- 2017-08-21 08:18:38
- សេដ្ឋកិច្ច
ទិញរថយន្តធូរថ្លៃច្នៃស្រដៀងកង់បី ដឹកភ្ញៀវទេសចរណ៍
- 2017-08-21 08:18:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទិញរថយន្តធូរថ្លៃច្នៃស្រដៀងកង់បី ដឹកភ្ញៀវទេសចរណ៍
ចន្លោះមិនឃើញ
រថយន្តចាស់ៗធូរថ្លៃស៊េរីឆ្នាំ៩០ កំពុងត្រូវប៉ាន់ខ្លាំងសម្រាប់បងប្អូនអ្នករត់កង់បី នាពេលបច្ចុប្បន្ននេះ។ ដោយមើលឃើញថា ការប្ដូរពីការរត់ម៉ូតូកង់បី មកជារថយន្តកែច្នៃស្រដៀងកង់បីនេះ ចំនួនភ្ញៀវ ដែលជិះមានការកើនឡើងខ្លាំង បើធៀបទៅនឹងការរត់ម៉ូតូកង់បី ឬម៉ូតូអូសរ៉ឺម៉ក។
លោកពូ សួន ដួង អ្នកបើករថយន្តកែច្នៃស្រដៀងកង់បីនេះបានប្រាប់ Sabayថា បច្ចុប្បន្ននេះចំនួនអ្នកបើករថយន្តនេះ មានការកើនឡើងខ្លាំង ព្រោះដោយសារតែភ្ញៀវទេសចរណ៍បរទេសចូលចិត្តអ្វីដែលប្លែកៗ។
បុរសសម្បុរស្រអែមខាងលើលើកឡើងដូច្នេះ៖ "អានេះអត់មានគម្រោងទេ...បើនិយាយទៅពួកម៉ាក់វានាំទៅកំពង់សោម ចង់ឱ្យយើងទៅរកស៊ីហ្នឹង! មួយវា យើងចេះតាមគេទៅ។ បើយើងកាត់ចឹងទៅភ្ញៀវបរទេសវាជិះច្រើន មានចិន មានអឺរ៉ុប មានអីចឹងជិះច្រើន។ ឡានវាអត់សូវមានភ្ញៀវជិះច្រើន អានេះ (ឡានកាត់) វាមានភ្ញៀវជិះច្រើន ភ្ញៀវចូលចិត្តអារឿងប្លែកៗ។"
លោកពូបន្តថា ប្រសិនបើធ្វើការប្រៀបធៀបចំណូលរវាងការរត់កង់បី និងរត់ឡានកាត់នេះ ឃើញថា ខុសគ្នារហូតដល់ទៅ ៥០% ទៅ៦០% ឯណោះ។ ម្យ៉ាងវិញទៀត ផ្លូវនៅកំពង់សោមឡើងចុះចំណោតខ្ពស់ៗ ដែលកង់បីពិបាករត់ មានតែរថយន្តទេ ជាជម្រើសល្អ។
ការកាត់កែរថយន្តស្រដៀងកង់បីនេះអស់ប្រហែលជាជាង ៣ពាន់ដុល្លារ ដោយទិញរថយន្តតម្លៃប្រហែល ១ ៧០០ដុល្លារ និងយកទៅកាត់កែអស់ប្រហែល ១ ៥០០ដុល្លារទៀត។ ការកាត់កែរថយន្តធ្វើស្រដៀងកង់បីនេះ ភាគច្រើនមាននៅតែក្រុងព្រះសីហនុតែប៉ុណ្ណោះ ដោយនៅទីនោះមានកន្លែងកាត់កែជាច្រើនកន្លែង និងមានជាងជំនាញៗខាងកាត់នេះ៕