• 2018-09-20 08:55:21
  • ការអប់រំ

កុំឲ្យម៉េមម៉ាម! រឿងសំខាន់ៗបំផុត៧យ៉ាង ត្រូវដឹង ពេលឡើងមករៀននៅភ្នំពេញ

  • 2018-09-20 08:55:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​១​ឆ្នាំ​ៗ មាន​សិស្ស​រាប់​ពាន់​នាក់​មក​ពី​តាម​បណ្ដា​ខេត្ត​នានា សម្រុក​មក​​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ ​ក្នុង​ការ​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ។ ក្នុង​ន័យ​ជួយ​សម្រួល​និស្សិត​មក​ពី​បណ្ដា​ខេត្ត​ទាំង​អស់ ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​សំខាន់ៗ Sabay សូម​លើក​យក​នូវ​រឿង​ ៦យ៉ាង ដែល​ជា​ព័ត៌មាន​ចាំបាច់​បំផុត​មុន​ឡើង​មក​រាជធានី​ភ្នំពេញ ដូច​ខាង​ក្រោម​នេះ៖

រូបតំណាង

១. កន្លែង​ស្នាក់​នៅ

ជា​ទូទៅ​សិស្ស​ដែល​មក​ពី​តាម​បណ្ដា​ខេត្ត​ភាគ​ច្រើន ត្រូវ​ស្នាក់​នៅ​បន្ទប់​ជួល​ ដើម្បី​បន្ត​ការ​សិក្សា​។ ថ្ងៃ​នេះ​ Sabay សូម​ណែនាំ​តំបន់​សម្បូរ​ផ្ទះ​ជួល​ និង​តម្លៃ​សមរម្យ​សម្រាប់​និស្សិត​ដូច​ខាង​ក្រោម៖

  • តំបន់​ស្ទឹង​មាន​ជ័យ ក្នុង​មួយ​បន្ទប់​ចន្លោះ​ពី ៥០ទៅ​៦០​ដុល្លារ អា​ស្រ័យ​ជាន់​លើ​ឫ​ជាន់​ក្រោម តំបន់​ពេទ្យ​រុស្សី​ និស្សិត​មក​ពី​ខេត្ត​ភាគ​ច្រើន​ពេញ​និយម​ស្នាក់​នៅ​តំបន់​នោះ ដោយសារ​តម្លៃ​សម​រម្យ​ចន្លោះ​ពី ៤០ ទៅ ៦០​ដុល្លារ

  • តំបន់​ចាក់​អង្រែ​ក្រោម តម្លៃ​ចន្លោះ​ពី ៤០​ទៅ ៦០​ដុល្លារ

  • តំបន់​សំណង់​១២ តម្លៃ​ចន្លោះ​ពី ៤០ ទៅ​៧០​ដុល្លារ

  • តំបន់​ស្រះចក តម្លៃ​ចន្លោះ​ពី​៦០ ទៅ​៨០​ដុល្លារ

  • តំបន់​ក្រោយ​សាលា​វ៉ាន់ដា តម្លៃ​ចន្លោះ​ពី​ ៥០ទៅ ៧០​ដុល្លារ។ល។

២. កន្លែង​សិក្សា​ស្រាវជ្រាវ​ពេញ​និយម​សម្រាប់​និស្សិត

បណ្ណាល័យ​ល្បីៗ​មួយចំនួន​​ ដែលនិស្សិត​អាច​សិក្សា​ស្រាវ​ជ្រាវ​ដោយ​មិន​គិត​ថ្លៃ​មាន​ដូច​ជា៖

  • បណ្ណាល័យ​ជាតិ ទល់​មុខ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង មាន​ផ្ទុក​ឯកសារ​សំខាន់​ៗ​រាប់​ម៉ឺន​ក្បាល និស្សិត​អាច​ចូល​ស្រាវ​ជ្រាវ​បាន ប្រសិន​បើ​ចង់​ខ្ចី​ត្រូវ​ធ្វើ​កាត​សមាជិក​សិន

  • បណ្ណាល័យ​អាលីយ៉ង់ ហ្រ្វង់សេ មាន​សៀវភៅ​គ្រប់ប្រភេទ ទាំង​ភាសា​ជាតិ ភាសាបារាំង អង់គ្លេស ជា​ពិសេស​កន្លែង​អង្គុយ​បំពាក់​ដោយ​ម៉ាស៊ីន​ត្រជាក់​មាន​ផាសុកភាព។ ប្រសិន​បើ​និស្សិត​ចង់​ខ្ចី​សៀវភៅ​ត្រូវ​កាត​សមាជិក។

  • បណ្ណាល័យ​សម្ដេច​ហ៊ុន សែន ក្នុង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ជិត CKCC

