• 2023-07-21 03:12:09
  • សេដ្ឋកិច្ច

អ្នករកស៊ីនាំទំនិញទៅមក កម្ពុជា-ថៃ កាន់តែងាយស្រួល ក្រោយក្រុមហ៊ុនកម្ពុជា ថៃ ចាប់ដៃគ្នា

  • 2023-07-21 03:12:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្លើយតបនឹងកំណើនផលិតផលនាំចេញ និងចូលរបស់កម្ពុជា ក្រុមហ៊ុនថៃនិងកម្ពុជាចំនួនពីររួមគ្នានាំយកសេវាកម្មនិងបច្ចេកវិជ្ជាទំនើបផ្នែកដឹកជញ្ជូននិងបញ្ញើរលំដាប់លេខ១ស្ទង់ដាអន្តរជាតិ។

ក្រុមហ៊ុន Logistics Intelligence Cambodia (LOGICAM) និង ក្រុមហ៊ុន LEO Global Logistics Public Co., Ltd. (LEO) បានប្រកាសចាប់ដៃគ្នា ប្រតិបត្តិការជាអ្នកផ្តល់សេវាកម្មដឹកជញ្ជូនទំនិញនិងបញ្ញើរឥវ៉ាន់អន្តរជាតិកម្ពុជា ដោយភាគីទាំងពីរបានព្រមព្រៀងគ្នា ចូលរួមបណ្តាក់ទុនរួមគ្នានៅកម្ពុជា ដើម្បីបម្រើតម្រូវការដែលកំពុងនិងកើនឡើង លើវិស័យធុរកិច្ចនៅកម្ពុជា។

តាមការប្រកាសនៅក្នុងសន្និសីទសារព័ត៌មានថ្មីៗនេះ បានឲ្យដឹងថា LogiCam ជាក្រុមហ៊ុនអាជីវកម្មដែលផ្តល់សេវាកម្មដឹកជញ្ជូនទំនិញនិងបញ្ញើរឥវ៉ាន់អន្តរជាតិ នៅកម្ពុជា រួមមាន សេវាកម្មដឹកជញ្ជូនឆ្លងប្រទេស ការដឹកជញ្ជូនទំនិញអន្តរជាតិ សេវាគយ ការដឹកជញ្ជូនទំនិញក្នុងស្រុក សេវាកម្មឃ្លាំង និងការគ្រប់គ្រងឃ្លាំង និងការចែកចាយទំនិញទៅដល់ភ្ញៀវ ។ ដោយឡែក ក្រុមហ៊ុន LEO ជាក្រុមហ៊ុនធំលំដាប់លេខ១ល្បីមានសេវាកម្មឈានមុខគេរបស់ប្រទេសថៃ។

ថ្លែងក្នុងកម្មវិធី លោកបណ្ឌិត សូប៉ាឆៃ វិរៈភូជុង (Supachai Verapuchong) ជាប្រធានក្រុមប្រឹក្សាភិបាល និងជាតំណាង ក្រុមហ៊ុន LOGICAM និងលោក កេទីវិត ស៊ីតទីស៊ុនថនវង្ស (Kettivit Sittisoontornwong) ជានាយកប្រតិបត្តិក្រុមហ៊ុន LEO បានមានប្រសាសន៍ឲ្យដឹងស្រដៀងគ្នា ចំពោះការចាប់ផ្ដើមជំនួញក្នុងប្រទេសកម្ពុជា ដោយពួកលោក បានកត់សម្គាល់ពីភាពប្រែមុខមាត់ ក៏ដូចជាភាពរីកចំរើនលើការអភិវឌ្ឍន៍ សេដ្ឋកិច្ច យ៉ាងឆាប់រហ័សរបស់កម្ពុជា ដែលបានក្លាយជាទីតាំងមួយមានសក្កដានុពល។

លោកថា កម្ពុជា គឺជាទីផ្សារធំដែលកំពុងមានតម្រូវការកើនឡើងក្នុងវិស័យធុរកិច្ច ពោលគឺ ពលរដ្ឋកម្ពុជាដុះដាលគំនិតចេញរកស៊ីច្រើនឡើង។ ដូច្នេះការចាប់ដៃគូរវាងក្រុមហ៊ុនឡូជីស្ទីកទាំងពីរ គឺដើម្បីឆ្លើយតបចំពោះនិន្នាការនេះនៅកម្ពុជា។

លោកបណ្ឌិត សូប៉ាឆៃ វិរៈភូជុង អះអាងថា ជាមួយសហប្រតិបត្តិការនេះ នឹងជាខ្សែចងភ្ជាប់គ្នារវាងប្រទេសក្នុងតំបន់មាន កម្ពុជា ថៃ ឡាវ និងមីយ៉ាន់ម៉ា។ លោកថា ប្រទេសទាំង៤ ប្រៀបដូចជាបងប្អូនព្រោះកាន់ពុទ្ធសាសនា កើតនៅលើដងទន្លេមេគង្គដូចគ្នា។ លោករំពឹងថា បងប្អូនទាំង៤ នឹងរីកចម្រើនជាមួយគ្នា។

ក្នុងន័យនេះដែរ លោក កេទីវិត ស៊ីតទីស៊ុនថនវង្ស បានបញ្ជាក់ដែរថា ក្រុមហ៊ុនទាំងពីរបានដាក់ចេញនូវការសហការរយៈពេលវែង ហើយលោកបានត្រៀមខ្លួនរួចរាល់ក្នុងការផ្ដល់សេវាកម្មទាំងក្នុង និងខាងតំបន់ ដើម្បីសម្រេចផ្លែផ្ការួមគ្នា៕

អត្ថបទ៖ ទារិកា

មតិយោបល់