• 2021-09-16 10:36:05
  • ព័ត៌មាន

ប្រាសាទមួយកន្លែង នៅដែនដីអង្គរ មានចម្លាក់តូចៗរាប់រយជាប់ផ្ទាំងថ្ម និងរក្សារូបរាងនៅល្អស្ទើរ១០០ភាគរយ

  • 2021-09-16 10:36:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រាសាទក្រវ៉ាន់ ត្រូវបានកសាងនៅឆ្នាំ៩២១ ក្នុងរាជព្រះបាទហស៌វរ្ម័នទី១ ដោយប្តូរពីរចនាប័ទ្មបាក់ខែង ទៅតាមរចនាបថកោះកេរ្ដិ៍ ដើម្បីឧទ្ទិសដល់ព្រះវិស្ណុ (ព្រះនារាយណ៍) ក្នុងព្រហ្មញ្ញសាសនា។ ប្រាសាទបុរាណមួយនេះ ស្ថិតនៅខាងកើតប្រាសាទអង្គរវត្ត និងខាងត្បូងប្រាសាទបន្ទាយក្តី ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប។

ឈ្មោះនៃប្រាសាទ ក្រវ៉ាន់ នេះនៅមិនទាន់មានការបញ្ជាក់ថា មានប្រភពមកពីណានោះទេ។ តាមរយៈការសរសេរនៅក្នុងសៀវភៅបរទេស ដែលភាគច្រើនស្តាប់ប្រជាជនអានមិនច្បាស់ ក៏សរសេទៅជាក្រវាញ តែតាមការពិតប្រជាជនហៅប្រាសាទនេះថា ក្រវ៉ាន់ ព្រោះប្រជាជនយល់ថាក្រវ៉ាន់ នេះជាឈ្មោះផ្កាមួយប្រភេទដែលសំបូរនៅទីនោះ។

នៅពេលដែលអ្នកបានមកដល់ខ្លោងទ្វារប្រាសាទក្រវ៉ាន់ ហើយសម្លឹងមើលទៅតួប្រាសាទ អ្នកនឹងឃើញកំពូលប៉មទាំង៥ ដែលសង់អំពីឥដ្ឋនៅលើខឿនតែមួយ តម្រៀបគ្នាជាជួរយ៉ាងត្រង់។ តួប៉មនីមួយៗ មានជណ្តើរមួយៗ ព្រមទាំងមានទ្វារចូលទៀតផង។ ប៉ុន្តែ តួប៉មចំនួន៤ មានសភាពបាក់បែក រីឯតួប៉មចំនួន៥ ក៏មាន៣ទំហំខុសៗគ្នាផងដែរ។ តួប៉បមកណ្តាលមានទំហំធំជាងគេ ចំណែកឯតួប៉មពីរអមសងខាង មានទំហំតូចជាងបន្តិច ហើយតួប៉មដែលនៅអមសងខាងចុងក្រោយបំផុត គឺមានទំហំតូចជាងគេ។