  • បណ្ណាល័យ​សម្ដេច​ហ៊ុន សែន ក្នុង​វិទ្យាល័យ​បឹង​ត្របែក។ល។

៣. សួន​ច្បារ​ធំៗ​និស្សិត​អាច​សម្រាក​លម្ហែ​កាយ និង​សិក្សា​បាន

  • សួន​ច្បារ​មុខ​វត្តបទុមវតី

សួន​ច្បារ​វិមាន​ឯករាជ្យ( មាន Free Wifi)

  • សួនច្បារ​ម្ដុំ​ក្ដាន់​ពីរ

  • សួន​ច្បារ​មុខ​ព្រះមរមរាជវាំង (មាន Free Wifi)

  • សួន​ច្បារ និង​ទី​ធ្លា​ក្នុង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។ល។

៤. កន្លែង​លក់អាហារឆ្ងាញ់ៗ និងតម្លៃថោក

Sabay សូមនាំទៅ​ស្គាល់​កន្លែង​ញ៉ាំ​អី​ឆ្ងាញ់ៗ ទោះ​បី​មិន​មែន​អាហារ​ក្នុង​ហាង​ទំនើប​មែន​តែ​រសជាតិ​ឆ្ងាញ់​មិន​ណយ​ដែរ មិន​ត្រឹម​ប៉ុណ្ណោះ​តម្លៃ​ធូរ អស់​តែ​ត្រឹម​២​ម៉ឺន​ហូប​តឹង​ពោះ​ង៉ាង​បាត់។

  • នៅ​ក្នុង​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក៖ មានលក់ប្រហិត​ចៀន សាច់គោ​អាំង បុក​ល្ហុង បាយ​ឆា មី​ឆា ដាក់​លក់​តម្រៀប​ហូរហែ

  • នៅ​សួន​មុខ​​វត្តបទុមវតី៖ កន្លែង​នេះ​វិញ​កាន់​តែ​សម្បូរ​បែប​ថែម​ទៀត​មាន​លក់​អាហារ​សឹង​គ្រប់​ប្រភេទ​ដូចជា៖ សាច់​ស្ងោ​ដោត​ចង្កាក់ ប្រហិត បាយ​ឆា មីឆា គុយ​ទាវ គ្រឿង​សមុទ្រ បបរ​មាន់ បាញ់​ឆែវ សាច់​ក្រក​អាំង សាច់គោ​អាំង​។ល។

  • នៅ​តាម​បណ្ដោយ​សួន​ច្បារ​វិមានឯករាជ្យ​ជិត​ក្រសួង​បរិស្ថាន​ចាស់៖ អាហារ​គួរ​ឱ្យ​ចង់​ញ៉ាំ​ទាំង​អស់​ដូចជា ប្រហិត​ស្ងោ ប្រហិត​ចៀន បបរមាន់ បាយ​ឆា​មីឆា បុកល្ហុង​ល។

  • សាច់​ចង្កាក់​ក្ដៅៗ​ហុយៗ​នៅ​ផ្សារ​តាប៉ាង៖ សាច់​ចង្កាក់​ក្ដៅ​ៗ​យក​ស្រង់​ចេញ​ពី​ឆ្នាំង​ភ្លាមៗ យក​ទៅ​ជ្រលក់​ជាមួយ​ទឹក​សៀង និយាយ​ពី​ថា ឆ្ងាញ់​អត់​ចង់​លេប​តែ​ម្ដង។ ​ចំពោះ​តម្លៃ​វិញ​ធូរ​ថ្លៃ​បំផុត ១​ចង្កាក់​ត្រឹម​តែ​ ១ ៥០០​រៀល​ប៉ុណ្ណោះ។

