• 2018-08-17 12:01:00
  • ការអប់រំ

(រឿង​ល្អ​សើច) គេច​ពី​ដើម​ទ្រូង មក​ក្បាល​ពោះ អស់​ម៉ូតូ​មួយ​គ្រឿង​ហើយ​ម៉ែ​អាខ្នុយអើយ!

  • 2018-08-17 12:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សួស្ដី​ជា​ថ្មី​ប្រិយមិត្ត​របស់​ទំព័រ "នឹក​ឡើង​ហួស​ចិត្ត" ទំព័រ​ចែក​រំលែក​បទ​ពិសោធន៍​គួរ​ឲ្យ​ចង់​សើច​ផ្ទាល់​ខ្លួន។ នៅ​សប្ដាហ៍​មាន​បទ​ពិសោធន៍​ពូ​ម្នាក់ មក​ចែក​ជូន​ប្រិយមិត្ត​នៅ​ថ្ងៃ​ចុង​សប្ដាហ៍​នេះ​ដូច​ខាង​ក្រោម ចែក​រំលែក​ដោយ​លោក រ៉ាវី។

បាទ ខ្ញុំ​ឈ្មោះ​រ៉ាវី ជា​អ្នក​ភ្នំពេញ​យើង​នេះ​ទេ...នៅ​ពេល​នេះ​ខ្ញុំ​មាន​រឿង​មួយ ដែល​នោះ​មិន​មែន​ជា​រឿង​របស់​ខ្ញុំ​ទេ ប៉ុន្តែ​សាច់​រឿង​របស់​ពូ​ម្នាក់​ដែល​នៅ​ជាប់​របង​ផ្ទះ​ខ្ញុំ...ដូច្នេះ​ហើយ ខ្ញុំ​សុំ​មិន​បញ្ចេញ​ឈ្មោះ​គាត់ ព្រោះ​លួច​យក​រឿង​របស់​គាត់​មក​និយាយ ខិខិខិ!

រូប​តំណាង

តែ​ខ្ញុំ​ដាក់​ឈ្មោះ​ឲ្យ​គាត់​ថា "ពូ​សៀង" ទៅ​ចុះ ស្រួល​និយាយ​រៀបរាប់។ រឿង​នេះ កើត​ឡើង​យូរ​ហើយ ដូច​អំឡុង​ឆ្នាំ ២០១០ អី​ហ្នឹង។ពូ​សៀង គឺ​ជា​មនុស្ស​ម្នាក់ មើល​ទៅ​ដូច​ស្ទើរ​គ្រប់ ស្ទើរ​លើស​ម៉េច​មិន​ដឹង​ទេ ការ​និយាយ​ស្ដី​របស់​គាត់​ពេល​ខ្លះ​ចង់​តែ​សើច...ប៉ុន្តែ​គាត់​ជា​មនុស្ស​ល្អ អ្នក​ជិត​ខាង​ចូល​ចិត្ត ដោយ​សារ​គាត់​ជា​មនុស្ស​ទៀងត្រង់ និង​ស្លូត។ ឯ​ភរិយា​របស់​គាត់ ជា​មនុស្ស​មាត់​លឺ​ៗ អាច​និយាយ​ថា​កាច​ដែរ។

ឈ្លោះ​គ្នា​ម្ដង​ៗ ពូ​សៀង​មិន​ដែល​ហ៊ាន​តតាំង​ទេ ប៉ុន្តែ​ឲ្យ​តែ​គាត់​និយាយ គ្រប់​គ្នា​ចង់​តែ​ផ្ទុះ​សំណើច​តែ​ម្ដង។និយាយ​ពី​អាជីព​វិញ គាត់​មាន​មុខ​របរ​ជា​ប៉ូលីស យាម​នៅ​អង្គការ​មួយ​កន្លែង។ ដើម​ឡើយ គឺ​គាត់​មាន​ម៉ូតូ​សង់​កូរ៉េ​កញ្ចាស់​មួយ សម្រាប់​ប្រើ​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​ទៅ​ធ្វើ​ការ។ ប៉ុន្តែ​ក្រោយ​មក ភរិយា​របស់​គាត់ បាន​ប្ដូរ​ម៉ូតូ​ថ្មី​ឲ្យ​ម៉ាក គប់​អាគុយ​ស្ងួត​ថ្មី​ចែស។

តាំង​ពី​បាន​ម៉ូតូ​ថ្មី​មក ថ្ងៃ​ណា​ក៏​ពូសៀង តឺនុយ​ស្អាត​ភ្លឹង​ដែរ។ ជិះ​មិនបាន​ប៉ុន្មាន​ថ្ងៃ​ផង ថ្ងៃ​មួយ រឿង​ក៏​បាន​កើត​ឡើង...ពូ​សៀង ត្រូវ​មិត្តភក្ដិ​គាត់​ដឹក​មក​វិញ​ក្នុង​អាការ​ដូច​ទន់​ខ្លួន ឯ​ម៉ូតូ​មិន​ដឹង​នៅ​ឯណា។ ឃើញ​សភាព​បែប​នេះ ប្រពន្ធ​គាត់ ក៏​ជជីក​សួរ ឪ​អា​ក្នុយ(ខ្ញុំ​ដាក់​ឲ្យ) មាន​រឿង​អី ហើយ​ឯណា​ម៉ូតូ? ពូ​សៀង​នៅ​ស្ងៀម ឯ​ប្រពន្ធ​សំឡឹង​មើល​ទៅ​មុខ​មិត្តភ័ក្ដិ​គាត់​ដែល​ដឹក​មក។

“គេ​យក​បាត់​ហើយ...ណ្ហើយ​និយាយ​គ្នា​តាម​សម្រួល​ទៅ​អ្នក​អើយ ខ្ញុំ​លា​ហើយ!”។ មិត្តភ័ក្ដិ​ឆ្លើយ​មុន​សំណួរ ហើយ​ក៏​ចាក​ចេញ​ទៅ​វិញ។ មក​ដល់​ពូ​សៀង​វិញ ហាក់​ចង់​យំ​តិច ចង់​សើច​តិច​មិន​ដឹង ខណៈ​ប្រពន្ធ​នៅ​តែ​សម្លុត​សួរ។ "តើ​មាន​រឿង​អី​ឲ្យ​ប្រាកដ ឪអាខ្នុយ...មើល​និយាយ​មើល៍ អាណា​យក...”។ "ស្រី...!” ពូ​សៀង​ឆ្លើយ...។

រូប​តំណាង

"ស្អី​គេ...ស្រី....​អញ​ទិញ​ម៉ូតូ​ឲ្យ​ជិះ​ទៅ​ធ្វើ​ការ ម៉េច​ឯង​យក​ទៅ​ដឹក​ស្រី​មែន អា​សៀង...អា...អា...”។ ប្រពន្ធ​គាត់​ខឹង និង​ជេរ​ពូ​សៀង​មិន​ដាក់​មាត់...ដោយ​អំណាច​នៃ​ការ​ស្ដាយ​របស់​ទ្រព្យ។ ពេល​ប្រពន្ធ​គាត់​កំពុង​តែ​ក្ដៅ​ខ្លាំង ជះ​កំហឹង​មក​លើ​គាត់ ពូសៀង​បន្លឺ​កាត់ "អញ​ខំ​ប្រយ័ត្ន​ដែរ​ហ្នឹង...!”។ "បើ​ប្រយ័ត្ន​ម៉េច​ក៏​បាត់...អា...(គាត់​ជេរ​ពាក្យ​អសុរោះ)”។

“អញ​ដឹង​ដែរ​កន្លែង​ហ្នឹង(ដោះ) វា​អាច​មាន​ថ្នាំ ខំ​មក​ថើម​ក្បាល​ពោះ​វា...បែក​ពពុះ​មាត់​អាដែល" ពូ​សៀល បែប​ហី...ខ្ញុំ​នៅ​ក្នុង​ផ្ទះ​ឯណេះ សើច​ចង់​ងាប់ និយាយ​មែន​បើ​កាល​ណោះ ខ្ញុំ​មាន​ទូរសព្ទ អាច​ថត​បាន​សំឡេង និង​សកម្មភាព​គាត់​មក​ឲ្យ​មើល ម្នាក់​ៗ​សើច​ងាប់​ហ្មង!!!។

ប្រពន្ធ​គាត់ រឹត​តែ​ខឹង​ខ្លាំង...តែ​ពូសៀង​តែ​ប៉ុណ្ណឹង...និយាយ​មួយ​ម៉ាត់ៗ ធម្មតា​ៗចឹង។ ផ្អាក​រឿង​គាត់ ព្រោះ​ប្រពន្ធ​គាត់​ខឹង​ខ្លាំង​មែន...!

ក្រោយ​មាន​រឿង រំលង​បាន​ប៉ុន្មាន​ថ្ងៃ គាត់​បាន​មក​អង្គុយ​លេង​ជាមួយ​ប៉ា​ខ្ញុំ ហើយ​ប៉ា​ខ្ញុំ​បាន​ជជីក​សួរ។ គាត់​បាន​ប្រាប់​ថា គាត់​បាន​ទាក់​ទង​អ្នក​លក់​សាំង​ដប​ម្នាក់​នៅ​ក្បែរ​កន្លែង​ធ្វើ​ការ​គាត់...ហើយ​ក៏​ត្រូវ​រ៉ូវ​គ្នា​ទៅ​រក​កន្លែង​សុខ​ទៅ។ គាត់​ថា​កាល​ណោះ ទៅ​ម្ដុំ​មាត់​ទន្លេ​ស្ងាត់​ៗតែ​ពីរ​នាក់ ខាង​កើត​ណាហ្គា​រាល់​ថ្ងៃ​ហ្នឹង!

“ខ្ញុំ​ដឹង​ដែរ​ហ្នឹង​ល្បង អត់​ហ៊ាន​ប៉ះពាល់​​អា​ខាង​លើ​ហ្នឹង​ទេ ខ្លាច​ថ្នាំ...អាណាដឹង​​វា​មក​ដាក់​​នៅ​ក្បាល​ពោះ​ទៀត...មីប៉ាកាច់...!!!”។

សូម​ចប់​រឿង ពូសៀង ត្រឹម​នេះ សុំ​ទោស​បើ​ពាក្យ​ខ្លះ​មិន​សម​រម្យ​បង​ប្អូន!

បង​ប្អូន​មាន​អនុស្សាវរីយ៍​ហួស​ចិត្ត សើច​សប្បាយ ចង់​ចែក​រំលែក​ សូម​ទាក់​ទង​លេខ ០១០ ៥៥៥ ៦៩៥ ឬ​ផ្ញើ​សារ​ជា​សំឡេង​មក​ប្រអប់​សារ​នៃទំព័រ​ នឹក​ឡើង​ហួស​ចិត្ត ក៏​បាន!!!

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម