• 2020-04-22 03:39:09
  • ការអប់រំ

អ្នកដែលចង់ដឹងអំពីរឿងរ៉ាវខ្មែរក្រហម គ្រាន់តែមាន App នេះក្នុងទូរសព្ទ

  • 2020-04-22 03:39:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ម​វិធី​ទូរស័ព្ទ​ដៃ​បង្កើត​ឡើង​ដោយ​មាន​ជំនួយ​ថវិកា​ពី​សហភាព​អឺរ៉ុប ជួយ​លើក​ទឹក​ចិត្ត​ឲ្យ​និស្សិត​ខ្មែរ​រៀន​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម ក្រៅ​ថ្នាក់​រៀន។ នេះយោងតាមសេចក្ដីប្រកាសព័ត៌មានមួយ ដែលចេញផ្សាយដោយក្រុមហ៊ុន ក្រុមហ៊ុន Particip Gmbh ដែល Sabay ទើបទទួលបាន នៅថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២០នេះ។

ប្រភពដដែលបានសរសេរថា នេះ​ជា​របៀប​មួយ​ងាយ​ស្រួល​ដើម្បី​ស្វែង​យល់​​​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម​ឲ្យ​បាន​កាន់​តែ​ច្រើន​ថែម​ទៀត លោក​អ្នក​គ្រាន់​តែ​បញ្ចូល​កម្មវិធី​ដែល​មាន​ឈ្មោះ​ថា App-learning on Khmer Rouge history នៅ​ក្នុង​ទូរស័ព្ទ​ដៃ​របស់​លោក​អ្នក​តែ​ប៉ុណ្ណោះ។

សិស្សម្នាក់កំពុងតែប្រើប្រាស់ Khmer Rouge History App

កម្មវិធី​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មាន​ជំនួយ​ថវិកា​ពី​សហភាព​អឺរ៉ុប ហើយ​កំពុង​តែ​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​មជ្ឈមណ្ឌល​បុប្ផាណា​ ឲ្យ​សិស្ស​ និស្សិត​នៅ​តាម​ សាលា​មធ្យម​សិក្សា និង​សកលវិទ្យា​ល័យ​​ក្នុង​ប្រទេស​កម្ពុជា​ ចេះ​ប្រើប្រាស់ ដោយ​​លើក​ទឹកចិត្ត​ពួក​គេ​ឲ្យ​បញ្ចូល​កម្មវិធី​នេះ​នៅ​ក្នុងទូរស័ព្ទ​ដៃ​របស់​ពួក​គេ​ ដូច្នេះ​ ពួក​គេ​អាច​​រៀនសូត្រ​​អំពី​ប្រវត្តិសាស្ត្រ​ដ៏​ខ្មៅ​ងងឹត​ជាង​គេមួយ​នេះ​របស់​ប្រទេស​កម្ពុជា​ បន្ថែម​ពី​លើ​អ្វី​ដែល​ពួក​គេ​បាន​រៀន​នៅ​សាលា។

លោក​ស្រី តាន់ និស្ស័យ ដែល​ជា​ភ្នាក់ងារ​អប់រំ​ចល័ត​ និង​ដែល​បាន​ចុះ​បំពេញ​បេសកកម្ម​ផ្សព្វផ្សាយ​កម្មវិធី​ទូរស័ព្ទ​ដៃ​នេះ​ តាំង​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៨​មក​នោះ បាន​បញ្ជាក់​ថា អត្ថបទ​ដែល​មាន​នៅក្នុង​កម្មវិធី​នេះ គឺ​សរសេរ​ដោយ​គ្មាន​ភាព​ស្មុគស្មាញ​នោះ​ទេ នៅ​ពេល​ដែល​សិស្ស និស្សិត​អាន​អត្ថបទ​ទាំង​នេះ​ហើយ ពួក​គេ​អាច​យល់​ដឹង​បាន​ច្រើន។ លើស​ពី​នេះ​ទៀត យើង​មាន​បញ្ចូល​​រូបភាព​បែប​សិល្បៈ​ រូប​ថត ក៏​ដូចជា​កម្រង​វីដេអូ​ឯកសារ​ផង​ដែរ​ប្រសិនបើ​ពួក​គេ​ចង់​មើល​។

លោកស្រី តាន់ និស្ស័យ ជាភ្នាក់ងារអប់រំចល័ត សម្រាប់កម្មវិធី Khmer Rouge App

លោក​ស្រី​បាន​បន្ថែម​ថា​ អ្វី​ដែល​យើង​កត់​សម្គាល់​ឃើញនោះ គឺ​សិស្ស​ និស្សិត​ពិត​ជា​ចាប់​អារម្មណ៍​នឹង​កម្មវិធី​នេះ​ណាស់ ពីព្រោះ​វា​ជា​របៀប​រៀន​ថ្មី​មួយ។ កាល​ពី​មុន ​ប្រសិនបើ​ពួក​គេ​ចង់​ដឹង​អំពី​ប្រវត្តិ​ខ្មែរ​ក្រហម ពួក​គេ​ត្រូវ​អាន​សៀវភៅ​ ឬ​ក៏​ស្ដាប់​មនុស្ស​ចាស់​និយាយ​ប្រាប់។