នៅក្នុងតួប៉មប្រាសាទក្រវ៉ាន់មានចម្លាក់ជាច្រើន ដែលរៀបរាប់អំពីរឿងទេវកថា របស់អាទិទេពព្រះវិស្ណុ និងក្រុងពាលី។ មិនត្រឹមតែប៉ុណ្ណោះ ប្រាសាទក្រវ៉ាន់ក៏នៅមានចម្លាក់អំពីអាពាហ៍ពិពាហ៍របស់ព្រះវិស្ណុ និងព្រះនាងលក្ម្សីផងដែរ។ នៅលើជញ្ជាំងនៃប្រាង្គធំ ដែលត្រូវបានជួស​ជុលដោយ លោកហ្គ្រោលីយេ ជាជនជាតិបារាំង យើងឃើញមានចម្លាក់មួយតំណាងឲ្យព្រះអា​ទិទេពមួយអង្គស្ថិតក្នុងឥរិយាបទ ប្រថាប់ឈររាំយ៉ាងសង្ហា​ ដោយមានព្រះបាទមួយ (ជើង១) ប្រថាប់លើបល្ល័ង្គ ហើយចម្លាក់មួយទៀតដែលគួរឱ្យភ្ញាក់អារម្មណ៍ជាងគេនោះ គឺនៅលើផ្កាឈូករីកក្រពុំមួយដែលគួរឲ្យគយ​គន់ រីឯព្រះហត្ថទាំង​៤វិញ ប្រដាប់ដោយកេតនភណ្ឌដូចជា កងចក្រទិព្វ ខ្យងសង្ខ ដំបងសិល្ប៍ និងដុំមូលតំណាងឱ្យពិភពផែនដី។ នៅផ្នែកខាងក្រោមព្រះបាទរបស់ព្រះអាទិទេពអង្គនេះ គេឃើញមានស្ត្រីម្នាក់កំពុងភាវនាវធម៌ ដែលដៃកាន់ទងផ្កាឈូក គឺព្រះនាងលក្ម្សី ដែលជាព្រះជាយា ឬទេពីរបស់ទ្រង់។ អ្វីដែលគួរឲ្យកត់សម្គាល់ជាងនោះទៀត គឺនៅក្រោយខ្នងរបស់ព្រះនាង គេឃើញមានគំនូសរាងអង្គាញ់ៗតំណាងឲ្យទឹកសមុទ្រ។ ឥរិយាបទរាំរបស់ព្រះវិស្ណុបែបនេះ ត្រូវបានគូសបញ្ជាក់តាមរយៈគម្ពីរតៃត្តិរីយាសម្ហិតា និងវាជសនេយិ សម្ហិតា ដែលសិក្សាដោយលោក កោម ស្វាមី អ្នកប្រាជ្ញជាតិឥណ្ឌា និងលោកហ្ស៊កសឺដែស អ្នកកត់ត្រាសិលាចារឹកខ្មែរផងដែរ (Cf. COEDES, G. Inscription du Cambodge, Vol III. St. XXV) ។

ដូចនៅក្នុងវិស័យបដិមាកម្មនៅប្រទេសកម្ពុជាដែរ គេក៏បានជួបប្រទះនូវចម្លាក់បុរាណជាច្រើននៅប្រទេសថៃ និងលាវ ដែលតំណាងព្រះវិស្ណុក្នុងឥរិយាបទដូចគ្នានេះដែរ ទោះបីយើងពុំទាន់មានការសិក្សាលំអិតក្តី។ ករណីនេះ គេបានឃើញចម្លាក់នៅហោជាងនៃប្រាសាទភិមាយប្រាសាទភ្នំរុង និងសិរភូមិ ឬក៏ប្រាសាទវត្តភូជាដើម។ វត្តមានរបស់ចម្លាក់ទាំងនោះ បង្ហាញអំពីមហិទ្ធិឫទ្ធិ និងភាពល្បីល្បាញ នៃព្រះវិស្ណុក្នុងសម័យអង្គរក្នុងអម្លុងសតវត្សរ៍ទី៩ ដល់សតវត្សរ៍ទី១២។

តាមពិតទៅ តាមរយៈចម្លាក់ព្រះវិស្ណុ ត្រីវិក្រមខាងលើនេះ វិចិត្រករខ្មែរចង់បង្ហាញឲ្យសាសនិកជន ដឹងនូវជម្រៅឥទ្ធិពលពិសិដ្ឋរបស់ទ្រង់ ក្នុងការថែរក្សាលោកយើងនេះឲ្យបានគង់វង្សជានិច្ចនិរន្ត ពីព្រោះលោកយើងនេះ ពីកប្បមួយទៅកប្បមួយ រមែងតែងត្រូវបំផ្លាញវិនាសមហន្តរាយ ហើយក៏ត្រូវបង្កើត ដោយមហិទ្ធិរិទ្ធិរបស់ព្រះអាទិទេពអង្គនេះឡើងវិញដែរ។ ព្រះអង្គបង្កើតលោកឡើងវិញ ដោយបំផ្លាញរាល់ឥទ្ធិពលអាក្រក់ តាមរយៈ “ការរាំវក់” នេះដែលជាមធ្យោបាយ ឬមាគ៌ាមួយសម្រាប់ទៅកាន់ទីរំលត់សភាវៈអាក្រក់ ឬទុក្ខតាមជំនឿព្រហ្មញ្ញសាសនា៕

ប្រភព ៖ កំណត់ត្រាប្រវត្តិសាស្ត្រខ្មែរ

ប្រភព៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ អត្ថបទ ៖ មេខាឡា

មតិយោបល់
អត្ថបទថ្មី