• 2020-06-30 07:23:56
  • ស្នេហា

អុញ! នៅ​សុខៗ​សង្សារ​សួរ​​តាម​​ត្រង់​ថា ​ធ្លាប់​រួម​ភេទ​អត់ ​គិត​ម៉េច​វិញ?​

  • 2020-06-30 07:23:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិត្ត​យុវវ័យ​​ត្រូវ​បាន​សង្សារ​ជា​ទី​ស្រលាញ់​ជជីក​​​សួរ​ដេញ​ដោល​ចំៗ​ថា ​ធ្លាប់​​ដែល​រួម​ភេទ​អត់ គួរ​ឆ្លើយ​យ៉ាង​ម៉េច​វិញ។ សំនួរ​មួយ​​នេះ​ មិន​មែន​ងាយ​ស្រួល​ឆ្លើយ​ប៉ុន្មាន​​ទេ ជា​ពិសេស​បុរសៗ​​ ដែល​ធ្លាប់​ខិល​ខូច​ហ្នឹង​ឯង ​ច្បាស់​ជា​គាំង​​​និយាយ​មិន​ចេញ​ទេ​មើល​ទៅ។ ចុះ​ចំណែក​យុវវ័យ​ខាង​ក្រោម មាន​ទស្សនៈ​យ៉ាង​ណា​ដែរ​ចំពោះ​​បញ្ហា​ដ៏​រសើប​មួយ​​នេះ?

​"ខ្ញុំ​ថា​ ដូច​ជា​គ្មាន​អ្វី​ត្រូវ​លាក់​ផង ធម្មតា​បើ​មនុស្ស​ស្រលាញ់​គ្នា​ស្មោះ​​មិន​គួរ​មាន​អាថ៌​កំបាំង​ជាមួយ​គ្នា​ឡើយ​ ប្រាប់​គេ​តាម​ត្រង់​ទៅ​មាន​អ្វី​ត្រូវ​ខ្លាច តែ​បើ​យើង​ព្យាយាម​លាក់​បាំង​អតីតកាល​ស្នេហា​របស់​យើង​ចំពោះ​គេ​មាន​ន័យ​ថា​ យើង​មិន​ស្មោះ​នឹង​គេ​បាត់​ទៅ​ហើយ"។ នេះ​ជា​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​ លោក សុទ្ធ កុសល អាយុ ​២៤ ឆ្នាំ និស្សិត​ជំនាញ​អក្សរ​សាស្ត្រ​អង់គ្លេស​នៃ​វិទ្យាស្ថាន​ភាសា​បរទេស។

លោក​បាន​បន្ថែម​ដូច្នេះ​ទៀត​ថា៖ ម្យ៉ាង​ទៀត​បើ​សិន​ជា​គេ​ស្រលាញ់​យើង​ស្មោះ​ នោះ​គេ​មិន​ប្រកាន់​ពី​អតីតកាល​មិន​ល្អ​របស់​យើង​ឡើយ ទោះ​បី​យើង​ធ្លាប់​ខិល​ខូច​យ៉ាង​ណា ​ក៏​គេ​នៅ​តែ​ទទួល​យើង​បាន​ដែរ។ គ្មាន​អ្នក​ណា​មួយ​​ដែល​មិន​ធ្លាប់​ធ្វើ​ខុស​នោះ​ទេ។

គិត​ដល់​ចំណុច​ខាង​លើ យុវជន ជន សុទ្ធា អាយុ​២១ឆ្នាំ និស្សិត​ឆ្នាំ​ទី​១​នៃ​សាកលវិទ្យាល័យ​ន័រតុន​បាន​និយាយ​ប្រាប់​ថា៖ "ទោះ​បី​ជា​យើង​ខំ​ប្រឹង​លាក់​បាំង​គេ​ យ៉ាង​ណា​ខ្ញុំ​ជឿ​ថា​មុន​ និង​ ក្រោយ​ជៀស​មិន​ផុត​ពី​សង្សារ​ដឹង​ទេ បើ​មិន​ប្រាប់​ពេល​ហ្នឹង​ទេ ដល់​ពេល​បែក​ការ​ថ្ងៃ​ក្រោយ​ច្បាស់​​ជា​មាន​រឿង​ធំ​​ជា​មិន​ខាន​ឡើយ"។

