កោះ​ម៉ាល់​ឌី​វ ម៉ា​ល់តា កោះ​ម៉ា​ទី​និក និង​សាធារណរដ្ឋ​ម៉ុល​ដាវី​។ COVID-19​បាន​សម្លាប់​មនុស្ស​ប្រមាណ​៣.១០០​នាក់​នៅ​ចិន និង​៤៨៤​នាក់​នៅ​ក្រៅ​ចិនដីគោក៕​

ប្រភព ៖ rasmeinews

មតិយោបល់