• 2020-07-11 00:34:23
  • សេដ្ឋកិច្ច

អេស៊ីលីដា ទទួល​បាន​ហិរញ្ញប្បទាន ១៣០លាន​ដុល្លារ ពីស្ថាប័ន​អភិវឌ្ឍន៍​ហិរញ្ញវត្ថុ​ធំជាងគេ​លើ​លោក!

  • 2020-07-11 00:34:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធនាគារ CHINA DEVELOPMENT BANK (CDB) ដែល​ជាស្ថាប័ន​អភិវឌ្ឍន៍ហិរញ្ញវត្ថុធំជាងគេនៅលើពិភពលោក បានចុះកិច្ចព្រមព្រៀង ផ្តល់ហិរញ្ញប្បទានរយៈពេលវែងដល់ធនាគារ អេស៊ីលីដា ភីអិលស៊ី ចំនួន ១៣លាន​ដុល្លារអាមេរិក។ នេះ​បើយោង​តាម​​ការ​ប្រកាស​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី។

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានប្រសាសន៍ថា ការធ្វើពិពិធកម្មនៃប្រភពទុន មានសារៈសំខាន់ខ្លាំងណាស់ ដើម្បីគាំទ្រយុទ្ធសាស្រ្តរីកចម្រើនប្រកបដោយចីរភាព របស់ធនាគារ។ ធនាគារ ជាក្រុមហ៊ុនបោះផ្សាយមួយក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា អាចប្រមូលទុនពីទីផ្សារមូលបត្រ ដើម្បីពង្រឹងដើមទុន ចំណែកឯប្រាក់បញ្ញើសន្សំ ដែលបានមកពីប្រាក់បញ្ញើទីផ្សារហិរញ្ញវត្ថុសម្រាប់តម្រូវការដើមទុនរយៈពេលខ្លី រីឯហិរញ្ញប្បទានទទួលបានពីស្ថាប័នអន្តរជាតិ ដូចជា ធនាគារ CDB សម្រាប់គាំទ្រដល់ការរីកចម្រើនរយៈពេលវែងរបស់ធនាគារ។ ហិរញ្ញប្បទានរយៈពេលវែងចំនួន ១៣០លាន​ដុល្លារអាមេរិក (មួយរយសាមសិបលានដុល្លារអាមេរិក) ពី ធនាគារ CDB នេះ ធនាគាររំពឹងថានឹងផ្តល់ឥណទានថ្មីដល់សហគ្រាសខ្នាតតូច និងមធ្យម យ៉ាងហោចណាស់ ចំនួន ៥០០០ សហគ្រាស បន្ថែមទៀត។

លោក Lyu Zhinan អគ្គនាយករងធនាគារ CHINA DEVELOPMENT BANK GUANGXI BRANCH (CDB) មានប្រសាសន៍ថា នេះគឺជាលើកទី២ហើយ ដែលធនាគារទាំងពីរបានធ្វើកិច្ចសហការជាមួយគ្នា។ ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារធំ ដែលគាំទ្រការអភិវឌ្ឍន៍សហគ្រាសខ្នាតតូច និងមធ្យមនៅប្រទេសកម្ពុជា។ CDB មានការជឿជាក់យ៉ាងមុតមាំថាកិច្ចសហប្រតិបត្តិការផ្តល់ហិរញ្ញប្បទាននេះ នឹងជួយសហគ្រាសខ្នាតតូចនិងមធ្យមនៅកម្ពុជាកាន់តែច្រើន ក្នុងការទប់ទល់នឹងស្ថានភាពនៃការរីករាលដាលនៃជំងឺជាសកល បង្កើតផលិតកម្មឡើងវិញ និងផ្តល់នូវផលវិជ្ជមានដល់សេដ្ឋកិច្ចកម្ពុជាឡើងវិញ។ CDB មានឆន្ទៈក្នុងការសហប្រតិបត្តិការបន្ថែមទៀតជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី លើកិច្ចការសំខាន់ៗ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចឆាប់រហ័ស និងការអភិវឌ្ឍន៍ដ៏មានសក្តានុពលនៅក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា គិតត្រឹមដំណាច់ខែមីនា ឆ្នាំ២០២០ នេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានទ្រព្យសកម្មសរុបចំនួន ២៥,០១ ទ្រីលានរៀល (ឬ ៦,១៥ ប៊ីលានដុល្លារអាមេរិក) សមតុល្យឥណទានសរុបចំនួន ១៦,២២ ទ្រីលានរៀល (ឬ ៣,៩៩ ប៊ីលានដុល្លារអាមេរិក) និងប្រាក់បញ្ញើសន្សំសរុបចំនួន ១៧,៦៩ ទ្រីលានរៀល (ឬ ៤,៣៥ ប៊ីលានដុល្លារអាមេរិក)៕

មតិយោបល់