ប្អូន​ស្រី សៀក ទាមុយហ៊ាង ជា​សិស្ស​ថ្នាក់​ទី​១១ បាន​និយាយ​ថា៖ "ខ្ញុំ​រៀន​អំពី​ប្រវត្តិ​ខ្មែរ​ក្រហម​ពី​លោក​គ្រូ អ្នក​គ្រូ​របស់​ខ្ញុំ​ និង​​អាន​សៀវភៅ ប៉ុន្តែ​មាន​កម្មវិធី​នេះ ខ្ញុំ​កាន់​តែ​មាន​អារម្មណ៍​​ចង់​រៀន​ថែម​ទៀត​ ដើម្បី​​ទទួល​​ព័ត៌មាន​ឲ្យ​បាន​កាន់​តែ​ច្រើន​ ​អំពី​ប្រវត្តិ​ខ្មែរ​ក្រហម។

កម្មវិធី​នេះ ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍​យុវជន​ជំនាន់​ថ្មី និង​របៀប​ថ្មី​ដែល​ពួក​គេ​ប្រើប្រាស់​សារ​ព័ត៌មាន។ នៅ​ក្នុង​ប្រទេស​កម្ពុជា ប្រជាពលរដ្ឋ​១​នាក់ ​មាន​ស៊ីមកាត​ចំនួន​ពីរ​រួច​ទៅ​ហើយ ម្យ៉ាង​វិញ​ទៀត គេ​បាន​ប៉ាន់​ប្រមាណ​ឃើញ​ថា មាន​ប្រជាជន​៧​លាន​នាក់​​ភ្ជាប់​អ៊ីនធឺណែត​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ខណៈ​ដែល​ការ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​មាន​ការ​កើន​ឡើង​យ៉ាង​លឿន​នៅ​តាម​តំបន់​ជនបទ​ ប៉ុន្តែ​ការ​ប្រើប្រាស់​នោះ​នៅ​តែ​មាន​កម្រិត ដោយ​សារ​តែ​នៅ​តាម​តំបន់​ខ្លះ​ គ្មាន​ភ្លើង​អគ្គិសនីនោះ​ទេ។ យុវជន​ក៏​ប្រឈម​មុខ​នឹង​ឧបសគ្គ​មួយ​បន្ថែមទៀត​ដែរ នោះ​គឺ​ពួក​គេ​នៅ​តែ​ពឹងពាក់​លើ​ថវិកា​របស់​ឪពុក​ម្ដាយ ​ដែលមិន​តែងតែ​អាច​ផ្គត់ផ្គង់​បច្ចេកវិជ្ជា​នេះ​បាន​នោះទេ។

ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​កង្វះ​ខាត​នេះ គម្រោង​ក៏រៀបចំ​​ផង​ដែរ នូវ​វគ្គ​​អប់រំ​ចល័ត​ ដើម្បី​បង្ហាញ​ដោយ​ផ្ទាល់​ជូន​សិស្ស​ និស្សិត ​នៅ​តាម​សាលា ​និង​សាកលវិទ្យាល័យ​ផ្សេងៗ ដោ​យ​សហប្រតិបត្តិការ​ជាមួយ​ក្រសួង​អប់រំ។ វគ្គ​អប់រំ​ចល័ត​​ពេល​នេះ​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ទី២ សំដៅ​ទៅ​ធ្វើ​ការ​បង្ហាញ​អំពី​កម្មវិធី​នេះ​ឲ្យ​បាន​គ្រប់​ទិសទី​នៅ​ក្នុង​ប្រទេស​ទាំង​មូល។

គម្រោង​បង្កើត​កម្មវិធី​ទូរស័ព្ទ​នេះ ត្រូវ​បាន​អនុវត្ត​ជា​ផ្នែក​មួយ​នៃ​គម្រោង​សំណង​ជន​រងគ្រោះដោយសារ​ខ្មែរ​ក្រហម ផ្ដល់​ជូន​ដោយ​អង្គ​ជំនុំជម្រះ​​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ​ឬ​ហៅ​កាត់​ថា ECCC ព្រម​ទាំង​មាន​គោល​បំណង​ចលនា​ឲ្យ​យុវជន​ស្វែងយល់​អំពី​យុត្តិធម៌​សិទ្ធិ​មនុស្ស​ និង​សន្តិភាព​។

