- 2017-10-19 04:27:19
- សេដ្ឋកិច្ច
របរលក់ពោតស្ងោរកំពុងពេញនិយម សម្រាប់អ្នកភូមិមួយនៅខេត្តកំពត
- 2017-10-19 04:27:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របរលក់ពោតស្ងោរកំពុងពេញនិយម សម្រាប់អ្នកភូមិមួយនៅខេត្តកំពត
ចន្លោះមិនឃើញ
បើធ្វើដំណើរទៅលេងកំពតតាមផ្លូវលេខ៣១ បែកចេញពីផ្លូវជាតិលេខ៣ត្រង់ថ្នល់បំបែកគុស ប្រហែលជា២០គីឡូម៉ែត្រនោះអ្នកធ្វើដំណើរនឹងឃើញមានអ្នកលក់ពោតស្ងោរត្រៀបត្រានៅតាមដងផ្លូវលេខ៣១នេះ។
អ្នកភូមិសំណាក់ចំបក់ ឃុំសំរោងលើ ស្រុកទូកមាស ខេត្តកំពត ឬហៅថាតំបន់ច្រកសៀម មិនតិចជាង៤០នាក់ទេដែលបានដាក់តូប ឬរានសម្រាប់លក់ពោតស្ងោរនៅតាមដងផ្លូវនេះ ដែលអតិថិជនរបស់ពួកគាត់ភាគច្រើនជាអ្នកដំណើរ។
អ្នកលក់ពោតស្ងោរម្នាក់គឺ អ្នកស្រី ខៀវ សំណាង បានប្រាប់ Sabay ថា អ្នកស្រី ទើបចាប់ផ្តើមរបរលក់ពោតស្ងោរបានប្រមាណ២ខែប៉ុណ្ណោះ។ អ្នកស្រីថា ការចាំរបរនេះក៏ដោយសារតែអ្នកស្រីមើលឃើញថា មានអ្នកដំណើរច្រើនបានឈប់ទិញពោតស្ងោរជាហូរហែរ។ អ្នកស្រីថារបរនេះអាចឲ្យអ្នកស្រីមានចំណូលបន្ថែម ក្រៅពីរបរធ្វើស្រែ។
អ្នកស្រីបន្ថែមថាៈ «ឆ្នាំទៅមានប្រហែល១០នាក់អីប៉ុណ្ណឹង(អ្នកលក់) ឆ្នាំនេះតាំងពីមុនបុណ្យភ្ជុំ អ្នកលក់ថ្មីប្រហែលជា ៤០នាក់»។ អ្នកស្រីរៀបរាប់បន្តថាជារៀងរាល់ថ្ងៃអ្នកស្រីអាចលក់ពោតបានប្រហែល១០០គីឡូក្រាម ដោយពោតឆ្អិនមួយមានតម្លៃ១០០០៛។
ទោះបីជាបានមួយផ្លែថ្លៃ១០០០៛ក្តីក៏អ្នកស្រីថា ប្រាក់ចំណេញមិនសូវបានច្រើនទេ ព្រោះថាពោតឆៅលក់គិតជាគីឡូ ដោយ១គីឡូក្រាមតម្លៃ១៥០០៛ ។
អ្នកស្រីបន្ថែមថាៈ «អាណា(ពោត)ធំៗ១គីឡូបានតែពីរទេ បើស្ទើរៗបន្តិចបានបី ទម្រាំស្ងោរឆ្អិនលក់មួយ១០០០៛ចំណេញបានតែ៥០០៛ ១គីឡូ... យកតូចៗពេក អ្នកទិញសាញ»។
នៅតំបន់ច្រកសៀមនេះអ្នកភូមិនិយមដាំពោតច្រើន ទាំងប្រាំង និងវស្សាដោយរដូវស្សាគេដាំនៅតាមចម្ការជើងភ្នំដោយសាររដូវនេះមានភ្លៀងធ្លាក់គ្រប់គ្រាន់អាចឲ្យពោតលូតលាស់បានល្អ រីឯខែប្រាំងអ្នកភូមិច្រើនដាំនៅក្នុងស្រែក្បែរៗផ្ទះ ដោយថាងាយបូមទឹកអណ្តូងស្រោចស្រព៕