និស្សិត​ជំនាញ​ព័ត៌មាន​វិទ្យា​ដដែល​រូប​នេះ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា៖ ប្រាប់​ការ​ពិត​ទៅ​ថា​យើង​ធ្លាប់​មាន​សង្សារ​ប៉ុន្មាន​អ្នក​ ធ្លាប់​ជ្រុល​ជ្រួស​អី​​ដែរ​អត់ ​ចាំ​មើល​ តើ​គេ​មាន​ប្រតិកម្ម​អី​ដែរ​អត់ បើ​គេ​ទទួល​បាន​ក៏​បាន ហើយ​បើ​​មិន​បាន​ក៏​ហី​ទៅ​ កុំ​លាក់​គេ​អី​មិន​ល្អ​ទេ។

យល់​ឃើញ​ស្រដៀង​ៗ​គ្នា​នេះ​ដែរ កញ្ញា​ គង់​ គន្ធា អាយុ​២០ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​១២​នៃ​វិទ្យាល័យ​ច្បារ​អំពៅ​ បាន​និយាយ​ថា៖ គ្មាន​ហេតុ​ផល​អ្វី​ត្រូវ​​លាក់​បាំង​ប្រវត្តិ​ស្នេហា​ជាមួយ​​សង្សារ​នោះ​ទេ ព្រោះ​អ្នក​ខ្លះ​​ស្រលាញ់​គ្នា​ សម្លឹង​មើល​ឃើញ​ដល់​អនាគត​ទើប​គេ​សួរ​ពី​អតីតកាល​របស់​យើង​ដូច្នេះ។

ឆ្លើយ​តប​ទៅ​នឹង​សំនួរ​ថា៖ "ចុះ​អត់​ខ្លាច​ប្រាប់​​ពី​ប្រវត្តិ​ស្នេហា​មិន​ល្អ​របស់​យើង​ទៅ​គេ​ត្រង់ៗ​ ហើយ​គេ​ទទួល​យក​អត់​បាន​ទេ​ហ៎?" គន្ធា បាន​ឆ្លើយ​​ថា៖ រឿង​ហ្នឹង​យើង​មើល​ដែរ បើ​សិន​ជា​គេ​ស្រលាញ់​យើង​ស្មោះ​មែន​ដាច់​ខាត​ត្រូវ​តែ​ប្រាប់​គេ​តាម​ត្រង់ តែ​បើ​គេ​គ្រាន់​តែ​ជា​មនុស្ស​ចង់​លេង​សើច​ជាមួយ​យើង​ មិន​ប្រាប់​ពី​​ប្រវត្តិ​ពិត​​ឲ្យ​គេ​ដឹង​នោះ​ទេ។

ទោះ​បី​ជា​យ៉ាង​ណា​ យុវជន ប្រាក់ បញ្ញារិទ្ធិ អាយុ​២៤ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ខេត្ត​តាកែវ​បាន​បញ្ចេញ​ទស្សនៈ​ប្រឆាំង​​ទៅ​នឹង​ទស្សនៈ​ទាំង​អស់​ខាង​លើ​ថា៖ "ដាច់​ខាត​មិន​ត្រូវ​ប្រាប់​ពី​ប្រវត្តិ​យើង​ទៅគេ​ទាំង​អស់​នោះ​ទេ ជា​ពិសេស​រឿង​ធ្លាប់​ជ្រុល​ជ្រួស​ខ្លួន​ប្រាណ​ហ្នឹង ​បើ​អាច​​កុហក​គេ​បាន​ គួរ​តែ​និយាយ​កុហក​​ខ្លះ​​ទៅ"។

បញ្ញារិទ្ធិ​ បាន​បន្ថែម​ទៀត​ថា៖ ពេល​ខ្លះ​​ការ​កុហក​មិន​មែន​សុទ្ធ​តែ​មិន​ល្អ​ទាំង​អស់​នោះ​ទេ តែ​បើ​សិន​ជា​យើង​ប្រាប់​គេ​ទាំង​អស់​ នៅ​ពេល​ដែល​មាន​រឿង​ឈ្លោះ​ប្រកែក​គ្នា​គេ​ ប្រាកដ​ជា​លើក​យក​រឿង​យើង​ធ្លាប់​មាន​សង្សារ​មក​ឌឺ​ឲ្យ​យើង​ជា​មិន​ខាន​ឡើយ៕

អត្ថបទ៖ យិន សំបូរ

មតិយោបល់