• 2020-06-25 14:50:57
  • ព័ត៌មាន

អ្នក​ប្រាជ្ញ​ខាង​អារ្យ​ខ្មែរ​សាស្ត្រាចារ្យ ពៅ​ សាវរស បាន​ទទួល​មរណភាព​

  • 2020-06-25 14:50:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ស្រី​បណ្ឌិត​សាស្ត្រាចារ្យ ពៅ សាវរស បាន​ទទួល​មរណភាព​ហើយ​ក្នុង​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ (ទី២៥ ខែ​មិថុនា) ក្នុង​ជន្មាយុ ៩០ឆ្នាំ​ នេះ​បើ​តាម​ការ​ផ្សាយ​របស់​ទំព័រ​ហ្វេសប៊ុក​ ក្រុម​ព្រះសុរិយា។

កើត​នា​ឆ្នាំ១៩២៩ ក្នុង​ត្រកូល​នាម៉ឺន​មន្ត្រី​ខ្មែរ​សម័យ​ព្រះរាជាណាចក្រ​ទី១ លោក​ស្រី​បាន​ទទួល​បាន​ការ​អប់រំ​តាំង​ពី​បឋមសិក្សា​ រហូត​ដល់​ថ្នាក់​បណ្ឌិត​រដ្ឋ។ លោកស្រី​សិក្សា​នៅ​វិទ្យាល័យ​ស៊ីសុវត្ថិ ហើយ​ក៏​បាន​ក្លាយ​ជា​សាស្ត្រាចារ្យ​នៅ​ទីនោះ។

លុះ​ដល់​ឆ្នាំ១៩៥១ លោកស្រី​បាន​ទទួល​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​បារាំង ដោយ​រៀន​ផ្នែក​ភាសាសាស្ត្រ ក្រោយ​មក​ទៀត​លោក​ស្រី​ក៏​បាន​សិក្សា​អារ្យធម៌​ផ្សេងៗ​ដូច​ជា​ ជំនាញ​ខាង​ពុទ្ធសាសនា និង​បាលី ទស្សនៈ និង​អក្សរ​សំស្ក្រឹត​ជា​ដើម នៅ​តាម​បណ្ដា​ប្រទេស​ផ្សេងៗ​ដូច​ជា​ អង់គ្លេស​ និង​សហរដ្ឋអាមេរិក​ជា​ដើម។

ក្នុង​ជីវិត​របស់​លោក​ស្រី​បាន​ចូល​រួម​ក្នុង​ការ​លើក​ស្ទួយ​វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ភាសា​ខ្មែរ​ តាម​រយៈ​ការ​បណ្ដុះបណ្ដាល​អ្នក​ជំនាន់ក្រោយ ការ​បោះពុម្ព​ ចងក្រង ក៏​ដូច​ជា​ផ្សព្វផ្សាយ​តាម​សន្និសីទ​អន្តរជាតិ​នានា។ ស្នាដៃ​របស់​លោក​ស្រី​មាន​ច្រើន​ ពាក់ព័ន្ធ​នឹង​ការ​សិក្សា​សិលាចារឹក អក្សរសិល្ប៍​ ហើយ​ក៏​បាន​បង្កើត​វចនានុក្រម​ខ្មែរ-បារាំង​ទៀត​ផង៕

រូបភាព៖ ក្រុម​ព្រះសុរិយា

ជីវប្រវត្តិ​ដកស្រង់​ពី សៀវភៅ​ជីវប្រវត្តិលោកស្រីបណ្ឌិតសាស្ត្រាចារ្យ ពៅ សាវរស ដោយ​ ហម ឆាយលី (២០១៦)

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់