• 2020-08-27 13:53:27
  • ចរាចរណ៍

កម្មករ-និយោជិត គួរតែបានទទួលការការពារសុវត្ថិភាព ចំពោះការធ្វើដំណើរទៅមក ក្នុងអំឡុងម៉ោងការងារ

  • 2020-08-27 13:53:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មករនយោជិត ក្នុងវិស័យសម្លៀកបំពាក់ និងស្បែកជើង រាប់ពាន់នាក់ត្រូវរងរបួសទាំងធ្ងន់ និងស្រាល ក៏ដូចជាស្លាប់មិនតិចនាក់ ក្នុង១ឆ្នាំៗ។ នេះបើយោងតាមរបាយការណ៌ ដែលទទួលបាន ពី ប.ស.ស កាលពីឆ្នាំ២០១៩។

នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះ អង្កការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា សហការជាមួយមជ្ឍមណ្ឌល សាមគ្គីភាព បានបង្កើតសិក្ខាសាលាមួយស្តីពី ការលើកកំពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិតកម្ពុជា ក្រោមការចូលរួមដ៏ខ្ពង់ខ្ពស់ពីរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន។ សិក្ខាសាលានេះ មានគោលបំណង ដើម្បីបញ្ច្រៀបចំណេះដឹង ទៅដល់អ្នកដែលពាក់ព័ន្ធ អង្កការ ស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំ (សហជីព) ដើម្បីចូលរួមជាសកម្មភាពយ៉ាងសស្រាក់សស្រាំក្នុងការពារសុវត្ថិភាពចរាចរណ៌ផ្លូវគោក ជូនទៅដល់កម្មកររោងចក្រ។

លោក គឹម បញ្ញា នាយកអង្កការមូលនិធិបង្ការរបួសអាស៊ីប្រចាំនៅកម្ពុជា បានបង្ហាញពីការព្រួយបារម្ភចំពោះបញ្ហា គ្រោះថ្នាក់ចរាចរណ៌ ចំពោះកម្មករនិយោជិត ជាពិសេសក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងតែម្តង។ លោកបានលើកឡើងបន្ថែមអំពីករណីគ្រោះថ្នាក់ចរាចរណ៌ទៅលើកម្មករ ក្នុងរោងចក្រស្បែកជើង និងសម្លៀកបំពាក់ ប្រមាណ ៦៩៨លើក ដែលក្នុងនោះ ស្លាប់១៥នាក់ និងរងរបួសធ្ងន់ ស្រាល ជាង១ពាន់នាក់ផ្សេងទៀត។ នេះបើយោងតាមរបាយការណ៌ ដែលទទួលបាន ពី ប.ស.ស កាលពីឆ្នាំ២០១៩ ទៅលើករណីគ្រោះថ្នាក់ចរាចរណ៌ ចំពោះកម្មកររោងចក្រ ក្នុងអំឡុងពេលបម្រើការងារតែប៉ុណ្ណោះ។ ក្នុងនោះដែរ លោកស្រី Pamela Wharton នាយករងកម្មវិធីប្រចាំប្រទេសកម្ពុជា នៃមជ្ឃមណ្ឌលសាមគ្គីភាព ក៏បានបញ្ជាក់ដែរថា ដោយមានការសហការជាមួយក្រសួងសាធារណការ ក៏ដូចជាអង្កការក្រៅរដ្ឋាភិបាល ពួកយើងបានកំពុងអនុវត្តយ៉ាងសស្រាក់សស្រាំទៅលើគម្រោង សកម្មភាពក្នុងការការពារអាយុជីវិត និងមិនអោយរងរបួសទៅដល់កម្មករ កម្មការរនីរោងចក្រ លើវិស័យសម្លៀកបំពាក់និងខោអាវ។

គួរបញ្ជាក់ថា ការកើនឡើង នៃអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៌ ដែលជាកម្មករនិយោជិត ក្នុងវិស័យសម្លៀកបំពាក់ និងស្បែកជើង ក្នុងឆ្នាំ២០១៩ មានការកើនឡើងច្រើនជាងអ្នកស្លាប់ដោយសារតែជំងឺគ្រុនចាញ់ និងគ្រាប់មីន (បូកបញ្ជូលគ្នា)។ យ៉ាងណាមិញ អង្កការមូលនិធិបង្ការរបួសអាស៊ី បានចាប់ផ្តើមបេសកម្មរបស់ខ្លួន ចាប់តាំងពីឆ្នាំ២០០៦ ហើយក្នុងរយៈពេលជាង១០ឆ្នាំនេះ អង្កការបានទទួលលទ្ធផលការងារបានយ៉ាងល្អប្រសើរ រហូតដល់ឆ្នាំ២០១៧ អង្កការបាននឹងកំពុងបង្កើន ការរួមចំនែកជាបន្តបន្ទាប់ដើម្បីការពារសុវត្ថិភាពកម្មករនយោជិតក្នុងវិស័យសម្លៀកបំពាក់ និងស្បែកជើង។

ក្នុងនោះដែរ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណៈការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការជាតិសុវត្ថិភាពចរាចរណ៌ផ្លូវគោក បានថ្លែងនៅក្នុងអង្គសិក្ខាសាលាថា លោកជំទាវមានសេចក្តីសោមនស្សជាពន់ពេកចំពោះការខិតខំប្រឹងកន្លងមក របស់អង្កការ និងដៃគូរសហការ ទៅលើគម្រោងសុវត្ថិភាពចរាចរណ៌ផ្លូវគោក ចំពោះកម្មករនយោជិត ក្នុងវិស័យសម្លៀកបំពាក់ និងស្បែកជើង។ លោកជំទាវសង្ឃឹមថា កម្មករនយោជិតនឹងទទួលបានសុវត្ថិភាពបន្ថែមលើការធ្វើដំណើរទៅមកក្នុងអំឡុងពេលបំពេញការងាររបស់ពួកគេ។

គួរបញ្ជាក់បន្ថែមថា សុវត្ថិភាពចរាចរណ៌សម្រាប់កម្មករនិយោជិតកម្ពុជា បង្កើតឡើងក្នុងគោលបំណង ពង្រឹងការទំនាក់ទំនង ជំរុញការកិច្ចសហប្រតិបត្តិការ ព្រមទាំងបង្កើនសកម្មភាពរួមគ្នា ក្នុងចំណោមអ្នកពាក់ព័ន្ធសំដៅធ្វើអោយប្រសើរឡើងនូវសុវត្ថិភាពក្នុងការធ្វើដំណើរ ទៅមកបំពេញការងាររបស់កម្មករនយោជិត។ សកម្មភាពសំខាន់ៗ នៅក្នុងកម្មវិធីមានដូចជា

  • ១. សិក្សា និងផ្សព្វផ្សាយទៅលើអ្នកដែលបើកបររថយន្តដឹកកម្មករនយោជិត

  • ២. សហប្រតិបត្តការជាមួយអ្នកពាក់ព័ន្ធក្នុងឧស្សាហកម្ម សង្គមស៊ីវិល សហជីព និងសមាគមអ្នកបើកបរ

  • ៣. បង្កើនការអនុវត្តវិធានការសុវត្ថិភាពចរាចរណ៌នៅរោងចក្រគោលដៅ៕

រូបតំណាង

អត្ថបទ ៖ Art

មតិយោបល់