- 2017-09-13 04:16:57
- ការអប់រំ
មកដឹងក្បាច់រៀនរបស់ ស គីមស៊ា ជាប់និទ្ទេស A លំដាប់ពិន្ទុ១០០ពេញតែម្នាក់គត់
- 2017-09-13 04:16:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងក្បាច់រៀនរបស់ ស គីមស៊ា ជាប់និទ្ទេស A លំដាប់ពិន្ទុ១០០ពេញតែម្នាក់គត់
ចន្លោះមិនឃើញ
យុវសិស្សវ័យក្មេង ស គីមស៊ា ប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០១៧ ទទួលបាននិទ្ទេសលំដាប់ពិន្ទុ១០០ពេញ តែម្នាក់គត់ទូទាំងប្រទេសកម្ពុជា កំពុងតែទទួលបាននូវការចាប់អារម្មណ៍ខ្លាំងពីមជ្ឈដ្ឋានអ្នកសិក្សា។ ចំពោះការសិក្សា ដើម្បីក្លាយជាសិស្សឆ្នើមយុវជនរូបនេះប្រាប់ថា មិនខុសពីសិស្សដទៃនោះទេ គឺការខំប្រឹងប្រែងសិក្សាជាមួយលោកគ្រូអ្នកគ្រូ។ ប៉ុន្តែក្នុងនោះ គីមស៊ា បានចែករំលែកគន្លឹះសំខាន់ៗមួយចំនួនរបស់ខ្លួន ដូចខាងក្រោមនេះ៖
១. រៀនគួរបន្ថែម បូកផ្សំការស្វ័យសិក្សាដោយខ្លួនឯង និងជាមួយមិត្តភក្ដិ
សិស្សឆ្នើមវ័យ ១៧ឆ្នាំរូបនេះ ប្រាប់ថាក្រៅពីការសិក្សាជាមួយលោកគ្រូអ្នកគ្រូ គឺការរៀនគួរបន្ថែមទៅលើមុខវិជ្ជាសំខាន់ៗ។ ក្រៅពីនេះ គីមស៊ា ប្រាប់ថា ធ្វើស្វ័យសិក្សាដោយខ្លួនឯង និងជាមួយមិត្តមិត្ត ដើម្បីធ្វើការដោះដូរលំហាត់គ្នា ជួយធ្វើគ្នាទៅវិញទៅមក។
មកដល់ចំណុចនេះ គីមស៊ា និយាយថា៖ "ការធ្វើបែបនេះ គឺយើងអាចជួយគ្នាបានច្រើនមែនទែន។ ឧទាហរណ៍ថា យើងមាន១០ មិត្តភក្ដិយើងមាន១០រួមបញ្ចូលគ្នា គឺបាន២០។ ដូច្នេះចំណេះដឹងយើងកើនមួយកម្រិតទៀត។"
២. ផ្ដោតលើមុខវិជ្ជាសំខាន់ៗអំឡុងពេលសិក្សា
យុវជន មកពីរាជធានីភ្នំពេញរូបនេះ ប្រាប់ទៀតថា ដោយសាររូបគេសិក្សាថ្នាក់វិទ្យាសាស្ត្រ ដូច្នេះមុខវិជ្ជាសំខាន់ៗមានដូចជា៖ គណិតវិទ្យា រូបវិទ្យា ជីវវិទ្យា គីមីវិទ្យា និងអក្សរសាស្ត្រខ្មែរ។ សិ្សឆ្នើមនិទ្ទេសAលំដាប់ពិន្ទុ១០០ បន្តទៀតថា ក្នុងពេលសិក្សាតាំងពីដើមឆ្នាំមក គឺត្រូវផ្ដោតសំខាន់លើមេរៀននីមួយៗ កុំឱ្យបាត់មូលដ្ឋានគ្រឹះមេរៀនទាំងអស់នោះ។ ជាពិសេស ការសិក្សាមុខវិជ្ជាដែលមានលំហាត់ ត្រូវផ្ដោតសំខាន់ដំបូងបំផុតទៅមូលដ្ឋានគ្រឹះ។
"ប្រសិនបើយើងមិនបានសិក្សាមូលដ្ឋានគ្រឹះពីដំបូង គឺមិនអាចដោះស្រាយលំហាត់ជ្រៅៗផ្សេងទៀតទេ។" គីមស៊ា និយាយបន្ថែម។
៣. កុំព្យាយាមរំលងលំហាត់ដែលពិបាក
មកដល់ចំណុចនេះ សិស្សឆ្នើមមកពីសាលាប៊ែលធី លើកឡើងថា ចំពោះសិស្សខ្លះ តែងព្យាយាមធ្វើលំហាត់ ៥០ ទៅ៦០លំហាត់ក្នុងមួយថ្ងៃ ហើយនិយាយថាខ្លួនបានខំធ្វើហើយ តែការសិក្សាបែបនេះ ហៅតែខំតែគ្មានប្រសិទ្ធភាពទេ។
គីមស៊ា ប្រាប់ថា គួរធ្វើលំហាត់ណាដែលគិតថាប្លែកចំពោះខ្លួនឯង ឫលំហាត់ពិបាកៗខ្លាំង។ "ជាការល្អ គួរធ្វើលំហាត់មួយៗឱ្យច្បាស់កុំរំលងសោះ ព្រោះលំហាត់ដែលពិបាកទាំងនោះហើយ ដែលអាចធ្វើឱ្យការគិតរបស់យើងបានច្រើន យើងអាចស្វែងរកដំណោះស្រាយទៅលើលំហាត់ទាំងអស់នោះ ទោះបីដំណោះស្រាយនោះធ្វើមិនទាន់បាន ប៉ុន្តែអាចយកទៅប្រើប្រាស់លើលំហាត់ផ្សេងទៀត។ ជាពិសេសបើយើងបានគិត នៅពេលយកទៅសួរលោកគ្រូអ្នកគ្រូ ពេលគ្រូពន្យល់ឡើងវិញគឺចាប់បានតែម្ដង។" នេះបើតាមការលើកឡើងរបស់ គីមស៊ា។
៤. ចំណាយពេលវេលាបង្រៀនបន្ត
ជាគន្លឹះដ៏សំខាន់មួយទៀត របស់ ស គីមស៊ា គឺការចែករំលែកនូវអ្វីដែលខ្លួនមាន។ គីមស៊ា និយាយថា កុំកំណាច់ចំពោះការចែករំលែកទៅកាន់មិត្តភក្ដិ ព្រោះនៅពេលដែលយើងព្យាយាមពន្យល់គេ ដូចជាលំហាត់ និងមេរៀន គឺធ្វើឱ្យខ្លួនឯងកាន់តែមានភាពរីកចម្រើន។
៥. កុំលើកខ្លួនឯងពេកត្រូវចេះសួរគេ
"កុំគិតថាខ្លួនឯងពូកែហើយ មិនគួរសួរគេ ព្រោះខ្លាចគេគិតអ្វីមកលើខ្លួន តែកុំខ្វល់រឿងនឹងឱ្យសោះ មនុស្សម្នាក់ៗមានចំណុចខ្លាំងរៀងខ្លួន ដូច្នេះយើងអាចដោះដូរគ្នាបាន ដើម្បីភាពរីកចម្រើនខ្លួនឯង។" គីមស៊ា បន្ថែមមួយចំណុចចុងក្រោយ៕
ទស្សនាវីដេអូក្នុងកិច្ចសម្ភាសន៍ពិសេស
ចុចអានអត្ថបទពាក់ព័ន្ធ៖