• 2020-06-23 09:09:16
  • សេដ្ឋកិច្ច

ធនាគារឯកទេសវីង និងធនាគារ កាណាឌីយ៉ា កំពុងធ្វើការរួមគ្នាដើម្បីបំពេញចន្លោះខ្វះខាតសេវាហិរញ្ញវត្ថុនៅកម្ពុជា

  • 2020-06-23 09:09:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ​និង ធនាគារ កាណាឌីយ៉ា ក.អ បានចុះកិច្ចព្រមព្រៀងធ្វើការរួមគ្នាមួយ ដើម្បីជំរុញបរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ និងផ្តល់ជូនប្រជាជនកម្ពុជាគ្រប់រូបអាចទទួលបាន​ហិរញ្ញវត្ថុប្រកបដោយភាពងាយស្រួល។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថាប័នទាំងពីរ ដែលបានចេញផ្សាយនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០។

ប្រភពដដែលបានឲ្យដឹងទៀតថា ពិធីចុះហត្ថលេខាខាងលើនេះ ត្រូវបានប្រារព្ធឡើងដោយមានវត្តមានដ៏ខ្ពង់ខ្ពស់របស់ អ្នកឧកញ្ញ៉ា គិត ម៉េង ប្រធានកុ្រមបឹ្រក្សាភិបាលនៃធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត និង​អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលធនាគារកាណាឌីយ៉ា ភ្ញៀវកិត្តិយស និងគណគ្រប់គ្រងនៃក្រុមហ៊ុនទាំងពីរ។

ក្រោមការផ្តួចផ្តើមភាពជាដៃគូនេះ ធនាគារឯកទេសវីង និងធនាគធនាគារកាណាឌីយ៉ា នឹងធ្វើការរួមគ្នាដើម្បីស្វែងរកឱកាសថ្មីៗដើម្បីធានាថា ប្រជាជនកម្ពុជាគ្រប់រូបទទួលបានភាពងាយស្រួល និងសុវត្ថិភាពនៅពេលពួកគេទទួលបានសេវាហិរញ្ញវត្ថុដើម្បីធ្វើឱ្យជីវភាពរស់នៅរបស់ពួកគេមានភាពកាន់តែ​ប្រសើរឡើង។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត ​បាន​មាន​ប្រសាសន៍​ថា​៖ «យើងមានឯកសិទ្ធិដែលថ្ងៃនេះ វីងកំពុងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាដើម្បីស្វែងរកភាពជាដៃគូជាមួយធនាគារ ដែលមានវ័យចំណាស់ជាងគេនិងធំជាងគេមួយនៅកម្ពុជា ដើម្បីជំរុញបរិ​យា​ប័ណ្ណហិរញ្ញវត្ថុនៅកម្ពុជា និងកំណើនសេដ្ឋកិច្ចតាមរយៈប្រព័ន្ធអេកូហិរញ្ញវត្ថុដ៏រឹងមាំ»

លោកលោក ម៉ានូ រ៉ាចាន់ បានបន្តថា៖ «វីងនៅតែងតែរក្សារចក្ខុវិស័យរបស់ខ្លួនក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុចល័តប្រកបដោយភាពងាយស្រួល សុវត្ថិភាពនិងរហ័ស ដែលសម្រួលដល់លំហូរសាច់ប្រាក់នៅក្នុងសេដ្ឋកិច្ច និងជំរុញកំណើនសេដ្ឋកិច្ច។ ភាពជាដៃគូជាមួយធនាគារកាណាឌីយ៉ា នឹងផ្តល់ជូនកាន់តែទូលំទូលាយនូវការទទួលបានសេវាកម្មហិរញ្ញវត្ថុសម្រាប់ប្រជាជនគ្រប់រូប»

វីងជាអ្នកផ្តល់សេវាហិរញ្ញវត្ថុចល័តឈានមុខគេមួយនៅកម្ពុជាដែលមានបណ្តាញភ្នាក់ងារវីង ជិត ៨ ០០០ កន្លែងទូទាំងប្រទេស ជាមួយកម្មវិធីវីងស្មាតហ្វូនវីងដ៏ទំនើប និងមានបណ្តាញដៃគូក្នុងស្រុកនិងក្រៅស្រុកដ៏រឹងមាំ។

លោក Raymond Sia Say Guan នាយក​ប្រតិបត្តិ​ធនាគារ​កាណាឌីយ៉ា បានមានប្រសាសន៍ថា៖ «កិច្ចសហការនៅថ្ងៃនេះបានឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់យើងទាក់ទងនឹងការផ្ដល់ជូនសេវាកម្មហិរញ្ញវត្ថុ និងបង្កើនការដាក់បញ្ចូលហិរញ្ញវត្ថុ និងសិទ្ធិអំណាចប្រើទៅដល់ប្រជាជនកម្ពុជា។ យើង​នឹង​នាំ​យក​សេវាកម្ម​ហិរញ្ញវត្ថុ​ឱ្យ​កាន់​តែ​ជិត​ជាង​មុន​ទៅ​ដល់​អតិថិជន​របស់​យើងបច្ចុប្បន្ន មិន​ថា​នៅ​តំបន់​ដាច់​ស្រយាល​ក៏​ដោយ»

ធនាគារ​កាណាឌីយ៉ា​បានឈរ​ជើង​នៅ​លើ​ទីផ្សាយ​ដោយ​ជោគជ័យ​ជិត​៣០​ឆ្នាំ​ក្នុង​ការ​ផ្ដល់​ជូន​នូវ​សេវាកម្ម​ដ៏​សម្បូរបែប​ទៅ​ដល់​អតិថិជន​ទាំង​បុគ្គល និង​សាជីវកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​បាន​ពង្រីក​ទីផ្សារ​របស់​ខ្លួន​ទៅ​ដល់​ប្រទេស​ឡាវ​ដែល​ជា​ប្រទេស​ជិតខាង។

ទាំងវីងនិងធនាគារកាណាឌីយ៉ាគឺជាធនាគារក្នុងស្រុកឈានមុខគេនៅកម្ពុជាដែលមានបំណងប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាគ្រប់រូប។

វីងត្រូវបានគេទទួលស្គាល់ បានបង្កើតភាពជាដៃគូយ៉ាងទូលំទូលាយជាមួយដៃគូពាណិជ្ជករជាង ៤ ០០០០ និងជាមួយក្រុមហ៊ុនសំខាន់ៗនៅក្នុងឧស្សាហកម្មរួមមាន៖ Mastercard, MoneyGram, AliPay, WeChat Pay and Western Union​ ជាដើម។ ភ្នាក់ងារវីងដែលត្រូវបានបណ្តុះបណ្តាលយ៉ាងជំនាញ បានកំពុងជួយសម្រួលផ្តល់សេវាហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជានៅគ្រប់ទិសទីកន្លែងនៃប្រទេសកម្ពុជាចាប់តាំងពីទីក្រុងរហូតដល់ភូមិដាច់ស្រយ៉ាល។

មតិយោបល់