• 2021-12-28 07:29:15
  • សេដ្ឋកិច្ច

ល្អ​ខ្លាំង​ណាស់ ២០២២ កម្ពុជា​អាច​នាំ​ទំនិញ​អនុគ្រោះ​ពន្ធ​ច្រើន​មុខ​ណាស់ទៅ​បរទេស

  • 2021-12-28 07:29:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​រយៈ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ​ជាមួយ​ប្រទេស​ចំនួន ១៥ កម្ពុជា​នឹង​អាច​នាំ​ទំនិញ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​តាម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​បាន​​ច្រើន​មុខ​ណាស់។ នេះ​បើ​តាម​ការ​ជូន​ដំណឹង​របស់​ក្រសួង​ពាណិជ្ជកម្ម​នៃ​កម្ពុជា។

តាម​ក្រសួង​ពាណិជ្ជកម្ម នៅ​ថ្មី​ៗ​នេះ ប្រទេស​កម្ពុជា​បាន​សម្រេច​កិច្ច​ព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (អាសិប-RCEP) ដែល​ជា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដ៏​ធំ​បំផុត​លើ​ពិភព​លោក​ដែល​មាន​ប្រទេស​ជា​សមាជិក​ចំនួន ១៥ប្រទេស ក្នុង​នោះ​មាន​សមាជិក​អាស៊ាន​ទាំង ១០ បូក​រួម​ជាមួយ​ដៃគូពាណិជ្ជកម្ម​សេរី​អាស៊ាន​ចំនួន​៥​ទៀត គឺអូស្រ្តាលី ចិន ជប៉ុន កូរ៉េង​ខាង​ត្បូង និង​ណូវែហ្សឡង់។

នេះ​ជា​ផ្លែ​ផ្កា​នៃ​គំនិត​ផ្ដួច​ផ្ដើម​អាស៊ាន ដែល​ត្រូវ​បាន​ប្រកាស​ឲ្យ​ចាប់​ផ្ដើម​ចរចា​តាំង​ពី​ឆ្នាំ ២០១២ នៅ​ក្នុង​រាជធានី​ភ្នំពេញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ បន្ទាប់​ពី​ចូល​ជា​ធរមាន​នា​ថ្ងៃ​ទី ០១ មករា ២០២២កិច្ច​ព្រមព្រៀង​នេះ​គ្រប​ដណ្ដប់​ប្រជាជន ២.២លាន​នាក់ ស្មើ​នឹង​៣០%​នៃ​ប្រជាជន​ទូទាំង​ពិភព​លោក។ ជា​មួយ​គ្នា ផលិតផល​សរុប​មាន ២៦.២ ទ្រីលាន​ដុល្លារ ឬ​ស្មើ ៣០% នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ពិភព​លោក។

បន្ថែម​ពី​លើ​នេះ​ដែរ កិច្ច​ព្រមព្រៀង​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ (អាសិប-RCEP) ក៏​មាន​ទំហំ​ពាណិជ្ជកម្ម​ប្រមាណ ២៨% នៃ​ទំហំ​ពាណិជ្ជកម្ម​ពិភព​លោក​ទាំង​មូល​ដែរ។ ត្រឡប់​មក​វិញ ជាមួយ​ផ្លែផ្កា​ដ៏​ធំធេង​នេះ កម្ពុជា នឹង​ទទួល​បាន​ភាព​អនុគ្រោះ​ពន្ធ​ពី​​កិច្ច​ព្រមព្រៀង​នេះ​លើ​ទំនិញ​សំខាន់​ៗ​ជា​ច្រើន មាន​ដូច​ខាង​ក្រោម៖

១.ទំនិញ​កសិកម្ម៖ គ្រាប់​ស្វាយ​ចន្ធី ពោត ដូង ស្វាយ​ស្រស់ ចេក ដំឡូង​ជ្វា ទឹក​ឃ្មុំ ម្សៅ​រមៀត ក្រូច ល្ហុង ផ្លែ​ផាសិន ខ្ទឹម ត្របែក ស្រកានាគ និង​ទុរេន។ល។

២.ទំនិញ​កសិកម្ម​កែ​ច្នៃ​រួម​មាន៖ គុយទាវ នំ​ក្រៀម សំបុក​ត្រចៀក​កាំ ទំនិញ​កែច្នៃពីត្រី ម្សៅ​ដំឡូងមី ទំនិញ​កែ​ច្នៃ​ពីដូង ប្រេង​សណ្ដែកដី សាច់​ក្រក ទឹកម្ទេស ដំណាប់​ចេក ដំណាប់​ស្វាយ ដំណាប់ទុរេន និង​មី​កញ្ចប់។ល។

៣.ទំនិញ​ឧស្សាហកម្ម៖ កង់ សំលៀក​បំពាក់ ស្បែក​ជើង គ្រឿង​បង្គុំ​អេឡិច​ត្រូនិក ខ្សែកាប​អេឡិចត្រូនិក គ្រឿង​សង្ហារិម ស្ករ​ស ស្ករ​អំពៅ កាបូប​យួរ​ដៃ វ៉ាលី ខ្សែ​ភ្លើង សម្ភារកីឡា ជ័រ​កែ​ច្នៃ សំបក​ថ្នាំ​ពេទ្យ ជ័រ​កៅស៊ូ​ធម្មជាតិ​រាវ កៅស៊ូ​ក្នុង​ទម្រង់​បន្ទះ កៅស៊ូឡាតិច ក្រណាត់​ក្រាល និង​កំទេច​ឈើ​កែ​ច្នៃ។ល។

ក្រៅ​ពី​ទំនិញ​ប៉ុន្មាន​ក្រុម​ខាង​លើ កម្ពុជា​ក៏​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​កិច្ច​ព្រមព្រៀង​នេះ​ជា​ច្រើន​ទៀត​ដូច​ជា ការ​ផ្ទេរ​បច្ចេកវិទ្យា ចំណេះដឹង ចំណេះធ្វើ និង​ជំនាញ​ថ្មី​ៗ​ពី​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស ព្រម​ទាំង​បង្កើត​ការងារ​ថ្មី​ៗ​ជូន​ប្រជាជន​កម្ពុជា​ផង​ដែរ។

តាម​របាយការណ៍​របស់​ក្រសួង​ពាណិជ្ជកម្ម​ដែល បើ​ផ្អែក​តាម​លទ្ធផល​សិក្សា​របស់វិទ្យាស្ថាន​ស្រាវ​ជ្រាវ​សេដ្ឋកិច្ច​សម្រាប់​អាស៊ាន និង​អាស៊ី​បូពា៌​ហៅកាត់ "ERIA” បាន​បង្ហាញ​ថា កម្ពុជា​នឹង​មាន​កំណើន​ប្រចាំ​ឆ្នាំការ​នាំ​ចេញ​ចំនួន ៧,៣% និង​វិនិយោគ​ចំនួន ២៣,៤% និង​ផលិតផល​ក្នុង​ស្រុក​សរុប​ប្រមាណ ២% លើ​ផលិតផល​ក្នុង​ស្រុក​សរុប​ដែល​មាន​បច្ចុប្បន្ន៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម