• 2021-12-14 02:42:52
  • សេដ្ឋកិច្ច

ត្រៀម​តែ​លុយ​ទៅ! តាម​អ្នក​ជំនាញ ទីផ្សារ​ខុនដូ នឹង​ហក់​ឡើង​ខ្លាំង​នៅ​ក្នុង​ឆ្នាំ ២០២២

  • 2021-12-14 02:42:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អស់​រយៈ​ពេល​ប្រមាណ ២​ឆ្នាំ​ក្រោម​ការ​គំរាម​របស់​កូវីដ១៩ ​វិស័យ​អចលនទ្រព្យរបស់​កម្ពុជា ក៏​ដូច​ជា​បណ្ដា​ប្រទេស​នានា រង​ផល​ប៉ះពាល់​ស្ទើរ​សន្លប់​ស្ដូក​ស្ដឹង​ នៅ​ក្នុង​នោះ ​តម្រូវ​ការ​បន្ទប់​ឯកជន​ទំនើប ឬ Condo ក៏​ដូច​គ្នា។ យ៉ាង​ណាឥឡូវ​នេះ មាន​ការ​ប៉ាន់​ប្រមាណ​ថា ២០២២ ខាង​មុខ​នេះ តម្រូវ​ការ​មួយ​ប្រភេទ​នេះ នឹង​កើន​ឡើង​ខ្ពស់។ នេះ​បើ​តាម​អ្នក​ជំនាញ។

លោក ខន គង្គា អគ្គនាយក​ភ្នាក់​ងារ​អចលនទ្រព្យ ERA Cambodia ភ្នាក់​ងារ​កម្រិត​អន្តរជាតិ​ដែល​ផ្ដោត​លើ​ការ​សម្របសម្រួល​លក់ Condo និង​ការិយាល័យ​បែប​ទំនើប បាន​ព្យាករណ៍​ដូច្នេះ ដោយ​ផ្អែក​លើ​កត្តា​មួយ​ចំនួន។ កត្តា​ទី​១ និង​សំខាន់​បំផុត​នោះ គឺ​​ផ្អែកលើ​ស្ថានភាព​កូវីដ១៩​នៅ​កម្ពុជា​បាន​វិវត្ត​មក​ល្អ​ប្រសើរ ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បើក​ប្រទេស និង​ដំណើរ​ការ​លើ​គ្រប់​វិស័យ​ឡើង​វិញ។

ជាមួយ​គ្នា​​ដែរ រាជរដ្ឋាភិបាល​ក៏​ទើប​នឹង​ដាក់​ចេញ​នូវ​ផែន​ការ​មិន​តម្រូវ​ឲ្យ​ភ្ញៀវ​មក​ពី​បរទេស​ធ្វើ​ចត្តាឡីស័ក សម្រាប់​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​បាន​រួចរាល់​ហើយ។ ចំណុច​នេះ នឹង​ជំរុញ​កំណើន​លំហូ​វិនិយោគិន​អន្តរជាតិ​ចូល​មក​កម្ពុជា​ជា​ប្រទេស​កំពុង​អភិវឌ្ឍ ហើយ​វា​នឹង​ជះ​ឥទ្ធិពល​ទៅ​​លើ​វិស័យ​អចលនទ្រព្យ​ក្នុង​ស្រុក ពិសេស Condo តែ​ម្ដង។

លោក ខន គង្គា អគ្គនាយកក្រុមហ៊ុន ERA Cambodia

ចំណុច​ទី​២ គឺ​មាន​ពាក់​ព័ន្ធ​នឹង​សេដ្ឋកិច្ច​របស់​កម្ពុជា ដែល​ប៉ុន្មាន​កន្លងមក គឺ​អាច​រក្សា​បាន​កំណើន​ថេរ ៧%​ក្នុង​មួយ​ឆ្នាំ ហើយ​បើ​ទោះ​២​ឆ្នាំ​ចុង​ក្រោយ​មាន​ការ​ធ្លាក់​ចុះ​បន្តិច​ដោយ​សារ​កូវីដ១៩ ប៉ុន្តែ​កម្ពុជា​នៅ​តែ​មាន​កំណើន​សេដ្ឋកិច្ច​ល្អ​ប្រសើរ ហើយ​វា​នឹង​រឹត​តែ​ប្រសើរ​សម្រាប់​ឆ្នាំ​ខាង​មុខ។

ដោយ​ឡែក​ចំណុច​ទី៣ ដោយ​ផ្សារ​ភ្ជាប់​នឹង​ចំណុច​ទី​២ អំពី​កត្តា​សេដ្ឋកិច្ច​របស់​កម្ពុជា គឺ​អំណោយ​ផល​ដល់​កត្តា​ជីវភាព​របស់​ប្រជាពលរដ្ឋ​ដែរ។ លោក ខន គង្គា បាន​លើក​ឡើង​ថា ប្រជាពលរដ្ឋ​កម្ពុជា មាន​ការ​រីកចម្រើន​ខ្លាំង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ចំពោះ​ការ​ប្រែប្រួល​ជីវភាព ដែល​គេ​អាច​មើល​ឃើញ​លើ​កំណើន​នៃ​ការ​ប្រើ​ប្រាស់​យានយន្ត និង​តម្រូវ​ការ​ផ្សេង​ទៀត​ដូច​ជា អចលនទ្រព្យ​ជា​ដើម។

អគ្គនាយក​ក្រុម​ហ៊ុន​ដដែល សង្កត់​ធ្ងន់​ថា នៅ​ក្នុង​ឆ្នាំ​កន្លង​មក​នេះ ប្រជាពលរដ្ឋ​ក្នុង​ស្រុក​ផ្ដើម​មាន​ចំណាប់​អារម្មណ៍​ច្រើន​លើ​អចលនទ្រព្យ​ប្រភេទ​ខុនដូ​នេះ។ ដូច្នេះ​ហើយ ទើប ERA Cambodia របស់​លោក​បាន​អនុវត្ត​ចក្ខុវិស័យ​ដែល​ផ្ដោត​ទៅ​លើ​អតិថិជន​ក្នុង​ស្រុក ដែល​តាម​រយៈ​នេះU+200b បាន​នាំ​ឲ្យ​លោក​កំណត់​បាន​ថា អតិថិជន​ក្នុង​ស្រុក​ដែល​ចាប់​អារម្មណ៍​វិនិយោគ​លើ​សំណង់ Condo តាម​រយៈ​សេវាកម្ម​របស់​ក្រុមហ៊ុន​លោក គឺ​មាន​ចំនួន​ដល់​ទៅ ៩៥%។

ដូច្នេះ​ហើយ​សំអាង​លើ​ហេតុផល​ធំ​ៗ​ទាំង​នេះ ការ​វិនិយោគ​លើ Condo នឹង​មាន​ការ​កើន​ឡើង។ "ខ្ញុំ​អាច​និយាយ​បាន​ថា ការ​វិនិយោគ Condo ក្នុង​ឆ្នាំ ២០២២ នឹង​កើន​ឡើង ក្នុង​នោះ​ការ​វិនិយោគ​ពី​វិនិយោគិន​បរទេស​ក៏​កើន ហើយ​វិនិយោគិន​ក្នុង​ស្រុក​ក៏​កើន​ឡើង​ដូច​គ្នា"។

មើល​ឃើញ​ពី​ឱកាស​នេះ ERA Cambodia ភ្នាក់​ងារ​អចលនទ្រព្យ​កម្រិត​អន្តរជាតិ​ដែល​មាន​ការិយាល័យ​នៅ​៣៨ប្រទេស និង​មាន​ភ្នាក់ងារ​លក់​ជាង ៤ម៉ឺននាក់ បាន​បើក​ដំណើរ​សាខា​ការិយាល័យ​របស់​ខ្លួន​ទី​៣​នៅ​អគារ GIA នា​ទីក្រុង​កោះពេជ្រ​ថ្មី​ៗ​នេះ៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម