• 2018-07-22 04:03:08
  • ការអប់រំ

រឿង​៦យ៉ាង គួរ​ដឹង​ឱ្យ​ហើយ​ទាន់​ខ្លួន​នៅ​ក្មេង ទើប​មិន​ហួស​ពេល

  • 2018-07-22 04:03:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 90

ចន្លោះមិនឃើញ

ជីវិត​អាច​ផ្លាស់​ប្ដូរ​ពី​ល្អ​ទៅ​អាក្រក់ ពី​អាក្រក់​ទៅ​ល្អ ចៀស​មិន​ផុត។ វា​ជា​រឿង​ធម្មតា អ្នក​អាច​បាត់​បង់​ការងារ បាត់​បង់​ផ្ទះ ឬ​អ្នក​រាប់​អាន ប៉ុន្តែ​​មិន​ត្រូវ​បាត់​បង់​តម្លៃ​សម្រាប់​ខ្លួន​ឯង​ឡើយ។ មាន​រឿង​ជា​ច្រើន​ដែល​អ្នក​គ្រប់​គ្នា​គួរ​យល់​ដឹង​ឱ្យ​ហើយ​ ទាន់​ខ្លួន​នៅ​ក្មេង មាន​ពេលវេលា​ច្រើន ដើម្បី​កុំ​ឱ្យ​ហួស​ពេល​នៅ​ពេល​អាយុ​កាន់​តែ​ច្រើន។

១. លុយ​មិន​អាច​ដោះស្រាយ​បញ្ហា​បាន​គ្រប់​យ៉ាង​នោះ​ទេ៖

លុយ​គឺ​ឧបករណ៍​ដោះដូរ​មួយ​ដែល​អាច​ឱ្យ​អ្នក​ទិញ​អ្វី​ដែល​ត្រូវ​បាន​គ្រប់​ពេល ប៉ុន្តែ​មិន​មែន​បាន​ន័យ​​ថា វា​អាច​ដោះ​ស្រាយ​បាន​គ្រប់​យ៉ាង​នោះ​ទេ។ អ្នក​មិន​អាច​ប្រើ​លុយ​ទិញ​ទំនាក់ទំនង​ដែល​ប្រេះស្រាំ​ទៅ​ហើយ​បាន​នោះ​ទេ។ លុយ​ក៏​មិន​បាន​ទៅ​ជួយ​ព្យាបាល​របួស​ក្នុង​ចិត្ត​បាន​ដែរ មិន​អាច​ទិញ​ពេលវេលា សុភមង្គល និង​ការ​ស្រលាញ់​ពិត​ប្រាកដ​បាន​ឡើយ។ ដូច្នេះ​កុំ​ពឹង​ផ្អែក​តែ​លើ​វា​មួយ​មុខ​ពេក ហើយ​កុំ​​ឱ្យ​លុយ​នោះ​ក្លាយ​ជា​អាវុធ​ដើម្បី​សម្លាប់​អ្នក​មិន​ឱ្យ​មើល​អ្វី​ផ្សេង​បាន​ឱ្យ​សោះ។

២. ​ចំណេះ​ដឹង​គ្មាន​ដែន​កំណត់​ឡើយ ហើយ​វា​មាន​ន័យ​លើស​ពី​សញ្ញា​ប័ត្រ​ដែល​អ្នក​មាន​៖

មនុស្ស​ភាគ​ច្រើន​គិត​ថា ការ​កាន់​សញ្ញាប័ត្រ​មួយ​សន្លឹក​ដែល​បញ្ជាក់​ពី​ការ​រៀន​នៅ​សាលា​ដ៏​ល្បី​នៅ​លើ​ពិភពលោក​គឺ​ជា​អ្វី​ដែល​អ្នក​ណា​ក៏​ចង់​បាន អ្នក​ណា​ក៏​សរសើរ ហើយ​វា​ជា​ចុង​បញ្ចប់​នៃ​ពាក្យថា​ "រៀន"។ ប៉ុន្តែ​ការ​ពិត ចំណេះដឹង​មិន​មាន​ដែន​កំណត់​ច្បាស់​លាស់​ឡើយ។ ការ​រៀន​នៅ​សាលា​អាច​បញ្ចប់​បាន តែ​ការ​រៀន​ក្នុង​ជីវិត​ពិត​នឹង​នៅ​បន្ត​រហូត ដរាប​ណា​អ្នក​នៅ​មាន​ជីវិត។

