/61e8eefbd3653_1642655460_medium.jpg)
- 2022-01-20 05:16:12
- ព័ត៌មាន
មិនអាចនៅស្ងៀម រដ្ឋបាលខេត្តបាត់ដំបង ចេញមុខមកបំភ្លឺរឿងរ៉ាវទាំងអស់ ជុំវិញមន្ត្រី លី ឌីនូរី
- 2022-01-20 05:16:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនអាចនៅស្ងៀម រដ្ឋបាលខេត្តបាត់ដំបង ចេញមុខមកបំភ្លឺរឿងរ៉ាវទាំងអស់ ជុំវិញមន្ត្រី លី ឌីនូរី
ចន្លោះមិនឃើញ
រដ្ឋបាលខេត្តបាត់ដំបង បានចេញស្រាយបំភ្លឺទាំងអស់ជុំវិញរឿងរ៉ាវពាក់ព័ន្ធនឹងលោក លី ឌីនូរី ក្រោយពីមន្ត្រីរូបនេះ បានបង្ហោះលិខិតលាឈប់ពីការងារជាមន្ត្រីរាជការផ្ញើជូនសម្ដេចក្រឡាហោម ស ខេង។ នៅក្នុងនោះ លី ឌីនូរី ក៏បានលើកឡើងពីបញ្ហាមួយចំនួននៅក្នុងសង្វាក់ការងាររបស់សាលាខេត្តបាត់ដំបង ថាបក្សពួកនិយម។
ចំពោះបញ្ហានេះ តាមរយៈលិខិតមួយចេញថ្ងៃទី ១៩ មករា ២០២២ ថ្នាក់ដឹកនាំសាលាខេត្តបាត់ដំបង បានបំភ្លឺរឿងរ៉ាវជុំវិញមន្ត្រីរបស់ខ្លួនឈ្មោះ លី ឌីនូរី ថា មន្ត្រីរបស់ខ្លួន បច្ចុប្បន្នជាមន្ត្រីការិយាល័យគ្រប់គ្រងបុគ្គលិកនៃទីចាត់ការគ្រប់គ្រងធនធានមនុស្សរបស់សាលាខេត្ត។ តែកន្លងមក លី ឌីនូរី ក៏ធ្លាប់កាន់តំណែងជាអភិបាលរងនៃគណៈអភិបាលស្រុកថ្មគោលដែរ។
ប៉ុន្តែក្រោយមកក៏ត្រូវបានក្រសួងមហាផ្ទៃសម្រេចផ្ទេរភារកិច្ចមកជាមន្ត្រីសាលាខេត្តវិញ ដោយសារតែមន្ត្រីរូបនេះ ធ្វើការមិនចុះសម្រុងជាមួយនឹងភាគីពាក់ព័ន្ធរបស់ស្រុកមួយចំនួន។លុះមកបំពេញភារកិច្ចនៅសាលាខេត្ត លោក លី ឌីនូរី ក៏ធ្លាប់បានដាក់ពាក្យសុំនៅក្រៅក្របខណ្ឌដើម ហើយទៅបំពេញមុខងារជាទីប្រឹក្សាក្រសួងមួយវិញ។
តែក្រោយមកក៏បានសុំចូលមកបម្រើការងារនៅអង្គភាពដើមវិញ។ ប៉ុន្តែបែបនេះក្ដី តាមសារលិខិតបំភ្លឺរបស់រដ្ឋបាលខេត្តបាត់ដំបងដដែលបានឲ្យដឹងថា លោក លី ឌីនូរី មិនបានមកបំពេញភារកិច្ចជាប់លាប់ និងថា រាល់ពេលអវត្តមាន គឺពុំដែលជូនដំណឹងមកអង្គភាពសាមីឡើយ។
ចុងក្រោយនេះ លី ឌីនូរី បានអវត្តមានពីកន្លែងធ្វើការចំនួន ២សប្ដាហ៍ទៀត ដោយគ្មានច្បាប់អនុញ្ញាតិដដែល។ ក្នុងពេលដែល កំហុសក្នុងការងារមិនទាន់បានដោះស្រាយផង លោក ឌីនូរី ស្រាប់តែបានបង្ហោះសារលើបណ្ដាញសង្គមគោរពជូនសម្ដេចក្រឡាហោម ស ខេង សុំលាឈប់ពីក្របខណ្ឌមន្ត្រីរាជការទៅវិញ។