៥. ត្រូវ​ប្រុង​ប្រយ័ត្ន​ដំណឹង​អាហារូបករណ៍​ក្លែង​ក្លាយ​

សុខ​ សោភ័ណ ​សិស្ស​ពី​ខេត្ត​បាត់ដំបង​ឡើង​មក​ភ្នំពេញ ចាញ់​បោក​គេ​ដោយ​សារ​តែ​បំពេញ​ពាក្យ​ផ្ដេសផ្ដាស​តាម​ផ្លូវ​។​​ យុវតី​នេះ​ឲ្យ​ដឹង​ថា៖ ​"ដំបូង​គេ​ចែក​ក្រដាស​តូច​មួយ​ឲ្យ​ខ្ញុំ​បំពេញ​លេខ​ទូរសព្ទ​ និង​ឈ្មោះ​ដោយ​ប្រាប់​ថា​បំពេញ​ទៅ​​នឹង​មាន​ឱកាស​ទទួល​អាហារូបករណ៍​រៀន​ភាសា​អង់គ្លេស​អត់​អស់​លុយ។ ​រំលង​ប្រហែល​២អាទិត្យ​ មាន​គេ​ខល​ប្រាប់​ឲ្យ​ខ្ញុំ​​ទៅ​ប្រឡង​ម្ដុំ​សាលា​បាក់​ទូក​ ​និង​ជាប់​អាហារូបករណ៍១០០%​​​ ភ្លាមៗ​ តែ​​គេ​បែរ​ជា​ឲ្យ​ខ្ញុំ​​ត្រូវ​បង់​លុយ​អស់​១០ដុល្លារ ​ដើម្បី​បាន​វិញ្ញាបនបត្រ ​និង​បង់​១០០ដុល្លារថ្លៃ​រដ្ឋបាល​ រៀន​បន្ត​។ ​ពេលនោះ​​ខ្ញុំ​សម្រេច​មិន​រៀន ហើយ​ឲ្យ​គេ​អស់​១០ដុល្លារ​ថ្លៃ​​វិញ្ញាបនបត្រ​ហ្នឹង​ទៅ​...​ក្រោយ​មក​ខ្ញុំ​យក​រឿង​នេះ​​ទៅ​ប្រាប់​មិត្ត​ភក្ដិ​នៅ​សាលា​ គេ​ថា​ខ្ញុំ​ចាញ់​បោក​គេ​ហើយ"។

៦. ត្រូវ​ប្រុង​ប្រយ័ត្ន​ការងារ​តាម​បណ្ដាញ​គ្មាន​ប្រភព​ច្បាស់លាស់

​ដោយឡែក​យុវជន​ ឧត្តម​ និសិ្សត​មក​ពី​ខេត្ត​ស្វាយរៀង​ ត្រូវ​បាន​មិត្ត​ភក្តិ​ជិតស្និទ្ធ​បោក​ប្រាស់​អស់​១០០ដុល្លារ ដោយសារ​ចង់បាន​ការងារ​នៅ​ភ្នំពេញ​ផង បាន​រៀន​ផង។ ​ឧត្តម​ ប្រាប់​ថា៖ "កាល​ណោះ​ខ្ញុំ​រៀន​មិន​ទាន់​ចប់​ថ្នាក់ទី១២ទេ ​ខ្ញុំ​សុំ​ម៉ែ​ ១០០ដុល្លារ តាម​មិត្តសម្លាញ់​មក​ភ្នំពេញ​ម្ដុំ​ផ្សារ​សំណង់​១២​ ខ្ញុំ​អាច​រៀន​និង​ធ្វើការ​ផង​​ ដល់​ពេល​​រៀន​អស់​ពេល​ ១អាទិត្យ​ ​គ្មាន​បាន​ស្អី​ទេ​ ហើយ​ថែម​ទាំង​​ឲ្យ​ខ្ញុំ​ទៅ​ដើរ​រក​សិស្ស​ពី​ខេត្ត​មក​រៀន​ទៀត ដោយ​គេ​គិត​​ភាគរយ​ឲ្យ​ពីលើ​ បើ​រក​មិន​បាន​គឺ​អត់​"។ ​គ្មាន​ជម្រើស​ ឧត្តម​ ត្រូវត្រឡប់​ទៅស្រុក​វិញ​ទាំង​ឈឺចាប់ ព្រោះ​មិត្ត​បោកប្រាស់​ និង​លែង​និយាយ​រក​គ្នា​ដល់​សព្វថ្ងៃ​។​

