• 2018-05-21 02:38:53
  • ព័ត៌មាន

ទារក​ម្តាយ​ទុក​ចោល​ក្នុង​បន្ទប់ទឹក ត្រូវកម្មការិនី​ម្នាក់​ទទួលចិញ្ចឹម និងព្យាបាល ទោះបីប្រ​ឈមបញ្ហា​ថវិកា

  • 2018-05-21 02:38:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទារក​ដែល​ត្រូវម្តាយ​បង្កើត​ហើយ​ទុក​ចោល​ក្នុង​បន្ទប់ទឹក​រោង​ចក្រ​ផលិត​ស្បែកជើង​មួយ​កន្លែង​ក្នុង​ខេត្ត​កំពង់​ស្ពឺ​កំពុងទទួលការ​ព្យាបាល​ពីក្រុមគ្រូនៅ​មន្ទីរពេទ្យ​កុមារជាតិ ក្រោម​ការ​មើល​ថែ​ពី​កម្មការិនី​ម្នាក់​។

(ទារកដែល​គេប្រទះឃើញក្នុង​បន្ទប់ទឹក​រោងចក្រផលិត​ស្បែកជើងកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ​កុមារជាតិ/រូបភាព៖ ប៉ាវ ស៊ីណា)

កាលពី​ថ្ងៃទី​១៩ ខែ​ឧសភា ឆ្នាំ២០១៨ ក្នុង​​រោងចក្រផលិត​ស្បែកជើង​មួយ​កន្លែង​ក្នុង​ខេត្ត​កំពង់​ស្ពឺ​ នៅ​ម៉ោង​ប្រហែលជា​១២​ថ្ងៃត្រង់ មានទារក​ម្នាក់​ត្រូវ​គេ​ប្រ​ទះឃើញ​​ក្នុង​បន្ទប់ទឹក។ ទារក​នោះត្រូវគេ​សង្ស័យ​ថា​ជាកូន​របស់​កម្មការិនី​ម្នាក់ តែបាន​គេច​ខ្លួន​ក្រោយ​ពេល​សម្រាលរួច។ ករណីនេះ​បាធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​បណ្តាញសង្គម​ហ្វេស​ប៊ុក​ចែកចាយ​បន្តគ្នាជាច្រើន។

អ្នកស្រី ឃន សុគា ​កម្មការិនី នៅ​រោងចក្រ​ខាង​លើ​​បាន​ទទួល​យក​ទារករូបនេះ​មក​ទទួលការ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​កុមារជាតិ​ក្នុង​រាជធានី​ភ្នំពេញ។ អ្នកស្រី​ឲ្យដឹងថា​​ទារក​រូបនេះដំបូង​ឡើយ​ត្រូវបាន​កម្មករ​ក្នុង​រោងចក្រ​នាំ​យក​មក​ព្យាបាល​នៅ​មណ្ឌលសុខភាព​ក្បែរ​នោះ តែដោយថា​ស្ថានភាព​ទារក​មិន​ប្រក្រតី និងគ្មាន​អាណព្យាបាល​មក​ថែទាំ​ផង​ អ្នកស្រី ក៏បាន​ស្នើ​សុំគ្រូពេទ្យ​ ដោយ​ធ្វើកិច្ច​សន្យា​ផង សុំ​យក​ទារក​នោះ​មក​ព្យាបាល​បន្ត។

(អ្នកស្រី ឃន សុគា កំពង់មើល​ថែទារក​នៅមន្ទីរពេទ្យ/រូបភាព៖ ប៉ាវ ស៊ីណា)

