• 2023-05-30 04:37:31
  • សេដ្ឋកិច្ច

ជំនួបជិត ៣ម៉ោង រវាងអ្នកឧកញ៉ា ឡេង ណាវាត្រា និងអតិថិជននៅគម្រោងផ្លូវជាតិ​ ៦អា ចេញជាផ្លែផ្កាហើយ

  • 2023-05-30 04:37:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតិថិជនទិញផ្ទះរបស់ក្រុមហ៊ុនបុរី ឡេង ណាវ៉ាត្រា គម្រោង៦Aបានធូរស្បើយក្នុងចិត្ត និងសប្បាយរីករាយបន្ទាប់ពីពួកគាត់បានមកស្វែងយល់និងដោះស្រាយបញ្ហាដោយផ្ទាល់ជាមួយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា កាលពីវេលាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នៅក្នុងបរិវេណបុរីគម្រោង៦A។ នៅចំពោះមុខអតិថិជនប្រមាណជាង១០០នាក់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុនបុរី ឡេង ណាវ៉ាត្រា បានស្វាគមន៍និងថ្លែងអំណរគុណអតិថិជនទាំងអស់ដែលបានទិញផ្ទះនិងផ្តល់ជំនឿទុកចិត្តដល់គម្រោងសាងសង់ផ្ទះរបស់ក្រុមហ៊ុនបុរី ឡេង ណាវ៉ាត្រា គម្រោង៦A។

អ្នកឧកញ៉ាមានប្រសាសន៍ទទួលស្គាល់ថា រហូតមកដល់ពេលនេះគម្រោងសាងសង់ផ្ទះត្រូវបានបញ្ចប់ជាច្រើនពាន់ល្វែងនៅតាមបណ្តាប្លុកមួយចំនួនហើយ យ៉ាងណាក៏ដោយ ក៏មានគម្រោងផ្ទះនៅតាមប្លុកមួយចំនួនទៀតកំពុងមានភាពយឺតយ៉ាវនិងកំពុងត្រូវបានសាងសង់យ៉ាងមមាញឹកជូនអតិថិជន។ អ្នកឧកញ៉ាមានប្រសាសន៍ថា ក្រុមហ៊ុន ហ្គាឡាក់សុី ពិសេសរូបអ្នកឧកញ៉ាផ្ទាល់មិនបានបោកប្រាស់និងមិនរត់ទៅណាចោលគម្រោងឬការទទួលខុសត្រូវរបស់ខ្លួននោះឡើយ ផ្ទុយទៅវិញ អ្នកឧកញ៉ានឹងនៅតែបន្តសាងសង់ផ្ទះជូនអតិថិជនរបស់ខ្លួននិងព្រមប៉ះប៉ូវជាសំណងដល់ការខាតបង់ទាំងអស់របស់អតិថិជនព្រមទាំបានស្នើសុំពេលវេលាសមស្របនិងការយោគយល់ខ្ពស់ពីសំណាក់អតិថិជនទាំងអស់ដើម្បីក្រុមហ៊ុនអាចបញ្ចប់គម្រោងនិងស្តារស្ថានភាពដែលកំពុងកើតឡើងចំពោះមុខនេះអោយប្រសើរឡើងវិញក្រោមរូបភាពឈ្នះ-ឈ្នះទាំងអស់គ្នា។

ទន្ទឹមនឹងនេះដែរ អ្នកឧកញ៉ាបានសំណូមពរអតិថិជនទាំងអស់កុំជឿលើការឃោសនាឬការញុះញង់ពីជនអគតិមួយចំនួននៅក្នុងបណ្តាញសង្គមដែលនាំអោយខាតបង់ផលប្រយោជន៍របស់ខ្លួននិងរបស់ក្រុមហ៊ុនពីព្រោះកាលណាក្រុមហ៊ុនដួលរលំ គម្រោងសាងសង់ផ្ទះក៏នឹងត្រូវដួលរលំដូចគ្នា។ អ្នកឧកញ៉ាមានបំណងអោយអតិថិជនទាំងអស់ធ្វើដំណើរមកជួបពិភាក្សាដោយផ្ទាល់ជាមួយអ្នកឧកញ៉ា ប្រសិនជាមានបញ្ហាណាមួយមិនប្រក្រតីនិងចង់ឃើញការរួមដៃគ្នា ដឹកដៃគ្នា ក្នុងនាមជាមហាគ្រួសាររបស់បុរី ឡេង ណាវ៉ាត្រា។

នៅក្នុងជំនួបនេះ អតិថិជនទាំងអស់ទទួលបានអារម្មណ៍សប្បាយរីករាយនៅពេលបានលឺនិងប្រាស្រ័យដោយផ្ទាល់ជាមួយអគ្គនាយកក្រុមហ៊ុនបុរី ឡេង ណាវ៉ាត្រា ព្រមទាំងបានដឹងច្បាស់ពីមូលហេតុនៃភាពយឺតយ៉ាវក្នុងការសាងសង់ផ្ទះជូនពួកគាត់។ អតិថិជនទាំងនេះថែមទាំងទទួលបានការយល់ព្រមពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា លើលក្ខណ្ឌជាច្រើនទាក់ទងនឹងការសាងសង់ផ្ទះដែលបានស្នើឡើងដោយពួកគាត់។ ក្រោយជំនួបដ៏មានសារៈសំខាន់នេះ អ្នកចូលរួមទាំងអស់បានពិសាអាហារថ្ងៃត្រង់ជាមួយគ្នាក្រោមបរិយាកាសយ៉ាងសប្បាយរីករាយនិងយោគយល់គ្នាប្រកបដោយភាពជឿជាក់និងទុកចិត្ត៕

ជិន សុភ័ក្ដ្រ

មតិយោបល់