៣. រូបភាព​អ្នក​នៅ​ក្នុង​ភ្នែក​អ្នក​ដទៃ​បែប​ណា មិន​ចាំ​បាច់​ត្រូវ​ខ្វល់​នោះ​ទេ៖

ជាង​២០​ឆ្នាំ​មក​ហើយ ដែល​អ្នក​អាច​រស់​បាន អាច​គិត​គូរ​ពី​ដំណើរ​ជីវិត​បាន ដូច្នេះ​មិន​បាច់​ដេក​ព្រួយ​ថា​ អ្នក​ណា​មក​គិត​អ្នក​ក្នុង​រូបភាព​បែប​ណា ឬ​ឱ្យ​គេ​មក​កំណត់​គោលដៅ​ជីវិត​ឱ្យ​នោះ​ឡើយ។

៤. សុខភាព​​ជា​ទ្រព្យ​សម្បត្តិ​ដែល​មិន​អាច​កាត់​ថ្លៃ​បាន៖

ការ​មាន​លុយ​ គឺ​ជា​ក្ដី​សុខ​មួយ​ដែល​គ្រប់​គ្នា​ចង់​បាន។ ប៉ុន្តែ​សុខភាព​ទៅ​វិញ​ទេ ដែល​គ្រប់​គ្នា​ត្រូវ​ការ​ពិត​ប្រាកដ។ កាល​ណា​មាន​សុខភាព អ្នក​អាច​មាន​កម្លាំង​ធ្វើ​អ្វី​គ្រប់​យ៉ាង រួម​ទាំង​ការ​រក​លុយ ព្រោះ​ជំងឺ​ខ្លះ​អាច​បាន​ត្រឹម​តែ​ប្រើ​លុយ​ព្យាបាល​ឱ្យ​ធូរ​ស្បើយ តែ​មិន​អាច​ជា​សះស្បើយ​​ទេ។

​៥. អ្នក​មិន​អាច​ផ្គាប់​ចិត្ត​មនុស្ស​គ្រប់​គ្នា​បាន​ឡើយ៖

តារា​កំប្លែង​អាមេរិក​ Bill Cosby ធ្លាប់​សរសេរ​ថា "ខ្ញុំ​មិន​ដឹង​ពី​វិធី​ធ្វើ​យ៉ាង​ណា​ឱ្យ​ជោគជ័យ​នោះ​ទេ តែ​ខ្ញុំ​ដឹង​ថា បរាជ័យ​ដ៏​ធំ​មួយ​របស់​មនុស្ស​គឺ​ការ​ព្យាយាម​ផ្គាប់​ចិត្ត​អ្នក​ដទៃ"។ មែន​ហើយ ជីវិត​យើង​ម្នាក់ៗ​មិន​ចាំបាច់​ទាល់​តែ​ឱ្យ​គេ​មក​ចូលចិត្ត ឬ​ស្រលាញ់​យើង​គ្រប់​គ្នា​នោះ​ទេ។ មនុស្ស​មាន​ការ​គិត​រៀង​ៗ​ខ្លួន ដូច្នេះ​គ្រាន់​តែ​ច្បាស់​ខ្លួន​ឯង​ថា យើង​ចង់​ធ្វើ​អ្វី ចង់​ដើរ​ផ្លូវ​ណា​​ ហើយ​វា​មិន​ប៉ះពាល់​ផល​ប្រយោជន៍​អ្នក​ដទៃ​ទៅ​បាន​ហើយ។ ចង់​អ្នក​ណា​ចូលចិត្ត ឬ​មិន​ចូល​ចិត្ត​ក៏​ជា​រឿង​របស់​គេ​ទៅ។

៦. អ្នក​ផ្សេង​មិន​អាច​មាន​អ្វី​ដែល​យើង​មាន​ឡើយ៖

​អ្នក​ណា​ក៏​មាន​ចំណុច​ពិសេស​រៀង​ៗ​ខ្លួន។ គេ​មាន​របស់​ដែល​យើង​គ្មាន ឯ​យើង​ក៏​មាន​របស់​ដែល​គេ​មិន​អាច​មាន​ដូច​គ្នា។ ដូច្នេះ​កុំ​ចាំបាច់​យក​ខ្លួន​ទៅ​ប្រៀបធៀប ហើយ​កើត​ទុក្ខ​នឹង​រឿង​គេ​ធ្វើ​អី សំខាន់​ធ្វើ​ឱ្យ​ខ្លួន​យើង​ពេញ​ចិត្ត​អ្វី​ដែល​កំពុង​មាន​ពេល​នេះ​សិន​ទៅ​បាន​ហើយ៕

ប្រភព៖ Kanha អត្ថបទ៖ សរ សុគន្ធី

មតិយោបល់