- 2017-08-16 07:53:55
- សេដ្ឋកិច្ច
របរឡើងត្នោតរបស់អ្នកភូមិព្រះម្លប់ ប្រថុយនឹងគ្រោះថ្នាក់ខ្ពស់ រីឯចំណូលទាប
- 2017-08-16 07:53:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របរឡើងត្នោតរបស់អ្នកភូមិព្រះម្លប់ ប្រថុយនឹងគ្រោះថ្នាក់ខ្ពស់ រីឯចំណូលទាប
ចន្លោះមិនឃើញ
របរឡើងត្នោតរបស់អ្នកភូមិព្រះម្លប់ ជារបរកេរដូនតាតាំងពីយូរលង់ណាស់មកហើយ ហើយជាមុខរបរមួយ ដែលប្រថុយនឹងគ្រោះថ្នាក់ខ្ពស់ រីឯចំណូលដែលទទួលបានវិញទាប មិនសមនឹងកម្លាំងនោះទេ។ លោក ជឹម ចង់ បាននិយាយថា ការជ្រើសរើសយករបរឡើងត្នោតនេះ ក៏ព្រោះតែលោក មិនចង់ធ្វើការស៊ីឈ្នួលឱ្យគេ ហើយត្រូវគេស្ដីបន្ទោសមុខក្រោយ។ បុរសវ័យជាង ៣០ឆ្នាំ រូបនេះ បានបញ្ជាក់បន្ថែមថា៖ «ក្នុងម៉ាថ្ងៃ (មួយថ្ងៃ) ៗ អត់ទៀង ជួនរកបាន២ម៉ឺន ៣ម៉ឺនអីចឹងទៅ តាមខែណាត្នោតថ្លៃ ខែណាត្នោតថោក។»
បុរសសម្បុរស្រអែមខាងលើបានបន្តទៀតថា លោកដើររកត្នោតឆ្ងាយៗដែរ ដែលពេលខ្លះចូលជ្រៅទៅក្នុងទឹកដីខេត្តកំពង់ស្ពឺក៏មាន ពីព្រោះនៅទីនោះ លោកអាចឡើងកាប់ផ្លែត្នោតបានដោយសេរី ពុំមានម្ចាស់ដើមណាទាមទារយកកម្រៃនោះទេ។ លោកបញ្ជាក់ថា នឹងនៅឡើងត្នោតនេះរហូតដល់ឡើងលែងរួចទើបឈប់។
ស្រដៀងគ្នានេះដែរលោក ម៉ឹង (ឈ្មោះដាក់ឱ្យ) ក្នុងវ័យជាង ៤០ឆ្នាំ បានលើកឡើងថា លោកបានចាប់អាជីពជាអ្នកឡើងត្នោតនេះ តាំងពីលោករៀបការរួចមកម្ល៉េះ ប៉ុន្តែនៅពេលនេះគីឡូក៏កាន់តែឡើងខ្លាំង មិនអាចឡើងបានទៀតទេ។
បុរសកូនបីខាងលើបញ្ជាក់ដូច្នេះ៖ «កាលមុន...គីឡូនៅតូចខ្ញុំឡើងរួច... ខ្ញុំឡើងអស់ហើយតាំងពីត្នោតដើម ត្នោតបង្អោង ត្នោតរលីងអី កាប់ផ្លែ ធ្វើទឹកអី។» បុរសមាឌធំខាងលើបន្ថែមថា ពីមុនគឺលោកដើរទិញគេ និងឡើងកាប់ខ្លួនឯងយកទៅលក់ដល់ទីក្រុងភ្នំពេញ ទើបតែប៉ុន្មានឆ្នាំនេះទេ ដែលប្រជាពលរដ្ឋបែកគំនិតនាំគ្នាលក់នៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្បែរៗផ្ទះរបស់ខ្លួនវិញ។
និយាយរឿងភរិយា និងកូនៗរបស់លោកវិញក៏មានការព្រួយបារម្ភដែរ ពេលគាត់ឡើងកាប់ផ្លែត្នោត ឬឡើងធ្វើទឹកត្នោតម្ដងៗ ប៉ុន្តែដោយសារគ្មានចំណេះជំនាញ ទើបពួកគាត់ចេះតែបន្តរបរនេះទៅ។
អ្នកភូមិព្រះម្លប់ ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ ទាំងចាស់ទាំងក្មេងៗ ភាគច្រើនសុទ្ធតែប្រកបរបរឡើងត្នោតធ្វើទឹក និងកាប់ផ្លែលក់ ដោយរបរនេះជារបរតាំងពីដូនតារបស់ពួកគាត់មកម្ល៉េះ៕
កម្ពុជាប្រមូលបានផលិតផលក្លែងក្លាយជិត ២០០តោន ក្នុងឆ្នាំ ២០១៧
សូមប្រុងប្រយ័ត្ន! កម្ពុជានឹងមានភ្លៀងធ្លាក់ខ្លាំងលាយឡំជាមួយផ្គររន្ទះយូរថ្ងៃ
ឪពុកចង់ជជែកលេងជាមួយកូន បែរកូនរវល់គ្មានថ្ងៃលស់ ទីបំផុតទើបស្ដាយក្រោយ