រដ្ឋបាលខេត្តបាត់ដំបង បញ្ជាក់ថា អនុលោមតាមគោលការណ៍វិមជ្ឈការនៃការគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ រដ្ឋបាលខេត្តមានសមត្ថកិច្ចក្នុងការចាត់ចែង និងគ្រប់គ្រងមន្ត្រី បុគ្គលិករបស់ខ្លួន ស្របតាមគោលការណ៍ បែបបទ និងនីតិវិធីកំណត់មានដូចជា ការតែងតាំង ការដំឡើងឋានន្តរសក្តិ ការអនុវត្តន៍ទណ្ឌកម្មខាងវិន័យ ការអនុញ្ញាតច្បាប់ឈប់សម្រាក ការអនុញ្ញាតឲ្យមន្ត្រីលាឈប់ពីការងារ ការលុបឈ្មោះមន្ត្រីចេញពីក្របខណ្ឌ និងការដាក់មន្ត្រីឲ្យចូលនិវត្តន៍។ល។
ការអនុវត្តន៍គោលការណ៍ទាំងនេះ គឺសម្រាប់រាល់មន្ត្រីទាំងអស់ មិនមែនតែករណីលោក លី ឌីនូរី តែម្នាក់នោះទេ។ ដូច្នេះហើយ សូមសាធារណជនជ្រាបជាព័ត៌មាន។
លោក លី ឌីនូរី បានបង្ហោះថ្មីៗ នូវលិខិតលាឈប់ពីការងារចុះកាលពីថ្ងៃទី១៨ ខែមករាឆ្នាំ២០២២ ផ្ញើជូនសម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ នៅលិខិតលាឈប់នោះ លោក ឌីនូរី បានបញ្ជាក់ពីមូលហេតុនៃការបោះបង់ការងាររដ្ឋ និងតូនាទីនេះថា ដោយសារលោកពុំពេញចិត្តចំពោះការបង្កើតឲ្យមានបក្សពួកនៅក្នុងប្រព័ន្ធការងាររបស់សាលាខេត្ត។
ក្រោយប្រកាសជាចំហរពីការសម្រេចចិត្តបោះបង់ក្របខណ្ឌមន្ត្រីរាជការដែលធ្លាប់បម្រើការជិត ២០ឆ្នាំនេះ បានធ្វើមានការភ្ញាក់ផ្អើលក្នុងមជ្ឈដ្ឋានទូទៅ។ចំណុចគួរកត់សម្គាល់ឯកឧត្តម ខៀវ កាញ៉ារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានចេញសារស្ដីពីការសោកស្ដាយចំពោះការសម្រេចចិត្តរបស់លោក ឌីនូរី។ ឯកឧត្តមបានសរសេរថា "អ្វីដែលខ្ញុំស្តាយគឺប្អូនគិតថាពិភពលោកមានតែពណ៌ ២ គត់ គឺ ខ្មៅ និង ស ។ តាមពិត ពណ៌ដែលមានច្រើនបំផុតក្នុងលោក គឺពណ៌ប្រផេះ ។ សម័យនេះ ព្រំដែនដែលខណ្ឌ Teamwork និង បក្ខពួក គឺស្តើងណាស់ សំខាន់តើយើងមានជំនាញអីដែលគេត្រូវការយើងទេ ?
ក្រៅពីការបកស្រាយរៀងខ្លួនរវាងភាគីលោក លី ឌីនូរី និងសាលាខេត្តបាត់ដំបង គេមិនទាន់ឃើញមានប្រតិកម្មណាមួយជុំវិញករណីមន្ត្រី និងរដ្ឋបាលខេត្តបាត់ដំបងពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ គឺសម្ដេចក្រឡាហោម ស ខេង នៅឡើយ៕