- 2014-11-21 17:27:40
- សេដ្ឋកិច្ច
បង្កងខេត្តតាកែវ ល្បីមួយស្រុកខ្មែរអ្នក ភ្នំពេញ អ្នកខេត្តណាក៏មិនរំលងបើទៅដល់
- 2014-11-21 17:27:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បង្កងខេត្តតាកែវ ល្បីមួយស្រុកខ្មែរអ្នក ភ្នំពេញ អ្នកខេត្តណាក៏មិនរំលងបើទៅដល់
ចន្លោះមិនឃើញ
ពេលធ្វើដំណើរពី ភ្នំពេញ តាមផ្លូវជាតិលេខ២ ជាង៧០គីឡូម៉ែត្រ អ្នកនឹងទៅដល់ផ្លូវកែងបត់ឆ្វេងឆ្ពោះទៅកាន់ក្រុង ដូនកែវ រួចនឹងឃើញផ្ទាំងប៉ាណូពណ៌ទឹកក្រូច «ខេត្តតាកែវសូមស្វាគមន៍» ដែលរំលេចដោយនារីខ្មែរកាន់បង្កងរស់រវើក ជាសញ្ញាប្រាប់ថាអ្នកបានមកដល់ខេត្ត តាកែវ ដ៏ល្បីខាងបង្កងទឹកសាប ស្រស់ថ្មី និង មានឱជារសឆ្ងាញ់ពិសា បន្ថែមលើ វប្បធម៌តម្បាញសូត្រ។
អ្នកអាចបន្តដំណើរទៅត្រង់ រហូតដល់ផ្លូវសួនច្បារបណ្ដោយមាត់ទន្លេ រួចក៏ហួសដល់ប្លុកសម្បូរផ្ទះចាស់ៗមួយ ដែលបន្តើតខ្លួននៅមុខបឹងបួរធំល្វឹងល្វើយ នៅផ្នែកខាងកើត។ នោះគឺផ្សារ ណាត់ ដែលស្ថិតនៅជ្រោយខាងកើតឆៀងខាងជើងក្រុង ដូនកែវ ។ ផ្សារណាត់នេះហើយ ជាទីដែលមានបង្កងស្រស់ថ្មីដាក់តាំងលក់។ អ្នកអាចជៀវបង្កងល្អៗ និងមានសេវាចម្អិនឲ្យភ្លាមៗ បើអ្នកត្រូវការ។
និយាយពីរបរលក់បង្កងរបស់អ្នក ដូនកែវ នេះចាប់ផ្ដើម រីកចម្រើនបន្តិចម្ដងៗ ហើយកេរ្តិ៍ឈ្មោះបង្កងទីនោះ ក៏កាន់តែល្បីឡើងៗសន្សឹម រហូតអ្នកភ្នំពេញ ឬ អ្នកខេត្តផ្សេងៗ ដែលមានធនធានសមរម្យ មិនភ្លេចសាកឱជារសល្បីរបស់វាឡើយ បើគេទៅដល់ទីនោះ ទោះបង្កងថ្លៃ បើធៀបម្ហូបអាហារផ្សេងៗ។
លោក ឈន រដ្ឋា អាជីវកបង្កងធម្មជាតិនៅតូប «បង្កងខេត្តតាកែវ» ទីតាំងខាងត្បូងវិមានឯករាជ្យខេត្ត ថា បង្កងនៅទីនោះ មាន៣គុណភាព អាស្រ័យលើទំហំរបស់បង្កង។ តម្លៃដែលលោកទើបប្រាប់ Sabay មុននេះគឺ បង្កងលេខ១ជាទូទៅថ្លៃ ២៩ដុល្លារ លេខ២តម្លៃ២២ដុល្លារ និងលេខ៣តម្លៃ ១៧ដុល្លារ ក្នុងមួយគីឡូក្រាម។
ប៉ុន្តែលោកថាបើថ្ងៃសៅរ៍អាទិត្យ និងបុណ្យទានធំៗ ការកុម្ម៉ង់ទិញកើនឡើង ហើយជាទូទៅបង្កងនឹងឡើងថ្លៃ ពី២ទៅ៣ដុល្លារក្នុងមួយគីឡូក្រាម ខុសពីថ្ងៃធម្មតា។ លោកថាដូចជាកាលបុណ្យអុំទូកថ្មីៗជាដើម តម្លៃបានកើនលើស ថ្ងៃធម្មតាក្នុងមួយគីឡូ ៧ដុល្លារឯណោះ។ រីឯអតិថិជន ភាគច្រើនគឺកុម្ម៉ង់ទិញពី ភ្នំពេញនិងខេត្តឆ្ងាយក៏មានដែរ។ "ពីខេត្តផ្សេងរហូតដល់ ប៉ោយប៉ែត បន្ទាយមានជ័យ សៀមរាប អ្នកខ្លះគេកុម្ម៉ង់ផ្ញើទៅដល់ អាមេរិក"។ អាជីវករវ័យ៣០ឆ្នាំរូបនេះប្រាប់ការគាំទ្រ បង្កងតាកែវ។
បើអ្នកចង់ ញ៉ាំបង្កង តាកែវ មិនមែនមានគ្រប់តែខែគ្រប់រដូវនោះទេ ហើយគួរប្រយ័ត្នប៉ះបង្កងចិញ្ចឹមដែលមិនមានរសជាតិឆ្ងាញ់ដូច បង្កងទន្លេសុទ្ធ។ អាជីវករក្រុងដូនកែវ បានប្រមូលទិញ បង្កងធម្មជាតិទាំងនោះ ពីប្រជានេសាទនៅ ស្រុកអង្គរបូរី អតីតដែនដី នគរគោកធ្លក ដ៏ដំបូងរបស់ខ្មែរ។ រួចបើចង់ធ្វើដំណើរពី ក្រុងដូនកែវ ទៅគឺត្រូវជិះទូកឬអូប័រ ចម្ងាយពី២០ទៅ៣០គីឡូម៉ែត្រ ដើម្បីទៅដល់ស្រុកមួយនៃខេត្តកែវ ដែលហ៊ុមព័ទ្ធដោយបឹងបួរមួយនេះ។
បង្កង ដែលប្រជាជននេសាទពីបឹងនោះ មានចាប់ពីខែកក្កដា រហូតដល់ខែមករា។ ប៉ុន្តែ បង្កងសម្បូរនិងធំល្អៗបំផុត មាននៅខែវិច្ឆិកានិងធ្នូចុងឆ្នាំ។ សល់ពីនោះបង្កងមានលក់ភាគច្រើននាំពី វៀតណាម មិនមែនបង្កងធម្មជាតិឡើយ។
បើចៃដន្យបានទៅលេងខេត្ត តាកែវ កុំភ្លេចភ្លក់ បង្កងទន្លេណា៎! ដើម្បីដឹងថាម៉េចក៏វាល្បី? ហើយប្រិយមិត្តក៏អាចទាក់ទងកុម្ម៉ង់ ឬសាកសួរទៅតូប «បង្កងខេត្តតាកែវ» ក្បែរវិមានឯករាជ្យ តាមទូរសព្ទលេខ ០៩៧ ៩៩៩៩ ១០៣៕
យុវវ័យភាគច្រើនរិះគន់អ្នកហូបម្ហូបសាច់ឆ្កែ
អត្ថបទ៖ ប៉ែន សុផាន់ណា
រូបភាពសុំសិទ្ធ៖ បង្កងខេត្តតាកែវ