ងាក​ទៅ យុវជន​ ចាន់​ធឿន​ មក​ខេត្ត​កំពង់​ស្ពឺ​វិញ រៀប​រាប់​ហាក់​ហួស​ចិត្ត​ មិន​នឹក​ស្មាន​ថា​​ត្រូវ​មិត្ត​ភក្ដិ​​បោក​អស់១០ដុល្លារ​ ព្រោះ​ចង់​បាន​ការងារ​ប្រាក់​ខែ​ខ្ពស់​​។ យុវជន ប្រាប់ថា​៖ " កាល​នោះ​ ហេតុ​តែ​ចង់​បាន​ការងារ​ខ្លាំង​ មាន​មិត្ត​ភក្ដិ​ប្រាប់​ថា​មាន​ក្រុមហ៊ុន​ត្រូវ​ការ​បុគ្គលិក​ ដោយ​គ្រាន់តែ​ចូល​រួម​ស្ដាប់​សិក្ខាសាលា​លក់​ផលិតផល​ហើយ​ត្រូវ​ចំណាយ​លុយ​អស់​ ១០​ដុល្លារ បាន​ការងារ​ហើយ។​​ នៅ​សិក្ខាសាលា​នោះ ​គេ​បង្វឹក​ឲ្យ​ខ្ញុំ​ចេះ​និយាយ​បញ្ចុះ​បញ្ចូល​ និង​ដើរ​លក់​ផលិតផល​​​ ហើយ​គេ​ឲ្យ​ចំណេញ​បន្ថែម​ជា​ភាគរយ​ ប្រសិន​បើ​លក់​ផលិតផល​ដាច់​"។ ​ខ្ញុំ​ចាប់​ផ្ដើម​សង្កេត​ ទី១. ​គេ​ប្រាប់​ថា​ ខ្ញុំ​នឹង​ក្លាយ​ជា​​សេដ្ឋី ​២. ធ្វើ​ការ​ដើរ​លេង​ក្រៅ​ប្រទេស ៣. អាកប្បកិរិយា និង​សំលៀក​បំពាក់​​អ្នក​បង្វឹក​មិន​សមរម្យ ជាដើម។ ទាំង​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​ដឹង​​ច្បាស់​​ថា​គេ​បោក ព្រោះ​​​គ្មាន​ការងារ​ណា​ធ្វើ​​ស្រួល​ៗ​បែប​នេះ​ឡើយ​។

៧. សិក្ខាសាលា​បោកប្រាស់​

​ស្រី​ចាន់​ និស្សិត​ពី​មក​ពី​តា​ខ្មៅ​ ​ក៏​ជួប​រឿង​ចាញ់​បោក​នោះ​ដែរ​ ព្រោះ​ជឿ​ខិត​ប័ណ្ណ​សាលាមួយ​​​​ផ្ដល់​ការងារ និង​ប្រាក់ខែ​ខ្ពស់។ គ្រានោះ​រៀន​ឆ្នាំ​ទី១ ខ្លួន​ និង​មិត្ត​នាំ​គ្នា​ចំណាយ​អស់​ ១២ដុល្លារ/ម្នាក់ ​ទៅ​ចូលរួម​សិក្ខាសាលា​របស់​សាលា​មួយ​នៅ​ម្ដុំ​លូ​បឹង​ត្របែក​។ អ្វី​ដែល​គួរ​ឲ្យ​​​ចាប់​អារម្មណ៍​នោះ​គឺ​ចូលរួម​ ហើយ​​ឱកាស​ជាប់​ការងារ និង​ញ៉ាំ​អាហារ​បូហ្វេ​​ទៀត​ផង។​ ប៉ុន្តែ​នៅ​ថ្ងៃទី១​ ​ស្រី​ចាន់​​​ចាប់​​អារម្មណ៍​វាគ្មិន​ដែល​ឡើង​អត្ថាធិប្បាយ​នោះ​ ​គឺ​ជា​សិស្ស​ដូច​មិន​ទាន់​រៀន​ចប់​វិទ្យាល័យ​ ជាមួយ​កាយវិការ​មិន​សមរម្យ​គួរ​ឲ្យ​ង៉ើង​ឆ្ងល់​ និង​អាហារ​ញ៉ាំ​គឺ​បាយ​សាច់​ជ្រូក​១ប្រអប់ និង​ទឹកក្រូច​១​កំប៉ុង ពោល​ខុស​ទាំង​ស្រុង​ពី​អ្វី​បាន​ផ្សព្វផ្សាយ​។ ​រួច​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក ​ស្រីចាន់​បដិសេធ​លែង​ទៅ​ចូលរួម​ បើ​ទោះ​បី​គេ​ប្រាប់​ខ្លួន​បាន​ជាប់​ការងារ​នៅ​ទីនោះ​ក៏ដោយ​។​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សរុប​ទៅ​ទាំង​នេះ​ជា​មេរៀន​​របស់​រៀមច្បង​ខាង​លើ​ ចែក​រំលែក​ដល់​​ ប្អូនៗ​ទើប​ជាប់ ​ឬ​មិន​ទាន់​ជាប់​បាក់ឌុប​ក្ដី​​គួរ​ប្រុង​ប្រយ័ត្ន​​ពី​​ល្បិច​របស់​ជន​ខិល​ខូច​ទាំង​នោះ​​។ យ៉ាងណា​មិញ​ដើម្បី​បញ្ចៀស​ពី​ស្នៀត​បោកប្រាស់​នានា ​ប្រិយ​មិត្ត​​អាច​ចូលរួម​ជា​បទពិសោធន៍​ចាញ់​បោក​ណា​មួយ​ សូម​ផ្ញើ​សារ​មក​កាន់​ Sabay News Social នេះ​បាន៕

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ

មតិយោបល់