• 2017-03-11 08:56:50
  • សេដ្ឋកិច្ច

កសិករ​ដាំ​ប៉ិកួៈ ពិបាកចិត្ត​យ៉ាង​ខ្លាំង​ព្រោះ​ដល់​ពេល​ប្រមូល​ផល​តម្លៃ​ធ្លាក់​ចុះ​

  • 2017-03-11 08:56:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ិកួៈ​ជា​ប្រភេទ​ដំឡូង​ដែល​ប្រជា​ជន​យើង​យក​មក​ធ្វើ​ជា​បង្អែម​លាង​មាត់ វា​មាន​រស់​ជាតិ​សាប​លាយ​ផ្អែម​បន្តិច ហើយ​សំបូរ​ជាតិទឹក ។ ដំណាំ​ដំឡូង​ប្រភេទ​នេះ​ត្រូវ​បាន​ប្រជាកសិករ​យើង​រស់​នៅ​ក្នុង ភូមិ​ល្អាង​ក្រោម ឃុំ​ល្អាង ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម ដាំ​ដុះ​រាប់​សិប​ហិកតារ​នា​រដូវ​ទឹក​ស្រក។

ស្ថិត​​ក្នុង​ទឹកមុខ​មិនសូវ​សប្បាយចិត្ត កំពុង​ថ្លឹង​ប៉ិ​កួៈ​ ឱ្យ​ភ្ញៀវ​ដែល​កុម្ម៉ង់​យក​ទៅ​ភ្នំ​ពេញ​ លោក ញឹម វ៉ាន់​ថេន បាន​ប្រាប់​ភ្នាក់ងារ Sabay ថា ខ្ញុំ​ដាំ​ដំណាំ​នេះ​តាំងពី​ខ្ញុំ​នៅ​តូចៗ ហើយ​ដំណាំ​នេះ​ឪពុក​ម្ដាយ​ខ្ញុំ​ដាំ​ត​ពី​ដូនតា​មក​ម៉្លេះ ។ ឆ្នាំ​នេះ​ផលដំណាំ ​ប៉ិកួៈ ​បាន​ល្អ​គ្រាន់បើ​ជាង​ឆ្នាំ​ទៅ​ព្រោះ​ទឹក​ឡើង​លិ​ច និង​ស្រោច​ទឹក​បាន​ល្អ តែ​ទាស់​ត្រង់​តម្លៃ​ចុះ​ថោក។ កាលពីមុន​ប្រមូល​ផល​តម្លៃ​បាន​ជាង​ ៥០០៛ ក្នុង​១​គីឡូក្រាម តែ​ដល់ពេល​ប្រមូល​ផល​​ធ្លាក់​ចុះ រហូតដល់​ ៣០០ ៛​ក្នុង​មួយ​គីឡូក្រាម​។

ចុះ​លោក​ដាំ​រយៈ​​ពេល​ប៉ុន្មាន​ខែ​បាន​ទទួល​ផល ហើយ​ចំណាយ​ថវិកា​ប៉ុន្មាន​ដែរ​?​

​ ​ឆ្លើយតប​ជាមួយ​សំណួរ​របស់ Sabay បង​ប្រុស​វ័យ​ប្រហែលជា​​៤០​ឆ្នាំ មាន​បុត្រ​តូចៗ ២​នាក់​ថា ដាំ​បើ​គិត​ទៅ​៣​ខែ ហើយ​ត្រូវ​ស្រោច​ទឹក​ទៀត​ដើម្បី​ឱ្យ​វា​ស្ទុះ​លឿន និង​មើម​បាន​ធំៗ​ល្អ ហើយ​បើ​គិត​ចំណាយ​សរុប​ប្រហែលជា​ង​១០​លាន​រៀល ដោយ​ខ្ចី​គេ ៨​លាន​រៀល។ ដោយ​ការ​ខ្ចី​លុយ​គេ​នេះ​ហើយ​ដែល​ឆ្នាំ​ខ្លះ​ខ្ញុំ​ត្រូវ​លក់​គោ និង​របស់​ផ្សេងៗ​ទៀត​ដើម្បី​បង្គ្រប់​សង​គេ​​វិញ ពេល​ដំណាំ​ផ្ដល់​ផល​មិនល្អ ហើយ​តម្លៃ​ថោក​ទៀត​នោះ ។​

​ ​បើ​និយាយ​ពី​ទីផ្សារ​វិ​ញ​មិនសូវ​សំបូរ​ទេ ពី​មុនៗ​មក​ដំណាំ​ប្រភេទ​នេះ​អាច​នាំ​យក​ទៅ​លក់​ដល់​ខេត្ត​សៀម​រាប ព្រះវិហារ ព្រៃវែង កំពង់ធំ និង​ខេត្ត​មួយ​ចំនួន​ទៀត តែ​បច្ចុប្បន្ន​លក់​បាន​តែ​ក្នុង​ខេត្ត​កំពង់ចាម និង​ភ្នំពេញ​ទេ​ព្រោះ​ខេត្ត​ទាំង​នោះ​គេ​ចេះ​ដាំ​ដែរ និង​ជាពិសេស​មាន​ការ​នាំចូល​ពី ប្រទេស​ថៃ​សម្រាប់​ខេត្ត​សៀមរាប​ព្រោះ​តម្លៃ​ថោក​ជាង និង​នាំចូល​ពី​វៀតណាម ។ ប៉ិកួៈ​លក់​ដុំ​តម្លៃ ៤៥០៛​ក្នុង​មួយ​គីឡូក្រាម និង លក់រាយ​ ៨០០៛​ក្នុង​មួយ​គីឡូក្រាម ។ ផល​លំបាក​ធំ​បំ​ផុត​សម្រាប់​កសិករ​នោះ​គឺ ពេល​ដំណាំ​ចាប់​ផ្ដើម​ប្រមូល​ផល ដោយ​តម្លៃ​ចាប់​ផ្តើម​ធ្លាក់​ចុះ ឬ​ត្រូវ​ឈ្មួញ​ទម្លាក់​តម្លៃ​តែ​ម្ដង ព្រោះ​អាង​ដំណាំ​នាំចូល។ វ៉ាន់​ថេន ប្រាប់៕

អត្ថបទ៖ ឌឿន អ៊ី

រូបថត៖ ទូរសព្ទ

មតិយោបល់