• 2020-05-12 08:29:03
  • សេដ្ឋកិច្ច

ទៅថ្ងៃអនាគតព្រលានយន្តហោះខេត្តមណ្ឌលគិរី អាចនឹងត្រូវប្រើប្រាស់ជាព្រលានយន្តហោះក្នុងតំបន់

  • 2020-05-12 08:29:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សារៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ អង្គប្រជុំបានលើកឡើងថា ការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តមណ្ឌលគិរី ចាំបាច់ត្រូវមានការចូលរួមពីវិស័យពាក់ព័ន្ធ និងហេដ្ឋារចនាសម្ពន្ធផ្នែកដឹកជញ្ជូន ពិសេសគឺការបង្កើតព្រលានយន្តហោះថ្មី ដែលមានតួនាទីសំខាន់ក្នុងការបម្រើការដឹកជញ្ជូនទេសចរ អ្នកដំណើរ ទំនិញផ្សេងៗ ដូចជាបន្លែ ផ្កា ផ្លែឈើទៅកាន់គោលដៅនានាក្នុងប្រទេស។

រាជរដ្ឋាភិបាលបានកំណត់រួចមកហើយថា ខេត្តមណ្ឌលគិរី និងភូមិភាគឦសានទាំងមូល គឺជាគោលដៅអេកូទេសចរណ៍ដ៏ធំរបស់កម្ពុជា ដែលត្រូវមានការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវខ្ពស់។

លោករដ្ឋមន្ត្រី ថោង ខុន បានលើកឡើងថា វិស័យទេសចរណ៍ជាវិស័យអន្តរវិស័យ ដែលត្រូវមានការគាំទ្រពីវិស័យពាក់ព័ន្ធ ដូចជា បរិស្ថាន កសិកម្ម វប្បធម៌ ប្រព័ន្ធទឹកស្អាត អគ្គិសនី គមនាគមន៍ ការសម្រួលឱ្យមានប្រព័ន្ធបច្ចេកវិទ្យាទំនើប និងវិស័យជាច្រើនទៀត ពិសេសគឺការ រៀបចំប្លង់គោលប្រើប្រាស់ដីធ្លី របស់ខេត្តទាំងមូល ប្រព័ន្ធហេដ្ឋារចនាសម្ពន្ធ និងព្រលានយន្តហោះ ដែលគណៈកម្មការអន្តរក្រសួង សូមគាំទ្រទាំងស្រុងចំពោះ រាជរដ្ឋាភិបាលដែលបានរៀបចំគម្រោងកសាងព្រលានយន្តហោះមួយនៅខេត្តមណ្ឌលគិរី សម្រាប់ដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរពីតំបន់ទេសចរណ៍ធំៗ ដូចជា រាជធានីភ្នំពេញ សៀមរាប-អង្គរ តំបន់ឆ្នេរសមុទ្រ និងតំបន់អេកូទេសចរណ៍នៅភូមិភាគនិរតី តំបន់ទេសចរណ៍នៅភាគពាយព្យ មានខេត្តបាត់ដំបងជាដើម។​

ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានបង្ហាញការជឿជាក់ថា ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរីនេះ ពិសេសគឺជាគោលដៅអេកូទេសចរណ៍ចម្បងរបស់ប្រទេសជាតិ។ ឯកឧត្ដម ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ ក្រសួងទេសចរណ៍ បានឱ្យដឹងថា ចំពោះសេចក្ដីព្រាងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី អាចនឹងត្រូវបញ្ចប់នៅដំណាចខែសីហា ឆ្នាំ២០២០នេះ។

ប្រភព៖ មន្ទីរទេសចរណ៏ខេត្តមណ្ឌលគិរី

អត្ថបទ៖ Tep Sovannmoly

មតិយោបល់