• 2021-07-17 02:36:00
  • ចរាចរណ៍

គួរ​ឲ្យ​សរសើរ! សិង្ហ​បុរី ត្រូវ​បាន​ចាត់ទុក​ថា ជា​កន្លែង​ដ៏​មាន​សុវត្ថិ​បំផុត អំឡុង​ពេលកូវីដ ១៩ នេះ

  • 2021-07-17 02:36:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសសិង្ហបុរី ត្រូវបានគេចាត់ទុកថា ជាកន្លែងដ៏មានសុវត្ថិភាពបំផុតក្នុងការស្នាក់នៅ ទេសចរណ៍ និងការធ្វើធុរកិច្ចនានា អំឡុងពេលនៃវិបត្តិកូវីដ ១៩ ដែលកំពុងតែឆ្លងរាតត្បាតទូទាំងពិភពលោក។ ប្រទេសកោះដ៏ស្អាតមួយនេះ បានឡើងឈរក្នុងចំណាត់ថ្នាក់លេខ១ប្រចាំខែមេសា ក្នុងនាមជាប្រទេសដែល បានគ្រប់គ្រងការឆ្លងរបស់វីរុសកូរ៉ូណាបានយ៉ាងល្អបំផុតក្នុងពិភពលោក។

ការឡើងទៅឈរលេខ១លើតារាងនេះ ដោយសារតែសិង្ហបុរី បានធ្វើឲ្យករណីឆ្លងក្នុងសហគមន៍របស់ខ្លួន ស្ទើរតែស្ថិតក្នុងកម្រិតសូន្យ ដោយសារតែចាត់វិធានវិធានការយ៉ាងតឹងរ៉ឹងតាមព្រំដែន និងអនុវត្តកម្មវិធីធ្វើ ចត្តាលីស័ក ដ៏មានប្រសិទ្ធិភាព ដើម្បីធានាថា ប្រជាពលរដ្ឋភាគច្រើនរបស់ខ្លួននៅតែអាចបន្តស្ថិតក្នុងស្ថានភាព ជាធម្មតា មិនថា ចូលរួមក្នុងកម្មវិធីប្រគំតន្ត្រី ឬក៏ធ្វើដំណើរកម្សាន្តនានាក៏ដោយ។

បើយោងទៅតាមតួលេខកាលពីពេលថ្មីៗនេះ សិង្ហបុរី បានរកឃើញករណីឆ្លងក្នុងសហគមន៍ និងនាំចូលជាមធ្យមតិចជាង២០នាក់ប៉ុណ្ណោះក្នុង១ថ្ងៃ បើគិតចាប់តាំងពីដើមខែមករា ឆ្នាំ២០២១ ក្រោយពីស្ទើរតែមិនមានករណីឆ្លងសោះចាប់ពីខែតុលា ឆ្នាំ២០២០ រហូតដល់ដើមខែមករា ឆ្នាំ២០២១។

អ្វីដែលកាន់តែពិសេសនោះគឺថា បើទោះបីទីក្រុងកោះដ៏ស្រស់ស្អាត មួយនេះ បានរកឃើញករណីឆ្លងសរុបចំនួន៦២ ៨០៤នាក់ក៏ដោយ ប៉ុន្តែ ករណីជាសះស្បើយមានរហូតដល់ ទៅ៦២ ៤៦៧នាក់ ខណៈដែលករណីស្លាប់មានត្រឹមតែ៣៦នាក់គត់ គិតត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១។ បន្ថែមលើនេះទៅទៀត ពួកគេក៏បានអនុវត្តការចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋរបស់ខ្លួន ផងដែរ ដើម្បីធានាថា ស្ថានភាពនានា នឹងវិលទៅរកធម្មតាវិញ ក្នុងពេលខាងមុខឆាប់ៗ ដោយមកទល់ពេលនេះ ប្រជាជនជាងពាក់កណ្តាលហើយនៃអត្រាប្រជាជនសរុប បានទទួលការចាក់វ៉ាក់សាំងពីរដ្ឋាភិបាល។

មិនត្រឹមតែប៉ុណ្ណោះ សិង្ហបុរី បានពង្រីកយុទ្ធនាការចាក់វ៉ាក់សាំងរបស់ខ្លួន ពោលគឺការអវត្តការចាក់ថ្នាំបង្ការទៅលើសិស្សាសាលាដែលមានអាយុចន្លោះពី១២ ទៅ១៥ឆ្នាំ ដោយមិនផ្តោតតែលើមនុស្សពេញវ័យឡើយ ស្របពេលដែលស្ត្រីមានផ្ទៃពោះ និងស្ត្រីកំពុងតែបំបៅកូន ក៏ទទួលបានការចាក់វ៉ាក់សាំងផងដែរ។

សិង្ហបុរី នៅតែអនុវត្តវិធានការតឹងរ៉ឹងដដែលតាមច្រកព្រំដែនរបស់ខ្លួន ស្របពេលដែលការដំណើរទស្សនកិច្ច រយៈពេលវែងពីប្រទេសអូស្ត្រាលី ប្រ៊ុយណេ ចិន នូវែលសេឡង់ និងតៃវ៉ាន់ ត្រូវបានអនុញ្ញាត ក្រោមកិច្ចព្រមព្រៀងលិខិតអនុញ្ញាតិ Air Travel Pass ប៉ុន្តែ ត្រូវស្នាក់នៅផ្ទះរយៈពេល១៤ថ្ងៃ ដោយមិនចាំបាច់ធ្វើចត្តាលីស័ក នៅមន្ទីរពេទ្យឡើយ មុននឹងអាចដើរហើរ តាមទីសាធារណៈបាន។

ជាមួយគ្នានេះ ភ្ញៀវបរទេសពីប្រទេសក្នុងតំបន់ ដែលមានបំណងចង់ទៅទស្សនកិច្ចរយៈពេលខ្លីនៅសិង្ហបុរី ក៏ត្រូវតែស្នើសុំលិខិតអនុញ្ញាត Air Travel Pass ឬ Air Travel Bubble ផងដែរ។

លោក Ong Ye Kung អតីតរដ្ឋមន្ត្រីដឹកជញ្ជូនសិង្ហបុរី ធ្លាប់បានបញ្ជាក់ថា លោករំពឹងទុកថា ប្រទេសរបស់លោក នឹងបើកឲ្យដំណើរការយឺតៗវិញ នៅចុងឆ្នាំ២០២១នេះ បើផ្អែកទៅតាមស្ថានភាពនាពេលបច្ចុប្បន្ន។

សម្រាប់ព័ត៌មានបន្ថែមស្តីពីការស្នើសុំទិដ្ឋាការ និងកាធ្វើទស្សនកិច្ចទៅកាន់ប្រទេសសិង្ហបុរី លោកអ្នកអាចចូលទៅកាន់គេហទំព័រ https://www.visitsingapore.com ឬទាក់ទងទៅកាន់ភ្នាក់ងារស្នើសុំទិដ្ឋាការធ្វើដំណើរ៕

ប្រភពព័ត៌មាន៖ businesstimes និង visitsingapore

អត្ថបទ៖ In Sopheng

មតិយោបល់
អត្ថបទពេញនិយម