ប្អូន​ប្រុស​ឈ្មោះ អេង ពុធ ជា​សិស្ស​ថ្នាក់​ទី​១២ រៀន​នៅ​សាលា​មធ្យម​សិក្សា​ ជា ស៊ីម កណ្ដុរ​ជ្រុម ក្នុង​ខេត្ត​ត្បូង​ឃ្មុំ បាន​និយាយ​កាល​ពី​ខែ​កុម្ភៈ បន្ទាប់​ពី​បាន​ចូល​រួម​មើល​ការ​បង្ហាញ​អំពី​កម្មវិធី​ទូរស័ព្ទ​នេះ​ថា៖ "ឪពុក​ម្ដាយ​ខ្ញុំ​បាន​ឆ្លង​កាត់​ការ​ឈឺ​ចាប់​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​។ ខ្ញុំ​ចាំបាច់​ត្រូវ​រៀន​ឲ្យ​ដឹង​អំពី​ការ​ឈឺចាប់​ដែល​មិន​អាច​បំភ្លេច​បាន​នេះ។ ខ្ញុំ​ក៏​មាន​អារម្មណ៍​ឈឺ​ចាប់​ដូច​គ្នា​ដែរ។ យើង​ទាំង​អស់​គ្នា​ត្រូវ​តែ​រួម​គ្នា​ការពារ កុំឲ្យ​​របប​ដ៏​ព្រៃផ្សៃ​បែប​នេះ​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​យើង​វិញ"។

កម្មវិធី​ទូរស័ព្ទ​ដៃនេះ ត្រូវ​បាន​គេ​ទាញ​យក​ទៅ​ប្រើប្រាស់​ជាង​១ម៉ឺន​ដង​ទៅ​ហើយ​ រីឯ​គម្រោង​អប់រំ​ចល័ត​គ្រោង​នឹង​ទៅ​បង្ហាញ​ជូន សិស្ស​ និស្សិត នៅ​តាម​សាលា​មធ្យម​សិក្សា និង​សាកលវិទ្យាល័យ​​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា។

គម្រោង​នេះទទួល​បាន​ការ​ឧបត្ថម្ភ​ថវិកា​ពី​សហភាព​អឺរ៉ុប​ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​រួម​​របស់​ខ្លួន​ក្នុង​ការ​ជួយ​ជ្រោម​ជ្រែង​​អង្គ​ជំនុំ​ជម្រះ​​វិសាមញ្ញ​ក្នុង​តុលាកា​រកម្ពុជា​ ក្នុង​ការ​ស្វែង​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ​ក្នុង​សម័យ​ខ្មែរ​ក្រហម​ ក៏​ដូចជា​កិច្ច​ខិតខំ​ប្រឹងប្រែងផ្សះផ្សា​រ និង​ព្យាបាល​របួស​ឈឺចាប់​របស់​ប្រជាជន​កម្ពុជា​ក្នុង​របប​នេះ។

គម្រោង​មួយ​នេះ គឺ​ជា​ផ្នែកមួយ​នៃ​សំណង​យុត្តិធម៌​សម្រាប់​ផ្នែករដ្ឋប្បវេណី​​ក្នុង​ករណី​០០២/០២ នៅ​ចំពោះ​មុខ​អង្គ​​​ជំនុំ​ជម្រះ​​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​​ និង​ត្រូវ​បាន​អនុវត្ត​ដោយ​មជ្ឈមណ្ឌល​បុប្ផាណា ដោយ​សហការ​យ៉ាង​ជិតស្និទ្ធិ​ជាមួយ​សហមេធាវី​​នាំ​មុខ​តំណាង​ដើម​បណ្ដឹង​​រដ្ឋ​ប្បវេណី និង​ផ្នែក​គាំពារ​ជន​រងគ្រោះ​ របស់​អង្គ​ជំនុំ​ជម្រះ​​វិសាមញ្ញ​ក្នុង​តុលាកា​កម្ពុជា ក្រោម​ជំនួយ​ឧបត្ថម្ភ​ថវិកា​ពី​សហភាព​អឺរ៉ុប និង​មូលនិធិ​ Rei Foundation Limited។ គម្រោង​នេះ​ទទួល​បាន​ការ​គាំទ្រ​ពី​ក្រសួង​អប់រំ​ យុវជន ​និង​កីឡា ក្នុង​នាម​ជា​ដៃគូ។

សិស្សលើកដៃនៅពេលដែលពួកគេត្រូវបានណែនាំឱ្យស្គាល់ពីកម្មវិធី Khmer Rouge History App

ខាង​ក្រោម​នេះ​គឺ​ជា​តំណ​ភ្ជាប់​ដើម្បី​ទាញ​យក​កម្មវិធី​ទូរស័ព្ទ​រៀន​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម មាន​នៅ​ក្នុង AppStore និង PlayStore៖

អត្ថបទ​នេះ​និង​សារ​ព័ត៌មាន​ពាក់ព័ន្ធ​ផ្សេងៗទៀត ត្រូវ​បាន​ផលិត​ឡើង​ដោយ​ទទួល​បាន​​ជំនួយ​ថវិកា​ពី​សហភាព​អឺរ៉ុប។ ខ្លឹម​សារ​នៃ​អត្ថបទ​និង​ឯកសារ​ផ្សេង​ទៀត​គឺជា​ទំនួល​ខុសត្រូវ​តែ​មួយ​គត់​របស់​ក្រុមហ៊ុន Particip GmbH ហើយ​មិន​ប្រាកដ​ថា​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​សហភាព​អឺរ៉ុប​នោះ​ឡើយ។​​​​

កម្មសិទ្ធិរូបថតទាំងអស់៖ 2019 Particip GmbH, C.Jancloes. All rights reserved. Licensed to the European Union under conditions

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់