• 2020-09-11 04:51:46
  • សេដ្ឋកិច្ច

សម្រាប់ឆ្នាំ២០២១ កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង ត្រូវបានដំឡើងដល់១៩២ដុល្លារ

  • 2020-09-11 04:51:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាដែលជាយន្តការត្រីភាគី និងមានសមាជិកជាតំណាងភាគីកម្មករនិយោជិតចំនួន ១៧រូប តំណាងភាគីនិយោជកចំនួន ១៧រូប និងតំណាងភាគីរាជរដ្ឋាភិបាលចំនួន ១៧រូប បានបើកកិច្ចប្រជុំដំបូងនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ និងបានបន្តកិច្ចប្រជុំរហូតដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០។

ក្រោយការពិភាក្សាគ្នា ភាគីទាំងបី បានឯកភាពគ្នាជាឯកច្ឆន្ទគាំទ្រតួលេខ ១៩០ (មួយរយកៅសិប) ដុល្លារអាម៉េរិក ជាតួលេខប្រាក់ឈ្នួលអប្បបរមា ក្នុងមួយខែ សម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២១។

លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចបន្ថែមទឹកប្រាក់ចំនួន ២(ពីរ) ដុល្លារអាម៉េរិក លើទឹកប្រាក់ចំនួន១៩០ (មួយរយកៅសិប) ដុល្លារអាម៉េរិក។ ដូច្នេះចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ បងប្អូនកម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និង ផលិតស្បែកជើង នឹងមានប្រាក់ឈ្នួលអប្បបរមាចំនួន ១៩២ (មួយរយកៅសិបពីរ) ដុល្លារអាម៉េរិក ក្នុងមួយខែ ចំពោះកម្មករនិយោជិតពេញសិទ្ធិ និងចំនួន ១៨៧ (មួយរយប៉ែតសិបប្រាំពីរ) ដុល្លារអាម៉េរិក ក្នុងមួយខែ ចំពោះកម្មករនិយោជិតសាកល្បង។

ទន្ទឹមនឹងនេះ ប្រាក់អត្ថប្រយោជន៍ផ្សេងទៀត ដែលកម្មករនិយោជិតធ្លាប់ទទួលបានកន្លងមក ត្រូវបានរក្សាទុកនៅដដែល មានដូចជា៖ ប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅចំនួន ៧ដុល្លារអាម៉េរិក ក្នុងមួយខែ ប្រាក់រង្វាន់ធ្វើការទៀងទាត់ចំនួន១០ដុល្លារអាម៉េរិក ក្នុងមួយខែ ប្រាក់ថ្លៃបាយសម្រាប់ការធ្វើការងារបន្ថែមម៉ោងដោយស្ម័គ្រចិត្តចំនួន២ ០០០រៀល ក្នុងមួយថ្ងៃ ឬការទទួលបានបាយមួយពេលដោយឥតគិតថ្លៃ និងប្រាក់រង្វាន់អតីតភាពការងារចំនួនពី២ដុល្លារអាម៉េរិក ដល់១១ដុល្លារអាម៉េរិក ក្នុងមួយខែសម្រាប់កម្មករនិយោជិតដែលបានធ្វើការចាប់ពីឆ្នាំទី២ ដល់ឆ្នាំទី១១។ ដូចនេះ ជាមធ្យមកម្មករនិយោជិតម្នាក់ៗនឹងទទួលបានប្រាក់បៀវត្សយ៉ាងតិចចំនួនពី ២០៩ (ពីររយប្រាំបួន) ដុល្លារអាម៉េរិក ដល់២២០ (ពីររយម្ភៃ) ដុល្លារអាម៉េរិក ក្នុងមួយខែ៕

សូមមើលសេចក្តីប្រកាសដូចខាងក្រោម៖

ប្រភព៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី