- 2017-11-15 02:30:57
- សេដ្ឋកិច្ច
កសិករខ្លះក្នុងខេត្តតាកែវឈប់ដាំស្រូវ ងាកមកដាំស្មៅ
- 2017-11-15 02:30:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កសិករខ្លះក្នុងខេត្តតាកែវឈប់ដាំស្រូវ ងាកមកដាំស្មៅ
ចន្លោះមិនឃើញ
កសិករមួយចំនួនក្នុងខេត្តតាកែវបានបោះបង់ការធ្វើស្រែចម្ការ ឬដាំដុះដំណាំផ្សេងៗ ដោយបានងាកមកប្រកបរបរជាអ្នកដាំស្មៅលក់វិញ ក៏ដោយសារតែថាការដាំដុះស្រូវ ឬដំណាំផ្សេងៗត្រូវការចំណាយច្រើន ពិបាកថែទាំ ហើយថាក្រោយពេលទទួលផលពិបាករកទីផ្សារសម្រាប់លក់ទៀតផង។
បើតាមលោក ឌឹប ហុល កសិកររស់នៅភូមិព្រៃឈើទាល ឃុំព្រៃផ្ដៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ លើកឡើងដូច្នេះថា៖ «ខ្ញុំដាំ៥ឆ្នាំហើយ ខ្ញុំដាំមុនគេ យើងវាទាល់ច្រក យើងវាក្រ ដាំដំណាំទៅអត់មានទីផ្សារ គេត្រូវការរបស់យួន ថោក ហើយបើយើងលក់តម្លៃដូចរបស់យួនយើងអត់រួច(ខ្លួន) វានាំចូលមកពីយួនច្រើនពេក»។
លោកបញ្ជាក់ថា លោកសម្រេចចិត្តដាំស្មៅនេះដោយសារតែការធ្វើស្រូវ ឬដាំដំណាំផ្សេងៗដែលពិបាកក្នុងការថែទាំ ហើយត្រូវចំណាយច្រើន។ លើសពីនេះ លោកថាដំណាំផ្សេងៗ និងស្រូវជាដើមនៅរដូវប្រមូលផលឈ្មួញឲ្យតម្លៃទាបនិងមានពេលខ្លះមិនរួចខ្លួនផងក៏មាន។
បុរសវ័យ៥៥ឆ្នាំខាងលើបន្តថាៈ «យើងដាំអានេះ (ស្មៅ)តែម្ដងបាន៤-៥ឆ្នាំអីណោះ ហើយយើងប្រមូលផលម្ដងស្មើនឹងធ្វើស្រូវពីរដង ស្មើនឹងធ្វើស្រូវពីរឆ្នាំ គេធ្វើ (ច្រូតស្មៅ)បាន១២ដង ស្រូវធ្វើបានតែម្ដងទេក្នុងមួយឆ្នាំ»។
មិនសូវខុសគ្នាប៉ុន្មានដែរ លោក ចេវ ផុន កសិករវ័យចំណាស់បានលើកឡើងថា ការដាំស្មៅនេះគឺបែកគំនិតតៗគ្នា បន្ទាប់ពីឃើញកសិករផ្សេងកាក់កបលើមុខរបរនេះ។ លោកបញ្ជាក់ថាៈ «ប្រជាកសិករនៅទីនេះពុំច្រនែនឈ្នានីសគ្នានោះទេ មានតែការជួយគ្នាទៅវិញទៅមករឿងដាំស្មៅនេះ»។
បុរសវ័យ៧៥ឆ្នាំរូបនេះបន្តថាៈ «យើងដាំស្មៅ មានទីផ្សាររហូត ខ្លះមកយកតាំងពីខាងត្បូងតាកែវ ខ្លះមកតាំងពីកំពតក៏មាន ម៉ាង៉ៃៗ(មួយថ្ងៃៗ)៧-៨ឡាននៅចាំក៏មាន វាអត់ពិបាកថែទាំដូចស្រូវទេ សំខាន់ឱ្យតែមានទឹក ខ្លះគេមានប្រឡាយនៅទៅ ខ្លះជីកអណ្ដូងនៅក្នុងស្រែទៅ»។
ដោយឡែករឿងចំណូលចំណាយវិញ កសិករខាងលើបានឲ្យដឹងថាក្នុងដីប្រហែល១០អា ពួកគាត់ប្រើជីអស់ប្រហែល៤ទៅ៥ម៉ឺនរៀលប៉ុណ្ណោះក្នុងមួយខែ រីឯចំណូលដែលទទួលបានវិញប្រហែល៤០ទៅ៥០ម៉ឺនរៀល ហើយប្រសិនបើមានផ្ទៃដីដាំស្មៅធំនោះចំណូលក៏កាន់តែច្រើនផងដែរ៕