- 2017-11-01 02:40:45
- សេដ្ឋកិច្ច
សៀមរាប ត្រៀមខ្លួនសម្រាប់ទទួលភ្ញៀវ ក្នុងពិធីបុណ្យអុំទូក
- 2017-11-01 02:40:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សៀមរាប ត្រៀមខ្លួនសម្រាប់ទទួលភ្ញៀវ ក្នុងពិធីបុណ្យអុំទូក
ចន្លោះមិនឃើញ
សល់តែមួយថ្ងៃទៀតប៉ុណ្ណោះ ខេត្តសៀមរាបនឹងប្រារព្ធពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក។ ទិដ្ឋភាពនាពេលរាត្រីក្នុងក្រុងសៀមរាប ជាពិសេសតាមបណ្ដោយដងស្ទឹងសៀមរាបមានការរៀបចំតាំងភ្លើងបំភ្លឺ និងភ្លើងលម្អនានា ជាមួយគ្នានោះក៏មានការតាំងលក់ម្ហូបអាហារជាហូរហែ និងចាប់ផ្ដើមមានមនុស្សច្រើនកុះករជាបណ្ដើរៗ។
សូ ប្លាតុង អភិបាលក្រុងសៀមរាប បានឲ្យដឹងថា ក្រុមការងារជំនាញកំពុងតុបតែងភ្លើងពណ៌ និងចងបដា ក៏ដូចជាពាក្យស្លោកមួយចំនួនពាក់ព័ន្ធនឹងព្រះរាជពិធីបុណ្យអុំទូក ដាក់នៅតាមដងផ្លូវអមមាត់ស្ទឹង។ លោកបន្ថែមថា មានប្រទីបចំនួន ១៥អង្គភាពពាក់ព័ន្ធនឹងត្រូវបណ្ដែតនៅតាមដងស្ទឹងនាពេលរាត្រី ខណៈដែលប្រទីបទាំងអស់បានរៀបចំស្ទើររួចរាល់អស់ហើយ។
គិតរហូតមកដល់ពេលនេះ រដ្ឋបាលខេត្តសៀមរាបបានរៀបចំគណៈកម្មការជំនាញពាក់ព័ន្ធរួចរាល់ហើយ ដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងអនាម័យនៅក្នុងពិធីបុណ្យដែលនឹងប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី២ និងទី៣ ខែវិច្ឆិកា ឆ្នាំ២០១៧។ ឯកឧត្តម ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាបឲ្យដឹងថា គណៈបញ្ជាការឯកភាពខេត្តនឹងប្រើប្រាស់កងកម្លាំងចម្រុះដែលមានទាំងអស់ ដាក់តាមទីតាំងសំខាន់ៗនានា ដើម្បីធានាសុវត្ថិភាពជូនដល់ភ្ញៀវគ្រប់ជាតិសាសន៍ ដែលមកចូលរួមពិធីបុណ្យអុំទូកនេះ។
ដើម្បីឆ្លើយតបនឹងចំនួនយានយន្ដដែលអាចមានចំនួនច្រើន ដែលនឹងមកដល់ខេត្តសៀមរាបក្នុងពេលប្រារព្ធពិធីបុណ្យអុំទូក រដ្ឋបាលខេត្តគ្រោងនឹងប្រើប្រាស់ផ្លូវវាងចំនួន៤ខ្សែ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ផងដែរ។ ពាក់ព័ន្ធនឹងការរក្សានូវបរិស្ថានអនាម័យវិញ គណៈកម្មការផ្នែកអនាម័យ បានបង្កើនបុគ្គលិកសម្អាតអនាម័យឲ្យដល់ ២០០នាក់ និងបន្ថែមធុងសម្រាមចំនួន ៣០០ដាក់តាមទីតាំងនានាបន្ថែមលើចំនួនដែលមានស្រាប់។ ជាមួយគ្នានេះដែរខេត្តក៏បានត្រៀមបញ្ជរសុខាភិបាលចំនួន២នៅកន្លែងត្រៀមសម្រាប់ព្យាបាល និងជួយសង្គ្រោះភ្ញៀវបន្ថែមទៀត ។
កាលពីឆ្នាំ២០១៦កន្លងទៅ មានភ្ញៀវសរុបចំនួន ២០២ ០០០នាក់ ក្នុងនោះបរទេសចំនួន ៣២ ០០០នាក់ បានមកចូលរួមកម្សាន្ដក្នុងព្រះរាជពិធីបុណ្យអ៊ុំទូកនៅខេត្តសៀមរាប។ ឯកឧត្តម ឃឹម ប៊ុនសុង រំពឹងទុកថា សម្រាប់ការរៀបចំពិធីបុណ្យក្នុងឆ្នាំ២០១៧នេះ នឹងមានភ្ញៀវទេសចរចូលរួមច្រើនជាងឆ្នាំមុនផងដែរ៕
ចុចអាន៖