បើតាម​អ្នកស្រី ឃន សុគា ទារកនោះ​កើត​មិនគ្រប់ខែ និងមាន​ទម្ងន់ត្រឹម​១,៦គីឡូក្រាម ដែល​អ្នកស្រីថា​គ្រូពេទ្យ​តម្រូវ​ឲ្យស្នាក់នៅ​ ព្យាបាលនៅ​មន្ទីរពេទ្យ​រហូត​មាន​សុខភាព​ល្អ​គ្រប់គ្រាន់​ទើប​អនុញ្ញាត​ឲ្យ​ចេញ​ពីមន្ទីរពេទ្យ​បាន។ អ្នកស្រី​បន្តថា​ ក្រុម​គ្រូពេទ្យ​មិន​ទាន់​បញ្ជាក់បាន​ទេថាទារកនេះអាចចេញពីមន្ទីរពេទ្របាននៅពេលណានោះ ដោយថា​ក្រុមគ្រូពេទ្យ​កំពុង​បន្តតាមដាន​សុខភាព​នៅឡើយ។​

អ្នកស្រី​បន្តថា​ដោយ​ទារកនេះមាន​សំណាង​បាន​រួចផុតពីគ្រោះថ្នាក់ដល់ជីវិត អ្នកស្រី និង​ស្វាមីបាន​ដាក់​ឈ្មោះ​ទារកនេះ​ថា សុគន់ សំណាង។ អ្នកស្រី​ឲ្យដឹងដែរថាមាន​អ្នក​ស្នើ​សុំ​យក​ទារកនេះ​ទៅចិញ្ចឹម​ផង​ដែរ ដោយមានទាំងអ្នកនៅក្រៅ​ប្រទេស​ផង តែថាអ្នកស្រីបាន​បដិសេធ។

អ្នកស្រីបញ្ជាក់ថា៖ «មានគេតេមកសុំច្រើនដែរបង មានអ្នកនៅអូស្រ្តាលី គេសុំ​ដែរ គេថា​ឲ្យលុយ​ខ្ញុំ តែខ្ញុំបដិសេធ ខ្ញុំទុកចិញ្ចឹមខ្លួន​ឯង មាន​និស្ស័យ​នឹង​ក្មេងនេះបង ខ្ញុំសបប្បាយ​ចិត្តផង ភ័យ​ផង...ខ្ញុំអត់មានកូនទេ...ឥឡូវស្ថានភាពទារក​បាន​គ្រាន់​ហើយ បានឡើងគីឡូបន្តិចហើយ...​គ្រូពេទ្យ​បានជួយមើល​ដិតដល់»។

ទោះយ៉ាងណាអ្វីដែលអ្នកស្រី​កំពុង​ប្រ​ឈមគឺ​បញ្ហាថវិកា ត្រូវ​ចំណាយ​ប្រចាំ​ថ្ងៃ​ក្នុងការ​ព្យាបាល​ទាំង​លើថ្លៃ​បន្ទប់ និងថ្លៃថ្នាំពេទ្យ។ ​

ប្រធាន​សហភាព​ចល​នាកម្មករ​កម្ពុជា លោក ប៉ាវ ស៊ីណា កាលពី​ម្សិល​មិញ​បានចេញ​មុខ​​អំពាវ​រកជំនួយ​សប្បុរសធម៌​ជួយ​ដល់​អ្នកស្រី ឃន សុគា ដើម្បី​បាន​ថវិកា​ជួយ​ផ្គត់​ផ្គង់​ការ​ចំណាយ​ចាំ​បាច់​ទៅ​លើ​ទារក​នេះ។

ក្រោយ​ពីមាន​ការអំពាវនាវ​នេះ លោកស្រី ឃន សុគា ឲ្យដឹងថា​មានអ្នក​ទូរស័ព្ទ​មក​អ្នកស្រី​ដែរ​​ដោយ​សន្យា​ថា​នឹង​ជួយ​ផ្តល់​ប្រាក់ឧបត្ថម្ភខ្លះៗ​ដល់អ្នកស្រីសម្រាប់ចំណាយ​ផ្សេងៗ​ក្នុង​រយៈពេល​ព្យាបាល​នេះ​៕​​​

អត្ថបទ៖ ទូច សុខា

មតិយោបល់
អត្ថបទថ្មី